Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឆាយ ថន បានស្នើ​ដល់​សហរដ្ឋអាមេរិក ជួយ​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ ពង្រឹង និង​កសាង​សមត្ថភាព ធនធានមនុស្ស​របស់​កម្ពុជា​

spot_img

​ភ្នំពេញ​៖ សម​ភាគី​ទាំងពីរ​(​កម្ពុជា​និង​អាមេរិក​) បាន​ប្តេជ្ញា​រួមគ្នា បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងផែនការ ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID) រួម​នឹង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួនទៀត​រួមមាន UNFPA, UNICEF ផងដែរ ជាពិសេស​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បានស្នើ​ដល់​សហរដ្ឋអាមេរិក ជួយ​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ ពង្រឹង និង​កសាង​សមត្ថភាព​ធនធានមនុស្ស​របស់​កម្ពុជា​។​

​នា​រសៀល​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០​នេះ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បានទទួល​ជួប​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ដើម្បី​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ។​

​ក្នុងជំនួប​ការសម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នេះដែរ លោក ឆាយ ថន បាន​ថ្លែង​នូវ​អំណរ​អរគុណ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ដែល​បាន​ជួយ​ផ្តល់ជំនួយ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​នូវ​សមិទ្ធិផល​ធំៗ​ជាច្រើន មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់​៧%​ក្នុង​មួយឆ្នាំៗ ជាពិសេស​បាន​ជួយ​គាំទ្រ​ដល់​ក្រសួងផែនការ តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID) រួម​នឹង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួនទៀត មានដូចជា UNFPA, UNICEF គាំទ្រ​លើ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​(CDHS) ដែលមាន​ចាប់តាំងពី​ឆ្នាំ​២០០០​មកម្ល៉េះ និង អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម ឆ្នាំ​២០១៩ ហើយ​តាមរយៈ​អង្គការ​UNDP ក៏បាន​ជួយ​ដល់​ក្រសួងផែនការ ក្នុង​ការរៀបចំ​ក្របខ័ណ្ឌ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​(CSDGs) ២០១៩-២០៣០ ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​(NSDP) ២០១៩-២០២៣ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ដ​ទៃ​ផ្សេងទៀត​ផងដែរ​។​

​លោក W. Patrick Murphy បាន​មានប្រសាសន៍ថា សូម​សម្តែង​នូវ​ការចូលរួម​សម្តែង​នូវ​សមាន​ទុក្ខ និង​សោកស្តាយ​ជាទីបំផុត​ជាមួយ​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ហេតុការណ៍​បាក់​រលំ​អគារ​នាពេល​ថ្មីៗ​នេះ​នៅ​ខេត្ត​កែប​។ លោក​បាន​បន្តថា លោក​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​តាមរ​យៈ​ព័ត៌មាន​ថ្មីៗ ហើយ​លោក​បានដឹងថា នាពេល​ខាងមុខនេះ ប្រជាជន​កម្ពុជា​នឹង​រៀបចំ​ពិធី​អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មករា និង​បាន​មើលឃើញ​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​របស់​កម្ពុជា ព្រមទាំង​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​សម្រេច​ឱ្យបាន​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​(CSDGs) ២០១៩-២០៣០ លោក​សូម​សម្តែង​នូវ​ការសប្បាយរីករាយ លោក​សូម​គាំទ្រ និង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្នុងជំនួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលមាន​ការតាំង​ចិត្ត ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​សម្រេច​ឱ្យបាន​ក្របខ័ណ្ឌ គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​(CSDG) មាន​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​

​លោក W. Patrick Murphy បាន​បន្ថែមថា ក្នុងជំនួប​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី យើង​បាន​មើលឃើញ​ពី​បញ្ហា​ប្រឈម​នានា ដែល​សហរដ្ឋអាមេរិក​ពិបាក​ក្នុង​ការជួយ ប៉ុន្តែ​យើង​(​សហរដ្ឋអាមេរិក និង​កម្ពុជា​) នឹង​រួមគ្នា​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​ទាំងនោះ​ជាមួយគ្នា​ឱ្យបាន​។ សហរដ្ឋអាមេរិក បានផ្តល់​ជំនួយ​ប្រមាណ​១០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​កិច្ចសហប្រតិបត្តិការ​រឹងមាំ តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​នានា ហើយ​ដែល​នឹងត្រូវ​បាន​អនុ​វ​ម័ត និង​ចុះ MOU ជាមួយគ្នា ហើយ​យើង​ក៏មាន​វិស័យ​ឯកជន សម្រាប់​ជួយ​ដល់​កម្ពុជា​ផងដែរ​។​

​ក្នុងជំនួប​នេះ លោក W. Patrick Murphy ក៏បាន​មាន​ចម្ងល់​ពាក់ព័ន្ធ​នឹង​ការងារ​ជំរឿន​ទូទៅ​ប្រជាជន នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ តើ​មានដំណើរ​ការ​ដល់​ណា​? និង​ពាក់ព័ន្ធ​នឹង​ការអនុវត្ត ការតាមដាន ត្រួតពិនិត្យ វាយតម្លៃ​នៃ​ការអនុវត្ត​ក្របខណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​(CSDG) ឆ្នាំ​២០១៩-២០៣០ តើ​ក្រសួងផែនការ មាន​តម្រូវការ​លើ​អ្វីខ្លះ​ពី​សហរដ្ឋអាមេរិក​តាម​រយៈ​អង្គការ​UNDP?

​ជាការ​ឆ្លើយតប លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​មានប្រសាសន៍ថា ការងារ​ជំរឿន​ទូទៅ​ប្រជាជន នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ យើង​បាន​ដំណើរការ​ជិត​សព្វគ្រប់​ហើយ ដោយ​យើង​បានធ្វើ​ការប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​បណ្តោះអាសន្ន​កាលពី​ខែសីហា ឆ្នាំ​២០១៩ ហើយនឹង​គ្រោង​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នា​ខែកក្កដា ឆ្នាំ​២០២០​នេះ ហើយ​សម្រាប់​ការអនុវត្ត ការតាមដាន ត្រួតពិនិត្យ វាយតម្លៃ​នៃ​ការអនុវត្ត​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​(CSDGs) ឆ្នាំ​២០១៩-២០៣០ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត មានការ​ត្រេកអរ និង​ស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ UNDP ដែល​តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ កម្ពុជា​សម្រេចបាន​នូវ​របាយការណ៍​ត្រួតពិនិត្យ​ថ្នាក់ជាតិ​ដោយ​ស្ម័គ្រចិត្ត​ឆ្នាំ​២០១៩ ដែល​បានបង្ហាញ​នូវ​វេទិកា​នយោបាយ​កម្រិត​ខ្ពស់ របស់​អង្គការសហប្រជាជាតិ កាល​ខែកក្កដា ឆ្នាំ​២០១៩ ជាមួយគ្នានេះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បានស្នើ​ដល់​សហរដ្ឋអាមេរិក ជួយ​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ ពង្រឹង និង​កសាង​សមត្ថភាព​ធនធានមនុស្ស​របស់​កម្ពុជា​ផងដែរ​។​

​ជា​កិច្ចបញ្ចប់ សម​ភាគី​ទាំងពីរ បាន​ប្តេជ្ញា​រួមគ្នា បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងផែនការ ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ស​ម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID) រួម​នឹង​ដៃគូ​អភិវឌ្ឍន៍​មួយចំនួនទៀត​រួមមាន UNFPA, UNICEF ផងដែរ ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×