ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំកំពុងរងការរិះគន់យ៉ាងខ្លាំង ក្រោយពេលលោកព្រមានវាយប្រហារតំបន់បេតិកភណ្ឌរបស់អ៊ីរ៉ង ប្រសិនជាអ៊ីរ៉ងហ៊ានធ្វើការសងសឹក ជុំវិញការសម្លាប់ឧត្តមសេនីយ៍ Qasem Soleimani។
លោកត្រាំ ថ្លែងថា តំបន់បេតិកភណ្ឌស្ថិតក្នុងចំណោមគោលដៅចំនួន ៥២របស់អ៊ីរ៉ង ដែលអាចនឹងរងការវាយប្រហារ ប្រសិនជាអ៊ីរ៉ងធ្វើឲ្យប្រជាជនអាមេរិចឈឺចាប់ និងមានរបួស។
លោកថ្លែងកាលពីថ្ងៃអាទិត្យដូច្នេះថា អាមេរិចបានកំណត់គោលដៅចំនួន ៥២កន្លែងរបស់អ៊ីរ៉ង ហើយកន្លែងខ្លះមានសារសំខាន់ខ្លាំងចំពោះអ៊ីរ៉ង និងវប្បធម៌អ៊ីរ៉ង និងបានព្រមានថា កន្លែងទាំងនោះនឹងរងការវាយប្រហារខ្លាំង និងលឿន ប្រសិនជាក្រុងតេហេរ៉ងធ្វើការវាយប្រហារសងសឹកលើប្រជាជន ឬផលប្រយោជន៍អាមេរិច។
សូមបញ្ជាក់ថា អាមេរិច និងអ៊ីរ៉ងបានចុះហត្ថលេខាលើសន្និសញ្ញា ដើម្បីការពារបេតិកភណ្ឌវប្បធម៌ ទោះកំពុងស្ថិតក្នុងជម្លោះ។ ការវាយប្រហារយោធាណាមួយទៅលើតំបន់បេតិកភណ្ឌត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្រ្គាម ក្រោមច្បាប់អន្តរជាតិ។
ឧត្តមសេនីយ៍អ៊ីរ៉ង Qasem Soleimani ត្រូវបានអាមេរិចសម្លាប់កាលពីថ្ងៃសុក្រកន្លងទៅនេះ តាមរយៈការវាយប្រហាររបស់ដ្រូន ដ៏មានឥទ្ធិពលនៅព្រលានយន្តហោះរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់។ ការសម្លាប់មេបញ្ជាការជាន់ខ្ពស់នោះ ធ្វើឲ្យស្ថានភាពនៅមជ្ឈិមបូព៌ាកាន់តែក្តៅខ្លាំង ដោយសារអ៊ីរ៉ងគំរាមវាយប្រហារសងសឹកវិញ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC