ខេត្តស្វាយរៀងៈ នៅវេលាម៉ោង ២២និង១០ នាទីយប់់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ចំនួន១៤នាក់រថយន្ដចំនួន០៣គ្រឿង ម៉ូតូចំនួន០៤គឿង ដឹកនាំដោយលោក វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ចំនួន០៥នាក់ រថយន្ដចំនួន០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថាៈ នៅក្នុងករណីនេះបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ឈួ សុផាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិតប្រាកដមានស្រុកកំណើត ភូមិអូតាគាំ ឃុំទួលតាឯក ស្រុក ស្វាយប៉ោ ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រហូតដល់វេលាម៉ោង ០៤:៥១នាទី ព្រឹកថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២០ ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ទៀត ឈ្មោះ អ៊ីវ ចាន់រិទ្ធី ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពដដែលបានបន្តថាៈ សមត្ថកិច្ចបាន ចាប់យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ១៤កញ្ចប់(ធំ៦តូច ៨កញ្ចប់) ទូរស័ព្ទដៃ ៦គ្រឿង ជញ្ជីងថ្លឹងថ្មាំញៀន ចំនួន០១ គ្រឿង លោហៈធាតុពណ៌លឿង (កងដៃ)០១វង់ ប្រាក់ដុល្លារ ០១ដុល្លារ ប្រាក់រៀល ១២៣.០០០រៀល ប្រាក់ដុង ៣០០.០០០ដុង សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កសាងសំណុំរឿង បញ្ជូនទៅមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តចាត់តាមនីតិវិធី ៕ដោយ៖ វ៉ៃកូ