Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត ដែល​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ទន្ទឹង​រង់ចាំ ត្រូវបាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​

spot_img

​ភ្នំពេញ​៖ ថ្ងៃ​អង្គារ ១៣​កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២០​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្រុមហ៊ុន​ដៃគូ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​ដៃគូ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​ការបើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បំពេញតម្រូវការ និង​ផ្តល់​ជម្រើស​ជូន​ប្រជាពលរដ្ឋ ដែល​ចង់បាន​លេខ​ចុះបញ្ជី​មាន​លក្ខណៈពិសេស​ផ្ទាល់ខ្លួន ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​កម្ពុជា​លើ​ឆាក​អន្តរជាតិ អាច​កៀរគរ​ចំណូល​បន្ថែម​ជូន​ជាតិ និង​ដើម្បីឱ្យ​ម្ចាស់​រថយន្ត​អាច​រក្សា​លេខ​នោះ​ទុក​សម្រាប់​ចុះបញ្ជី​លើ​រថយន្ត​ថ្មី​របស់ខ្លួន​ក្រោយៗ​ទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា លេខ​ពិសេស​ផ្ទាល់ខ្លួន គឺ​សំដៅលើ​ប្រភេទ​លេខ​ចុះបញ្ជី ដែល​ផ្នែក​ខាងលើ​សរសេរ​អក្សរ​ខ្មែរ “​កម្ពុជា​” ផ្នែក​កណ្ដាល​ជា​លេខ​ចុះបញ្ជី​មាន​លេខ ឬ​/​និង អក្សរ​ឡាតាំង​មិន​លើសពី ៨(​ប្រាំបី​)​ខ្ទង់ និង​ផ្នែក​ខាងក្រោម​សរសេរ​អក្សរ​ឡាតាំង​“CAMBODIA” នៅ​ពីក្រោម​បន្ទាត់​ផ្តេក​។ ផ្កាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​អាចដាក់​ឈ្មោះ ឬ លេខ​ដែល​ខ្លួន​ពេញ​ចិត្តបាន លើកលែងតែ​ឈ្មោះ​ទីកន្លែង​ប្រវត្តិសាស្ត្រ ឈ្មោះ​ប្រាសាទ ឈ្មោះ​រាជធានី​-​ខេត្ត ឈ្មោះ​ក្រសួង​-​ស្ថាប័ន គណបក្សនយោបាយ ឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ជន​ល្បីឈ្មោះ ជាដើម​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​សន្តិភាព ដែល​បាន​ផ្ដល់ឱ្យ​យើង​មាន​អ្វីៗ​គ្រប់បែប​យ៉ាងដូច​សព្វ​ថ្ងៃនេះ ជាពិសេស បានផ្ដល់​ឱ្យ​យើង​នូវ​ជម្រើស​សម្បូរបែប​ក្នុងការ​ប្រើប្រាស់​សេវាសាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ទាន់ពេលវេលា​។​

​ទន្ទឹមនឹងនោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បានស្នើ​សុំឱ្យ​ក្រសួង ស្ថាប័ន​-​ពាក់ព័ន្ធ សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ជំនាញ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​អនុវត្ត​ការងារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួង​ក្នុងការ​ស្នើសុំ​សេវាសាធារណៈ​ចាំបាច់​នានា ជាពិសេស​ចូលរួម​ជាមួយ​ក្រសួង​ក្នុងការ​អនុវត្ត​ការងារ​ផ្ទេរកម្មសិទ្ធិ​រថយន្ត​។​

​សូមបញ្ជាក់ថា​៖ តម្លៃ​មូលដ្ឋាន​ក្នុង​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន គឺ​ចាប់ពី​ពីរលាន​រៀល​ឡើង រហូតដល់​មួយ​ពាន់​លាន​រៀល ហើយ​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​នេះ​ត្រូវបាន​បែងចែក​ជា​បី​ប្រភេទ​គឺ ទិញ ស្នើ​ទិញ និង​ការដាក់​ដេញថ្លៃ​។ លេខ​សម្រាប់​ដាក់លក់ គឺជា​លេខ​ទាំងឡាយណា​ដែលមាន​ចំនួន​តួអក្សរ​[A-Z] ឬ​លេខ​[0-9] និង​សញ្ញា​ចុច​[.] ហើយ​ត្រូវ​បានកំណត់​តម្លៃ​ដោយ​ស្វ័យប្រវត្តិ ផ្អែកលើ​មូលដ្ឋាន​រូបមន្ត​ប្រមាណ​១២០០​រូបមន្ត​។

​ការដេញថ្លៃ​ត្រូវធ្វើឡើង​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ប្រព្រឹត្តទៅ​នៅក្នុង​សាល ឬ​តាម​ប្រព័ន្ធ​អន​ឡាញ ដែលមាន​អាស័យដ្ឋាន​៖ vehicle.mpwt.gov.kh ហើយ​អ្នកដេញថ្លៃ​ដែល​ឱ្យ​ថ្លៃ​ខ្ពស់​ជាងគេ​បំផុត​ជា​ម្ចាស់​នៃ​លេខ​នោះ​។ ចំណែកឯ​ការទូទាត់​ប្រាក់​ត្រូវ​ធ្វើតាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​៕ ដោយ​៖​កូ​ឡាប​

spot_img
×