Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចាប់ខ្លួន​ជនសង្ស័យ ៣​នាក់ រឹបអូស​គ្រឿងញៀន ជាង ១៤​គីឡូក្រាម

spot_img

​ភ្នំពេញ​ ៖​ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹងថា ​កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​មួយ​ករណី ដកហូត​បាន​ជាង​១៤​គីឡូក្រាម និង​ឃាត់ខ្លួន​មនុស្ស​៣​នាក់​។​

​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន នៅ​រសៀល​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២០​នេះ ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង នៅ​ថ្ងៃទី​០៧ ខែមករា ដោយ​អនុវត្តតាម​បញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​គ្រឿង​ញៀន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​ប្រភពព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ចំណុច​ខារ៉ាអូខេ ផ្ទះ​លេខ​៥៦ ផ្លូវ​លេខ​២៣០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ​។​

​ជា​លទ្ធផល​នៃ​ប្រតិបត្តិការ កម្លាំង​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ ទី​១៖​ឈ្មោះ ម៉េង ឌី អាយុ​២២​ឆ្នាំ​, ទី​២៖​ឈ្មោះ ប៊ុនធឿន ធានី អាយុ​២៣​ឆ្នាំ និង​ទី​៣៖​ឈ្មោះ ជា ភា​រុណ អាយុ​២១​ឆ្នាំ ក្នុងនោះ​វត្ថុតាង​ចាប់​យកបាន សារធាតុ​ញៀន​សរុប ជាង​១៤​គីឡូក្រាម រួមមាន សារធាតុ​ញៀន មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ​៥២២២,៨៣​ក្រាម​, នី​មេ​តា​ហ្សេ​ប៉ា​ម​ទម្ងន់​៨៨២៩,៧២​ក្រាម ស្មើនឹង​៤៩០៥៤​គ្រាប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ ចាត់ការ​បន្ដ​តាម​នីតិវិធី​៕ ​ដោយ​៖​កូ​ឡាប

spot_img
×