Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ព័ត៌មាន​ថា ឆ្នាំ ២០២០ គឺជា​ឆ្នាំ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា​។ ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ ធ្វើ​ការអបអរ​ដែលមាន​រយៈពេល​មួយឆ្នាំ ដោយ​ទាញ​ការចាប់អារម្មណ៍ លើ​ការរួមចំណែក​របស់​ស​ហ​រដ្ឋ​អាមេរិក ចំពោះ​ការអភិវឌ្ឍន៍​នៃ​ប្រទេស​កម្ពុជា ព្រមទាំង​ភាពជា​ដៃគូ​សំខាន់ៗ​ជាច្រើន​ទៀត រវាង​ប្រទេស​យើង​ទាំងពីរ​។​

​ស្ថានទូត​អាមេរិក បាន​បញ្ជាក់ថា ពិធី​ផ្តើម​នៃ​ការអបអរ​ខួប​លើក​ទី ៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា នៅ​Future Factory នៅ​ថ្ងៃទី ៨ ខែមករា ពី​ម៉ោង ៥ ដល់​ម៉ោង ៧ យប់ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ដោយមាន​ការចូលរួម ពី​លោក​រដ្ឋមន្ត្រីក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត​។

​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​កសិកម្ម បរិស្ថាន សុខាភិបាល អប់រំ ពាណិជ្ជកម្ម ជំនួយ​មនុស្សធម៌ រហូតដល់​ការពង្រឹង​ការអនុវត្ត​ច្បាប់ កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​។

​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែង​កោតសរសើរ ចំពោះ​ការរីកចម្រើន នៃ​ប្រទេស​កម្ពុជា និង​ទទួលស្គាល់ថា ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​មកនេះ ប្រទេស​កម្ពុជា មានការ​រីកចម្រើន​ខ្លាំង បោះជំហាន​ទៅមុខ​។​

លោក Patrick Murphy ក៏​ចង់ឃើញ​ឲ្យ​មាន ការកែលម្អ​ច្រើន​ទៀត ផ្នែក​ទៅតាម​រដ្ឋធម្មនុញ្ញ នៃ​ប្រទេស​កម្ពុជា ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង ទៅលើ​វិស័យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ នឹងមាន​ការរីកចម្រើន នឹងមាន​ការបោះ​ជំហាន​ជាមួយគ្នា ទៅមុខទៀត​។​

​ឯកអគ្គរដ្ឋទូត​អាមេរិក​បានលើកឡើង​ផងដែរ​ថា ទំនាក់ទំនង អាមេរិក​-​កម្ពុជា ៧០​ឆ្នាំ​មកនេះ វា​មិនមែន​សុទ្ធតែ​ស្រួល​នោះទេ វា​ក៏មាន​បញ្ហា ប៉ុន្ដែ​យើង​ផ្ដោតអារម្មណ៍ លើ​វិស័យ​នៃ​កិច្ចសហប្រតិបត្ដិការ ដែល​នឹង​ជួយ​ជំរុញ​កិច្ចសហប្រតិបត្ដិការ​នេះ​ឲ្យ​បានល្អ ហើយ​ជួយ​ប្រទេស​កម្ពុជា ឲ្យ​មាន​ភាព​រីកចម្រើន​។ អាមេរិក​-​កម្ពុជា មាន​គ្រឹះ​នៃ​កិច្ចសហប្រតិបត្ដិការ​ល្អ ដូច្នេះ​យើង​ផ្ដោតទៅលើ​គ្រឹះ​នេះ ដើម្បី​ធ្វើ​ឲ្យ​ការទំនាក់ទំនង​រវាង អាមេរិក​-​កម្ពុជា មានការ​រីកចម្រើន​ទៅមុខទៀត រួមទាំង​វិស័យ​វប្បធម៌ វិស័យសេដ្ឋកិច្ច និង​វិស័យ​នានា​ផ្សេងៗ​ជាច្រើន​ទៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×