Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូត​ស៊ុយ​អ៊ែត​ថ្មី ប្ដេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​

spot_img

(​ភ្នំពេញ​)៖ ឯកអគ្គរាជទូត​ស៊ុយ​អ៊ែត​ថ្មី​ប្រចាំ​នៅ​កម្ពុជា បានបង្ហាញ​ការប្ដេជ្ញាចិត្ត​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឱ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន ពិសេស​លើ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ដែល​កំពុង​អនុវត្ត​នៅ​កម្ពុជា​។​

​លោក​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​នេះ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​Björn Häggmark ឯកអគ្គរាជទូត​ស៊ុយ​អ៊ែត​ថ្មី​ប្រចាំ​នៅ​កម្ពុជា ។​

​ទន្ទឹមនឹង​គ្នា​នេះដែរ ភាគី​ទាំងពីរ​បានបង្ហាញ​ការវាយតម្លៃ​លើ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នាពេល​កន្លងមក លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បាន​សន្យា​ពង្រឹង​នូវ​ទំនាក់ទំនង កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ដ៏​ល្អ​នេះ​ទៀត​ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលជា​វិស័យ​ដ៏​សំខាន់​មួយ​ក្នុងការ​ធានាបាន​នូវ​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ និង​ការអភិវឌ្ឍ​សង្គម​។

​ជាមួយគ្នានេះ លោក​ឯកអគ្គរាជទូត​ស៊ុយអែត​ថ្មី បាន​ប្ដេជ្ញា​បន្ត​គម្រោង​ទំនាក់ទំនង​លើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រវាង​កម្ពុជា និង​ស៊ុយអែត ក្នុងនោះ​មានដូចជា គម្រោង​អភិវឌ្ឍន៍​ទាំងឡាយ​ដែល​ធ្វើឡើង​តាមរយៈ​អង្គការ​SIDA ដែល​បាន​ជួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួមទាំង​ការបង្កើត​មជ្ឈមណ្ឌល​ការងារ​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​នានា​។​

​កម្ពុជា​បាន​នឹង​កំពុង​បន្ត​ការគាំទ្រ​យ៉ាងសកម្ម​ដល់​កិច្ចព្រមព្រៀង​សកល (Global Deal) របស់​រដ្ឋាភិបាល​ស៊ុយអែត ដែលជា​គំនិត​ផ្តួចផ្តើម​សាកល និង​មាន​គោលបំណង​ក្នុងការ​ដោះស្រាយ​រួមគ្នា​នូវ​បញ្ហា​ប្រឈម​នានា​នៅក្នុង​ទីផ្សារការងារ និង​ជំរុញ​ឱ្យ​មនុស្ស​គ្រប់រូប​អាច​ទទួលបាន​ផលប្រយោជន៍​ពី​សាកលភាវូបនីយកម្ម​។

​ជាការ​ពិតណាស់ កិច្ចសន្ទនា​សង្គម​មិនមែនជា​យន្តការ​ថ្មី​ក្នុងការ​អនុវត្ត​ការងារ ក្នុងការ​គ្រប់គ្រង និង​ដោះស្រាយ​នូវ​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​នោះទេ​។ កម្ពុជា​បាននិងកំពុង​ប្រើប្រាស់​យន្តការ​នេះ​ក្នុង​ក្របខណ្ឌ​ជាច្រើន​ដូចជា​៖ យន្តការ​គ្រប់គ្រង​រប​ស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម យន្តការ​នៃ​ការដោះស្រាយ​វិវាទ​ការងារ យន្តការ​នៃ​ការចរចារ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​នីតិវិធី​នៃ​ការតាក់តែង​ច្បាប់ និង​គោលនយោបាយ​នានា​ដែល​ធ្វើ​ទ្បើង​ដោយមាន​ការពិភាក្សា និង​ចូលរួម​ពី​ត្រីភាគី​។​ល​។​

​លោក អ៉ិ​ត សំហេង លើកឡើងថា បន្ទាប់ពី​កម្ពុជា​បានផ្តល់​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សាកល​នេះ នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​ពង្រឹង​ការអនុវត្ត​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការងារ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការធានាបាន​នូវ​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ និង​ភាព​សុខដុម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​។

​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព ដើម្បី​ធានាបាន​នូវ​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ ដែល​តំណាងឱ្យ​សម្លេង និង​ឆន្ទៈ​ពិតប្រាកដ​របស់​កម្មក​រ​និយោជិត និង​និយោជក ក្នុងការ​ការពារ​នូវ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ពួកគេ និង​ជា​ដៃគូ​សន្ទនា​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចសន្ទនា​សង្គម​។

​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​ដែលជា​ក្របខ័ណ្ឌគតិយុត្តិ​រឹងមាំ​ក្នុងការ​ការពារ​ប្រកបដោយ​និរន្តរភាព​នូវ​ប្រាក់​ឈ្នួល​របស់​កម្មករនិយោជិត និង​ធានា​នូវ​ការប្រើប្រាស់​យន្តការ​ចរចា​រ​ត្រីភាគី​តាមបែប​ប្រជាធិបតេយ្យ​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត ដោយ​ឈរលើ​លក្ខណៈវិនិច្ឆ័យ​បែប​វិទ្យាសាស្ត្រ ដើម្បី​ភាព​រីកចម្រើន​ទាំងអស់គ្នា​។

​ពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ទាំង​នៅ​ដំណាក់កាល​ផ្សះផ្សារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​ដោយ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល សំដៅ​ធានាបាន​នូវ​យុ​ត្តិ​ធ៌​មកា​រងារ កាត់បន្ថយ​បាន​នូវ​បញ្ហា​ប្រឈម​រវាង​និយោជក និង​កម្មករនិយោជិត ឬ​តំណាង​របស់​ពួកគេ ក៏ដូចជា​បង្កើន​ភាពជឿ​ជាក់​មកលើ​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​រវាង​ភាគី​ពាក់ព័ន្ធ ដែល​កាន់តែ​ធ្វើឱ្យ​វប្ប​ធ៌​ម​នៃ​កិច្ចសន្ទនា​សង្គម​មាន​ភាពរឹងមាំ​។

​បន្ត​ពង្រឹង​យន្តការ​អធិការកិច្ច​ការងារ​រ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព តម្លាភាព និង​ភាពជឿជាក់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ធានាបាន​នូវ​ការគោរព​លក្ខខណ្ឌ​ការងារ និង​សិទ្ធ​ការងារ​របស់​កម្មករ​និយោជិត និង​និយោជក ទប់ស្កាត់ ក៏ដូចជា​បង្ការ​មិន​ឱ្យមាន​បញ្ហា​ផ្សេងៗ​ដែល​ឈានទៅរក​វិវាទ និង​ការតវ៉ា​នានា​។

​ជម្រុញ​ការអនុវត្តន៍​គោលនយោបាយ​គាំពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ពល​ករ​ទេស​ន្ត​ប្រវេសន៍​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ ក៏ដូចជា​តំបន់ និង​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ដើម្បី​ការពារ​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​បរទេស​។

​បន្ត​ចូលរួម​អនុវត្ត​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម និង​របប​សន្តិសុខ​សង្គម​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព តាមរយៈ​ការពង្រឹង​យន្តការ​ផ្លាស់ប្តូរ​ការប្រឹក្សា​គ្នា​រវាង​អ្នកប្រើប្រាស់​សេវា អ្នកគ្រប់គ្រង និង​ផ្តល់​សេវា ក៏ដូចជា​អ្នក​ដែលមាន​កាតព្វកិច្ច​ផ្តល់​ការឧបត្ថម្ភ​សេវា​។ និង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​សំដៅ​គាំទ្រ​ដល់​គោលនយោបាយ​អភិវឌ្ឍន៍ និង​គាំពារ​វិស័យ​ការងារ​៕ ដោយ​៖​កូ​ឡាប​

spot_img
×