Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ជំរុញ​ឲ្យ​ក្រុមហ៊ុន China បើក​ការដ្ឋា​ស្ថាបនា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ បាន​ជំរុញ​នឹង​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន China Communication Construction Company រៀបចំ​បើក​ការដ្ឋា​ស្ថាបនា ផ្លូវ​ល្បឿន​លឿន (Express Way) ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង ១៩០,៦៣​គីឡូម៉ែត្រ ទទឹង​២៤​ម៉ែត្រ ឲ្យបាន​ចេញ​ជា​រូបរាង​ពិតប្រាកដ​ឆាប់ៗ​ខាងមុខនេះ​។​

​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​មករា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ លោក លា​វ ឈី​ថាវ (Liu Qi Tao) ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Communication Construction Company​។​

​លោក លា​វ ឈី​ថាវ (Liu Qi Tao) មានប្រសាសន៍​ក្នុង​ថា រូប​លោក​ធ្លាប់បាន​មក កាន់​ប្រទេស​កម្ពុជា​កាលពី​១០​ឆ្នាំមុន ហើយ​នៅពេលនេះ​លោក​បាន​ធ្វើដំណើរ​ទៅកាន់​តំបន់​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​រួម​ទាំង​ខេត្ត​ព្រះសីហនុ​ផងដែរ​។ លោក​បាន​ពិនិត្យឃើញ​ពី​ការរីកចម្រើន​យ៉ាង​លឿន​របស់​កម្ពុជា​ដែល​មិន​នឹកស្មាន ហើយ​នៅពេលនេះ​ទៀតសោត កិច្ចព្រមព្រៀង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត ព្រះសីហនុ ក៏​បាន​ចុះហត្ថលេខា​ហើយ​រួច​ដែរ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លី គឺ​ឈាំ​ង មកកាន់​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ​។ ក្រុមហ៊ុន​លោក​សប្បាយចិត្ត នឹង​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ក្នុង​ការ​មក​វិនិយោគ​នៅ​កម្ពុជា ក្រោម​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​សម្តេច​តេជោ​។ គម្រោង​នេះ​គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ ដែល​នឹង​ត្រូវ​កសាង​នៅ​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។​

​នៅ​ចំពោះមុខ​សម្តេច​តេជោ លោក លា​វ ឈី​ថាវ មានប្រសាសន៍ថា ក្នុងនាម​ជា​ភាគី​ប្រតិបត្តិ ក្រុមហ៊ុន​លោក នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ឲ្យបាន​ល្អ​និង មាន​គុណភាព និង​ឲ្យក្លាយ​ជា​ផ្លូវ​គំរូ​សម្រាប់​ជា​ឧត្តម​ប្រយោជន៍​របស់​ប្រទេស​និង​ប្រជាជន​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​នេះ គឺ​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​កម្ពុជា ក្នុង​ជំរុញ​កំណើនសេដ្ឋកិច្ច ពិសេស​គឺ​ភ្ជាប់​រវាង​ប៉ូល​សេដ្ឋកិច្ច​ភ្នំពេញ នឹង​ព្រះសីហនុ​។ សម្តេច​តេជោ បាន​ជំរុញ​នឹង​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន រៀបចំ​បើក​ការដ្ឋា​ស្ថាបនា ផ្លូវ​ល្បឿន​លឿន (Express Way) ឲ្យបាន​ចេញ​ជា​រូបរាង​ពិតប្រាកដ​ឆាប់ៗ​ខាងមុខនេះ​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៨ នា​វិមាន​សន្តិភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ជាមួយ​សម​ភាគី​ចិន តំណាង​ដោយ​លោក Liu Qitao ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន​។ ពិធី​ចុះហត្ថលេខា​ខាងលើ​ត្រូវបាន​ប្រព្រឹត្តិ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​ត្រូវ​សាងសង់​ដោយ​វិនិយោគិន​ចិន តាម​រូបភាព​វិនិយោគ សាងសង់​-​ធ្វើ​អាជីវកម្ម​-​ផ្ទេរ (BOT) ជា​ផ្លូវ ០៤​គន្លង មាន​ប្រវែង​សរុប ១៩០,៦៣​គីឡូម៉ែត្រ ចេញពី​ភ្នំពេញ រហូតដល់​ខេត្ត​ព្រះសីហនុ ជា​ផ្លូវ​ថ្មី​ទាំង​ស្រុង តួ​ផ្លូវ​មាន​ទទឹង ២៤​ម៉ែត្រ ក្រាល​កៅស៊ូ AC មាន​សួនច្បារ​ខណ្ឌ​កណ្តាល មាន​ផ្លូវបំបែក​ប្តូរ​ទិស មាន​ទីតាំង​ឈប់សម្រាក មានរ​បង​បាំង​សងខាង​ផ្លូវ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជា​ច្រើន​ទៀត​។​

​ក្រោយ​សាងសង់​រួច ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ទៅ​មក​​រាជធានី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​ខ្លី កាត់បន្ថយ​ហានិភ័យ​គ្រោះថ្នាក់​ចរាចរណ៍ កាត់បន្ថយ​ការ​កកស្ទៈ សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ ធ្វើឱ្យ​សេដ្ឋកិច្ច​ជាតិ​មាន​ការរីកចម្រើន​កាន់តែ​ប្រសើរ​។ លើសពីនេះ​ទៀត ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលបាន​ផល​ចំណេញ​ដែល​មិន​អាច​កាត់ថ្លៃ​បាន ពី​ការអភិវឌ្ឍន៍​ច្រករបៀង​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×