Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន សំណូមពរ​ដល់​ស្ថាប័ន​សារព័ត៌មាន​ចំនួន​៧​ចំណុច​, អ្នកសារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នក​ដ៏​ទៃ កុំ​ភ្លៃ​ការពិត​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំណូមពរ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​នូវ​ចំនុច​សំខាន់ៗ​មួយចំនួន​ដូចជា អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​ចូលរ​រួម​ថែរក្សា​សន្តិភាព តាមរយៈ​ការផ្សព្វផ្សាយ​អ្វី​ដែលជា​ការពិត​។ ក្នុងនោះ សម្តេច​តេ​ជោ ក៏​សូមអោយ​អ្នក​សារព័ត៌​ទាំងអស់​ត្រូវ​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ការផ្សាយ​ព័​ត៌​ដែល​ពិត​។ ស្ថាប័ន​ព័ត៌មាន​ទាំងអស់ ត្រូវ​ដើរតួនាទី​ជា​ស្ថាប័ន​ព័ត៌មាន​ពិត គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គមជាតិ​ពិតប្រាកដ​។​

​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១៤ ខែមករា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​បងប្អូន​អ្នកព័ត៌មាន​សរុប​ជាង​៥ ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយ​យ៉ាងខ្លាំង​ដែល​បាន អញ្ជើញ​ជួបជុំ​សំណេះសំណាល ជាមួយ​បងប្អូន​កូនក្មួយ ជា​អ្នកសារព័ត៌មាន​ជាតិ ក្នុង​គោលបំណង​ដើម្បី ស្វែងយល់​អំពី​សុខទុក្ខ​ផ្ទាល់ របស់​បងប្អូន​អ្នកសារព័ត៌មាន និង​បាន​ផ្តល់នូវ អនុសាសន៍​ល្អៗ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​អោយ​បានល្អ​ត្រឹមត្រូវ តាម​ក្រម​សី​លធ​ម៍​ច្បាស់លាស់ ដើម្បី​បំរើ​សង្គមជាតិ ឲ្យ​កាន់តែ​រីកចម្រើន​។ នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ព័ត៌មាន​ដែល​បាន​ចូលរួម​សហការ​រៀបចំ​កម្មវិធី​នេះ​ទាំងពី​លើក​ទី​១ រហូតដល់​លើក​ទី​៤​នេះ​។ ទន្ទឹមនឹងនោះ​សម្តេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​បាន​អបអរសាទរ​ថ្ងៃ​ខួប​៣៥​ឆ្នាំ​ដែល​សម្តេច​តេ​ជោ​ឡើងកាន់ដំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​កើត​ចំ​ខែម​ករានេះ ដែល​ក្នុងនោះ​រួមមាន ដូចជា​នៅ​ឆ្នាំនេះ​គឺជា​ខួប​៤១​ឆ្នាំ​នៃ​ថ្ងៃជ័យ​ជម្នះ​៧​មករា ឆ្នាំ​១៩៧៩ លើ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត , ខួប​៤១ ដែល​សម្តេច​តេ​ជោ​បាន​ក្លាយជា​រដ្ឋមន្ត្រីការបរទេស នៅ​ថ្ងៃទី​៨ មករា ១៩៧៩, ខួប​លើក​៣៥ ដែល​សម្តេច​តេ​ជោ​ក្លាយជា​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥ , ខួប​៣២​ឆ្នាំ​នៃ​ការចរចារ​លើក​ទី​២​រវាង សីហនុ​-​ហ៊ុន សែន នៅ​ប្រទេស​បារាំង នៅ​ថ្ងៃទី​២០-២១ ខែមករា ឆ្នាំ​១៩៨៨ , ខួប នៃ​ការ​ការកំណត់​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ ឈ្នះ​ក្នុង​ខែមករា ឆ្នាំ​១៩៩៦ ,​ខួប​៤៤ នៃ​ការរៀប​អា​ពា​ហ៍​របស់​សម្តេច​តេ​ជោ​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​១៩៧៦ ,​ខួប​ទី​២០ នៃ​ការ​ក្លាយជា​ជី​របស់គេ គឺ​នៅ​ខែមករា ឆ្នាំ​២០០០ ដែល​សម្តេច​តេ​ជោ​ទទួលបាន​ចៅ​ជា​លើកដំបូង និង​កូនៗ​របស់​សម្តេច​ទាំង​៥​គូរ សុទ្ធតែ​បាន​រៀបការ​ក្នុង​ខែមករា​ទាំងអស់​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន ជីប ម៉ុង ដែល​តែងតែ​សហការ​ឧ​ត្ថ​ម្ភ ក្នុង​កម្មវិធី​នេះ​រៀងរាល់ឆ្នាំ​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​វិស័យ​សារព័ត៌មាន កំពុងមាន​កា​រីកចម្រើន​យ៉ាងខ្លាំង​។ ដើម្បី​ផលិត ព័ត៌មាន​ឲ្យ​បានល្អ អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​យល់ដឹង​ឲ្យ​បាន​ច្បាស់​នូវ​រឿងរ៉ាវ​ពិត ដែល​បាន​កើតមានឡើង​ក្នុងសង្គម ជាពិសេស​ត្រូវ សរសេរ​ព័ត៌មាន​ទាំង​ល្អ និង​មិនល្អ​ដើម្បី​ចូលរួម​ធ្វើការ​កែលម្អ ក្នុងន័យ​ស្ថាបនា​អភិវឌ្ឍន៍​សង្គម ឲ្យ​រីកចម្រើន​។​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាគម​សារព័ត៌មាន​ទាំងអស់​ដែល​កន្លងមក​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​វិស័យ​ព័ត៌មាន និង​សូម​អរគុណ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់​ដែល​បាន​ចូលរួម​សហការ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុងការ​ផ្តល់ព័ត៌មាន​ពី​ស្ថាប័ន​របស់ខ្លួន​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោ​បានធ្វើ​ការណែនាំ​ដល់​អ្នកសារព័ត៌មាន​តា​ម​អន​ឡាញ​មួយចំនួន សូម​ចូលរួម​គោរព​ទៅតាម​វិជ្ជាជីវៈ​ព័ត៌មាន​អោយបាន​ត្រឹមត្រូវ ត្រូវគោរព​សិទ្ធិ​អ្នក​ដ៏​ទៃ មិនមែន​ចេះតែ​ផ្សាយ​តាមចិត្ត​នោះទេ​។ ក្នុងនោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ដាក់​សារ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​សារព័ត៌​ថា​«​អ្នកសារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នក​ដ៏​ទៃ កុំ​ភ្លៃ​ការពិត​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំណូមពរ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​នូវ​ចំនុច​សំខាន់ៗ​មួយចំនួន​ដូចជា​៖

១) អ្នកសារព័ត៌មាន​ទាំងអស់ ត្រូវ​ចូលរ​រួម​ថែរក្សា​សន្តិភាព តាមរយៈ​ការផ្សព្វផ្សាយ​អ្វី​ដែលជា​ការពិត​។ ក្នុងនោះ សម្តេច​តេ​ជោ ក៏​សូមអោយ​អ្នក​សារព័ត៌​ទាំងអស់​ត្រូវ​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ការផ្សាយ​ព័​ត៌​ដែល​ពិត​។ ស្ថាប័ន​ព័ត៌មាន​ទាំងអស់ ត្រូវ​ដើរតួនាទី​ជា​ស្ថាប័ន​ព័ត៌មាន​ពិត គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គមជាតិ​ពិតប្រាកដ​។​

២) ស្ថាប័ន​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ត្រូវមាន​អ្នកនាំពាក្យ​ច្បាស់លាស់​មួយ ក្នុងការ​ឆ្លើយតប​ជាមួយ​សារព័ត៌មាន​នានា តាមរយៈ​ការ​ផ្តល់ដំណឹង ឬ​រឿងរ៉ាវ​អ្វីមួយ​ដែល​កើតចេញពី​ស្ថាប័ន​របស់ខ្លួន​។​យើង​មិនត្រូវ​ខ្លាច​អ្នកសារព័ត៌មាន​នោះទេ ត្រូវ​ចាត់ទុក​អ្នក​សារព័ត៌​ជា​ដៃគូរ​មិនអាច​ខ្វះ​បាន​របស់​ស្ថាប័ន​ខ្លួន​។​

៣) ស្នើអោយ​សារព័ត៌មាន ត្រូវ​ធ្វើជា​ស្ពាន​ចម្លង​ពី​រដ្ឋាភិបាល​ទៅ​ប្រជាពលរដ្ឋ ត្រូវ​ចេះ​ចូលរួម​ជួយ​រិះគន់ ដើម្បី​ស្ថាបនា​រាល់​កំហុសឆ្គង និង​ផែន​ការដែល​បានដាក់​ចេញ នៃ​ក្រសួង​ស្ថាប័ន​នានា ដើម្បី​ធ្វើការ​កែលំអរ​។ គ្រប់​អ្នកនាំពាក្យ​តាម​ក្រសួង​ស្ថាប័ន​ត្រូវតែ​មានការ​ការបកស្រាយ​បំភ្លឺ​ដល់​អ្នកសារព័ត៌មាន​អោយបាន​ឆាប់រហ័ស ដើម្បីអោយ​ប្រជាពលរដ្ឋ​បានដឹង​ជ្រួតជ្រាប​។​

៤) អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ពី​អំពើ​អសកម្ម​នានា​ក្នុងសង្គម និង​អំពើពុករលួយ​ផ្សេងៗ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​កម្ពុជា​។ អ្នក​សារព័ត៌​ត្រូវ​ហ៊ាន​បង្ហាញ​ការពិត​។​

៥) ត្រូវ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ដោយ​ត្រូវ​ហ៊ាន​បង្ហាញ​នូវ​ព័ត៌មាន​ពិតប្រាកដ​។​

៦) ត្រូវខិតខំ​អភិវឌ្ឍ ផ្ទេ​ការផ្សាយ​ពី​ប្រព័ន្ធ អាណា​ឡុង (Analog system) ទៅកាន់​ឌីជីថល​(Digital system) ។​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បញ្ជាក់ថា សិទ្ធិ​ទទួលបាន​ព័ត៌មាន​ត្រូវ​ចេញ​អោយបាន​ក្នុង​ឆ្នាំ​២០២០​នេះ ខណៈដែល​សិទ្ធិ​នេះ​ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានស្នើ​ជា​យូរ​ឆ្នាំ​មកហើយ​នោះ​។​

៧)​ត្រូវខិតខំ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស បន្ថែមទៀត​ក្នុង​វិស័យ​ព័ត៌មាន​។ ត្រូវខិតខំ​ផលិត​ព័ត៌មាន​អោយបាន​លឿន​រហ័ស និង​អាច​ជឿទុកចិត្ត​បាន​។​

​ទាក់ទង​ទៅនឹង​ការស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន អោយមាន​មេធាវី​ការពារ​ក្តី​ដល់​អ្នកសារព័ត៌មាន​នោះ សម្តេច​តេ​ជោ​បានសម្រេច​ជួយ​ការពារ​ដោយមាន​លក្ខ​ខ័​ណ្ឌ ដោយ​ផ្អែក​ទៅតាម​អង្គហេតុ និង​អង្គច្បាប់ មិនមែន​ការពារ​អ្នកសារព័ត៌មាន​ដែល​គ្មាន​ក្រមសីលធម៌ ឬ​គ្មាន​វិជ្ជាជីវៈ​សារព័ត៌​នោះឡើយ​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ​ក៏បាន​ចាត់​អោយ​លោក គី តិច ដែលជា​មេធាវី​របស់​សម្តេច​ផ្ទាល់​ទទួល​ពិនិត្យ​លើ​រឿងនេះ​ដោយ​ផ្អែក​ទៅតាម​អង្គហេតុ និង​អង្គច្បាប់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​កិត្តិយស​ថតរូប​អនុស្សាវរីយ៍​ជាមួយ បងប្អូន​កូនក្មួយ​អ្នកសារព័ត៌មាន មកពី​តាម​ស្ថាប័ន​ព័ត៌មាន​ផ្សេងគ្នា​ដែល​បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានផ្តល់​សារសំខាន់​មួយ​សម្រាប់​អ្នក​សារព័ត៌ គឺ «​អ្នកសារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នក​ដ៏​ទៃ កុំ​ភ្លៃ​ការពិត​»​។​

​អរគុណ សន្តិភាព​!៕​ដោយ​៖​កូ​ឡាប​

 

spot_img
×