Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ បញ្ជា​ឲ្យ​ស្រាវជ្រាវ​ករណី​ធ្វើ​ទារុណកម្ម​ប្រជាពលរដ្ឋ​តវ៉ា​ដីធ្លី​រហូតដល់​ស្លាប់ ឯ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានចេញ​សេចក្តីសម្រេច បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ធ្វើ​អធិការកិច្ច​

spot_img

​ភ្នំពេញៈ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស និង​គណកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ស្រាវជ្រាវ​ករណី​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ជម្លោះដីធ្លី​នៅ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម រហូតដល់​ស្លាប់​។ ដោយ​សម្តេច​បាន​បញ្ជា​ឲ្យ​ចាប់​អ្នក​ដែល​ប្រព្រឹត្តធ្វើ​ទារុណកម្ម​លើ​ប្រជាពលរដ្ឋ​ដល់​ស្លាប់ យកមក​ផ្តន្ទាទោស​។

ការ​ថ្លែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​ជំនួប​លើក​ទី​៤ ជាមួយ​អ្នក​សារ​ព័​ត៍​មាន​នា​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ នៅ​កោះ​ពេជ្រ​។​

​ចំណែក​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានចេញ​សេចក្តីសម្រេច បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ធ្វើ​អធិការកិច្ច​នូវ​បាតុភាព​ដែល​បានកើត​ឡើង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។ ត្រួតពិនិត្យ​សកម្មភាព​ការងារ​របស់​នាយទាហាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ក្នុងការ​ប្រតិបត្តិការ​តួនាទី ភារកិច្ច​។​

​ក្រុមការងារ​ចំពោះ​កិច្ច​បាន​ទៅដល់​ខេត្តបន្ទាយមានជ័យ កាលពី​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​។​

​តំណាង​អ្នកមាន​ជម្លោះដីធ្លី​៣​នាក់​ដែល​នៅមាន​ជីវិត ក្រោយពេល​តំណាង​ម្នាក់ទៀត​ដែល​ជាប់ឃុំ​ជាមួយគ្នា​បាន​ស្លាប់​កាលពី​ដើមខែ​នេះ បានដាក់​ពាក្យ​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ថា​បាន​វាយ​ធ្វើ​ទារុណកម្ម​លើ​ក្រុម​លោក ដើម្បី​បង្ខំ​យក​ចម្លើយសារភាព​។​

​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ តំណាងឱ្យ​៦០០​គ្រួសារ មកពី​ឃុំ​ច​ង្ហា​រ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ តវ៉ា​នៅមុខ​សាលាខេត្ត​ក្នុង​ជម្លោះដីធ្លី បន្ទាប់​សមត្ថកិច្ច​ចាប់​តំណាង​របស់​ពួកគាត់​៥​នាក់​ឃុំខ្លួន​។ លុះ​រហូតដល់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ តំណាង​ម្នាក់​ក្នុង​តំ​ណោម​នោះ ឈ្មោះ ទុយ ស្រស់ បាន​ស្លាប់ ដោយ​ខេត្ត​បញ្ជាក់ថា ដោយសារតែ​បញ្ហា​ញៀន​ស្រា ប៉ុន្តែ អ្នក​ជាប់ឃុំ​ជាមួយ ចោទថា ដោយសារ​ការធ្វើ​ទារុណកម្ម​។​

​ទោះយ៉ាងណា ជុំវិញ​ករណី​ស្លា​ប់លោក ទុយ ស្រស់​នេះ អ្នក​ជាប់ឃុំ​ជាមួយ​អះអាងថា បានឃើញ​ផ្ទាល់​ភ្នែក​ករណី​វាយ​ធ្វើ​ទារុណកម្ម​ពី​កម្លាំង​សមត្ថកិច្ច​។​

​លោក នូវ នឿន តំណាង​ម្នាក់​ក្នុងចំណោម​មនុស្ស​៣​នាក់ ដែល​បានដាក់​ពាក្យបណ្ដឹង​នៅ​ថ្ងៃទី​១២ ខែមករា បាន​ប្រាប់​វី​អូ​ឌី តាម​ទូរ​សព្ទ​ថា ការស្វែងរក​កិច្ច​អន្តរាគមន៍​តាមរយៈ​មេធាវី អង្គការ​មិនមែន​រដ្ឋាភិបាល​នៅពេលនេះ គឺ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​លោក​ផ្ទាល់ និង​មនុស្ស​ផ្សេងទៀត​។ បើតាម​លោក នឿន ក្នុងអំឡុងពេល​ចាប់ និង​ឃុំខ្លួន​នោះ គឺ​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​វាយ​ធ្វើបាប​ពួកគាត់​ស្ទើរ​ស្លាប់។

​លោក​បន្ថែមថា​៖ «​ដាក់​ខ្នោះ​រួច​រុញ​ចូលក្នុង​ឡាន វ៉ៃ​បន្ថែម បុក​បន្ថែម កាច់ក និង​វ៉ៃ​ពីមុខ​។ អ៊ីចឹង ពួក​ខ្ញុំ​ត្រូវបាន​គេ​រុញ​ចូលក្នុង​ឡាន​ទាំង​៥​នាក់ រួច​យក​ពួក​ខ្ញុំ​ទម្លាក់​នៅមុខ​ដងទង់​ជាតិ​។ ខ្ញុំ​ស្មានថា ឱ្យ​ពួក​ខ្ញុំ​គោរព​ទង់ជាតិ​។ ពួក​ខ្ញុំ គេ​តម្រូវឱ្យ​អង្គុយ​នៅមុខ​ដងទង់​ជាតិ​ហ្នឹង​តែម្ដង​។ បន្ទាប់មក គេ​ឱ្យ​តម្រៀបជួរ​គ្នា ហើយ​ចាប់ផ្ដើម​ទាត់​វ៉ៃ​ម្នាក់ៗ​បី​បួន​ជើងៗ​។ បើ​ខ្ញុំ​វិញ​គេ (​ប៉េអឹម​) ទាត់​បី​ជើង រួច​ថែម​១​ដៃ​ទៀត របូត​ធ្មេញ​មួយ​ចំហៀង​»​។​

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមករា សកម្មជន​ដីធ្លី ៣​នាក់ រួមមាន លោក អាន រួន លោក នូវ នឿន និង​លោក ហ៊ឹម គី​រី បាន​ស្នើសុំ​មេធាវី​ពី​ខាង​សមាគម​អាដហុក​។ លោក អាន រួន បញ្ជាក់ថា ការពឹង​ពាក់​មេធាវី​ពី​អង្គការ​សង្គម​ស៊ីវិល​នៅពេលនេះ គឺ​ដើម្បី​បើកផ្លូវ​ឱ្យ​ពួកគាត់ អាចមាន​លទ្ធភាព​ក្នុងការ​តតាំង​តាមផ្លូវ​ច្បាប់​នៅ​តុលាការ នាពេលខាងមុខ​។​

​លោក នូវ នឿន បញ្ជាក់ថា ក្នុងចំណោម​តំណាង​៥​នាក់ ដែល​ត្រូវបាន​កងរាជអាវុធហត្ថ​ចាប់ខ្លួន គឺមាន​តែ​៣​នាក់​ប៉ុណ្ណោះ សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង ប្រឆាំង​ការធ្វើ​ទារុណ​កម្មនេះ ចំណែក​អ្នក​ផ្សេងទៀត លោក​មិនបាន​ដឹងថា មាន​មូល​ហេតុអ្វី​បាន​ពួកគេ​មិន​ប្តឹង​។ លោក​ដាក់​ការសង្ស័យថា អ្នក​ទាំងនោះ​មានការ​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព​។​

​អ្នកស្រី ប៊ុ​យ គីម​ឡាក់ ភរិយា​លោក ទុយ ស្រស់ និង​លោក យិ​ប ម៉ក់ តំណាង​ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​៥​នាក់ គឺ​មិនអាច​ទាក់ទង​តាម​ទូរ​សព្ទ​ដើម្បី​សាកសួរ​ជុំវិញ​មូលហេតុ​មិន​ដាក់ពាក្យ​ប្តឹង​បានទេ ដោយ​ទូរ​សព្ទ​ហៅ​មិន​ចូល​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។​

​ទាក់ទង​នឹង​សុវត្ថិភាព​នេះដែរ តំណាង​ទាំង​៣​នាក់ ដែល​មក​ស្នើសុំ​មេធាវី និង​ដាក់​ពាក្យបណ្ដឹង​នៅ​ការិយាល័យ អាដហុក អះអាងថា ពេលនេះ​មាន​មនុស្ស​ស្លៀក​ស៊ីវិល តាមឃ្លាំមើល​ពួកគាត់​ជាប្រចាំ​។​

​ទាក់ទង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ សកម្មជន​ដីធ្លី​បាន​អះអាងថា អ្នក​ដែល​បញ្ជា​ឱ្យ​វាយ​ធ្វើបាប និង​ទាត់​ធាក់​ពួកគេ គឺជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ឈ្មោះ សរ ប៊ុន​សឿង​។ ប្រភព​បន្ថែមថា លោក ប៊ុន​សឿង ក្រៅពី​បញ្ជា​ឱ្យ​កូនចៅ​វាយ និង​ធ្វើ​ទារុណកម្ម​យក​ចម្លើយ​ហើយ មន្ត្រី​រូបនេះ បាន​ប្រើ​ហិង្សា​ដោយ​ខ្លួនឯង​មកលើ​ពួកគាត់​ជា​អ្នក​តវ៉ា​រឿង​ដីធ្លី​ផ្ទាល់​ថែមទៀត​។​

​លោក អាន រួន តំណាង​ម្នាក់​ក្នុងចំណោម​សកម្មជន​ទាំង ៥​នាក់ ថ្លែងថា លោក​ត្រូវបាន​លោក សរ ប៊ុន​សឿង ចាប់​ទះកំផ្លៀង និង​វាយ​បត់​ក​ក្នុង​បំណង​ឱ្យស្លាប់ មុននឹង​ត្រូវបញ្ជូន​ចូលទៅក្នុង​រថយន្ត​។ លោក​បន្តថា ក្នុងអំឡុងពេល​ឃុំខ្លួន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការរង​រូបនេះ បាន​បញ្ជា​ឱ្យ​កូនចៅ វាយ​សួរចម្លើយ​បន្ថែមទៀត ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​មកលើ​ពួកគាត់​។​

លោក​បន្ថែមថា​៖ «​គ្នា​គេ​បី​បួន​នាក់ រើ​ម៉េច​ឈ្នះ​។ គេ​ដាក់​យកៗ (​វាយ​) ខ្ញុំ​ឡើង​ឈាម​ក្បាល​ជោគ​អាវ​អស់​។​វាយ​ខ្ញុំ​ឡើង​រយៈ​ត្របកភ្នែក​អស់​។ អុក​ជង្គង់ អុក​ជង្គង់​ឡើង​ឆ្អឹងខ្នង និង​អូស​វ៉ៃ​ពីលើ​ក្បាល​ថែមទៀត រួចហើយ​ដាក់​មួកសុវត្ថិភាព រួច​អូស ហើយ​កាច់ក​ខ្ញុំ​បំបាក់​។ វ៉ៃ​នេះ​វ៉ៃ​មែនទែន វ៉ៃ​យក​ឱ្យ​ងាប់​តែម្ដង​។ មកដល់​ខាងក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ លោក ប៊ុន​សឿង គេ​វ៉ៃ​ថែមទៀត​។ ម្នាក់​ថែម​បី​បួន​ជើង​ទៀត ទប់​គ្នា​ហ្នឹងឯង​។​»៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×