ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តសមាជិកសភាមកពីប្រទេសជប៉ុន មកធ្វើការសិក្សាទៅលើការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេង (Blockchain) ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ឲ្យមានដំណើរការល្អប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា។
នៅវិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បត៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១៦ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយលោកយ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សមាជិកសភាជប៉ុន។
ក្នុងជំនួបនោះ លោកយ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកធ្លាប់បានជួបជាមួយសម្តេចតេជោកាលពីឆ្នាំ២០០៧ ហើយលោកបានពិនិត្យឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។ ជាមួយគ្នានេះ លោកបានគោរពជម្រាបជូន សម្ដេចតេជោបន្តថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ ១)គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍនប្លុកឆេងនៅកម្ពុជា។ ការអភិវឌ្ឍប្លុកឆេង(Blockchain) នៅកម្ពុជានេះ លោកបានបញ្ជាក់ថា បើសិនដាក់ឲ្យដំណើរការរួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយដែលដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ។ គោលដៅទី២ គឺលោកមកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ។ ទន្ទឹមនឹងនោះ លោកក៏បានស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី នៅបញ្ហាទាំងពីរខាងលើ។
សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តលោកមកធ្វើការសិក្សា ទៅលើការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេង (Blockchain) ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ឲ្យមានដំណើរការល្អប្រសើរ និងសុក្រឹត្យភាពនៅកម្ពុជា។ ពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកស្អាត សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាគឺត្រូវការពង្រីកស្ថានីយទឹកស្អាតឲ្យបានច្រើនថែមទៀត ដោយសារតែរាជធានីភ្នំពេញកាន់តែរីកធំឡើងជាលំដាប់ពី ៣០០គីឡូម៉ែត្រការ៉េ រហូតទៅដល់ប្រមាណជាង៦០០គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែងមានការរីកលូតលាស់ និងឆាប់រហ័សផងដែរ។ រីឯរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏កំពុងទទួលការផ្គត់ផ្គង់ទឹកទៅកាន់ក្រុងតាខ្មៅខេត្តកណ្ដាលផងដែរ។ ទន្ទឹមនឹងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារពីរដែលត្រូវធ្វើនោះគឺ ១)ត្រូវពង្រីកនូវសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និង ២)គឺធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត៕ ដោយ៖កូឡាប