Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពារ និង​ទប់ស្កាត់ ភ្លើង​ឆេះ​ព្រៃ ៧​ចំណុច

spot_img

​ភ្នំពេញ​ ៖ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ វិធានការ កា​ពារ និង​ទប់ស្កាត់ ភ្លើង​ឆេះ​ព្រៃ ខណៈ ធាតុអាកាស​ទូទៅ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ផ្តើម​ផ្លាស់ប្ដូរ​ពី​រដូវវស្សា ចូល​ចូលដល់​រដូវ​លំហើយ ហើយ​បន្ត​ចូល​រដូវប្រាំង​ដែល​ធាតុអាកាស​មាន​សភាព​ក្តៅហែង ជា​កត្តា​ងាយ​បង្ក​នូវ​ភ្លើង​ឆេះ​ព្រៃ ដែល​បានចេញ​កាលពី​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០២០​។​

​យោងតាម​សេចក្តីណែនាំ​របស់ ក្រសួងកសិកម្ម​បានបញ្ជាក់​ថា ក្រៅពី​បាតុភូតធម្មជាតិ​ដែល​អាច​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ប្រការ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​នោះ​គឺ ភ្លើង​ឆេះ​ព្រៃ​ដែល បង្កឡើង​ដោយសារ​សកម្មភាព​រប​ស់មនុស្ស​ផ្ទាល់​។ កត្តា​ចម្បង​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់​បំផុត​នា​រដូវប្រាំង តាមរយៈ​សកម្មភាព​មាន​ជាអាទិ៍ ការកាប់​ឆ្ការ​ដុត​រាន​ព្រៃ​ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ ការធ្វើ​កសិកម្ម​ពនេចរ ការ​តាំងទី​លំនៅដ្ឋាន​ថ្មី ការដុត​ព្រៃ​ដើម្បី​ចាប់​សត្វ ការ​បន្សល់​ដើម​ភ្លើង​នៅក្នុង​ព្រៃ​តាមរយៈ​ការធ្វេសប្រហែស​របស់​ម​នុស្ស​។​ល​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានកត់សម្គាល់​ឃើញថា ភ្លើង​ឆេះ​ព្រៃ​ជា​រៀងរាល់ឆ្នាំ​បាន​បង្ខំ​ឲ្យ​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដល់​ការបាត់បង់​ធនធាន​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាល​រហូតដល់​ឆេះ​ស្រូវ​និង​ភូមិ​របស់​ប្រជាពលរដ្ឋ​ហើយ​បាន​បង្ក​វិនាសកម្ម និង​ការខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម សេដ្ឋកិច្ច​ជនបទ សេដ្ឋកិច្ចជាតិ ធនធានធម្មជាតិ​និង​បរិស្ថាន​។ ដោយ​សង្កេតឃើញ​បញ្ហា​ប្រឈម​ទាំងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​ធ្វើ​ការណែនាំ​ដល់​អង្គភាព​ជំនាញ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាល​មូលដ្ឋាន រួមទាំង​សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ​និង​សហគមន៍​កសិកម្ម​ផងដែរ ដើម្បី​អនុវត្ត​វិធានការ​ដូចខាងក្រោម​៖

១.​ទប់ស្កាត់​ការប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ដើម្បី​យក​ឃ្មុំ ការដុត​ស្ទាក់ចាប់​សត្វ និង​ការដុត​វាលស្មៅ​ដើម្បី​យក​ល្បាស់​ធ្វើ​ចំណី​សត្វពាហណៈ​។​

២.​ទប់ស្កាត់​ការកាប់​ឆ្ការ គាស់​រាន ឈូសឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ដើម្បី​ពង្រីក​ផ្ទៃដី​ដំណាំ​កសិកម្ម (​ឬ​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត​ដែលជា​សកម្មភាព​ល្មើសច្បាប់ និង​នាំមក​នូវ​ភ្លើង​ឆេះ​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាល​រហូតដល់​ឆេះ​ស្រូវ​និង​ភូមិ​របស់​ប្រជាពលរដ្ឋ​។​

៣.​ក្នុងករណី​ចាំបាច់​ដែល​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ​ក្នុង​ការដុត​កាកសំណល់​ឈើ​ព្រៃ ក្រោម​គោលបំណង​ដាំ​ដំណាំ​កសិកម្ម និង​សកម្មភាព​ស្របច្បាប់​ផ្សេងទៀត ត្រូវ​ជូនដំណឹង​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី ខេត្ត ដើម្បី​ណែនាំ​អនុវត្ត​វិធានការ​បច្ចេកទេស​សម​ស្រប​ដែល​អាច​ធានា​សុវត្ថិភាព​ចំពោះ​ជើងព្រៃ​។​

៤.​ការរុករក​ផល អនុផល​ព្រៃឈើ​ជា​ប្រពៃណី និង​សកម្មភាព​ផ្សេងទៀត​ដែល​ចាំបាច់​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ (​ដុត​រណ្ដៅ​ជីរ​) ត្រូវ​ណែនាំ​ពន្លត់ភ្លើង​ឲ្យ​អស់​ជា​ចាំបាច់​មុនពេល​ចាក​ចេញពី​ដើមឈើ​មាន​ជ័រ ឬ​ទីតាំង​ដែល​ប្រើ​ភ្លើង​នោះ​។​

៥.​ក្នុងករណី​កើតមាន​ភ្លើង​ឆេះ​ព្រៃ ត្រូវ​ប្រញាប់​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​តាមរយៈ​ការប្រកាសអាសន្ន​ហើយ​គណៈបញ្ជាការ​ឯកភាព​រាជធានី ខេត្ត ត្រូវ​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​ការប្រើ​កម្លាំង​សរុប​រួមមាន ប្រជាពលរដ្ឋ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​។​ល​។ ដែល​ឈរជើង​នៅក្នុង​មូលដ្ឋាន​នោះ ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​ពន្លត់​ភ្លើងព្រៃ​ឱ្យមាន​ប្រសិទ្ធភាព​។​

៦.​ក្រោម​ការដឹកនាំ​របស់​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត រាជធានី មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​បានកា​ប់រាន ដុត​ព្រៃ និង​កាន់កាប់​ដីព្រៃ​ឈើ​ដែល​នេះ​ហើយដោយ​អនាធិបតេយ្យ​ដែល​ជួយ​នឹង​ច្បាប់ និង បញ្ហា​នានា​របស់​រាជរដ្ឋាភិបាល​។​

៧.​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ក្នុងការ​ហាមឃាត់​ចូល​ប្រើប្រាស់​ដីព្រៃ​ឈើ និង​ព្រៃ​លិច​ទឹក​ដែល​ឆេះ​រួច​ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រុក្ខជាតិ​ដុះ​ឡើងវិញ​តាម​លក្ខណៈ​ធម្មជាតិ​។​
​អនុលោម​តាមច្បាប់​ស្តីពី​ព្រៃឈើ និង​ច្បាប់​ស្តីពី​ជលផល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ដែន ដី​គ្រប់​ថ្នាក់ ត្រូវមាន​ករណីយកិច្ច​ទទួលខុសត្រូវ ថែរក្សា ការពារ​ព្រៃឈើ បង្ការ និង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ ចូលរួម​ថែរក្សា​ជម្រក​មច្ឆជាតិ ការពារ បង្ការ និង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​។ ជន​ណា​ដែល​បាន​ប្រព្រឹត្ត ឬ​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ ឬ​ភ្លើង​ឆេះ​ព្រៃ​ល្បិច​ទឹក​ដោយ​ចេតនា ត្រូវ​ផ្ដន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ឬ​បទល្មើស​ជលផល​ថ្នាក់​ទី​១​ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​០៣​ឆ្នាំទៅ​៥​ឆ្នាំ​ឬ​ពី​០៥​ឆ្នាំទៅ​១០​ឆ្នាំ​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​ជំនឿ និង​ទំនុកចិត្ត​ចំពោះ​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សហគមន៍ សិស្សានុសិស្ស​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់​បាន​យល់ច្បាស់​ពី​ករណីយកិច្ច​ក្នុងការ​ការពារ ទប់ស្កាត់ និង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ដោយ​រួមសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី ខេត្ត អនុវត្តតាម​សេចក្តីណែនាំ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×