Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​កម្ពុជា មាន​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ចំនួន ១៣៧ គម្រោង ទំហំ​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម បានប្រកាស​ព័ត៌មាន​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន នៅ​ឆ្នាំ​២០១៨ មាន​ទឹកប្រាក់​ប្រមាណ​ជាង ១,៦ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​កម្ពុជា​បាន​នាំ​ចេញទៅ​ជប៉ុន​នូវ​ទំនិញ​សក្ដានុពល​មួយចំនួន មានដូចជា​សម្លៀកបំពាក់​ស្ត្រី ស្បែកជើង ខ្សែ​អ៊ី​ស៊ូ​ឡង់ និង​បរិក្ខារ​អគ្គិសនី ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១ ពាន់​លាន​ដុល្លារ​អាមេរិក​។ រីឯ​ជប៉ុន​បាន​នាំ​ចូលមក​កម្ពុជា​នូវ​ទំនិញ​សក្តានុពល ដូចជា យានយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក សំបក​កង់ និង​ផលិតផល​ប្ល៉ា​ស្ទិ​ច ជាដើម មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៥០៩ លាន​ដុល្លារ​អាមេរិក​។​

​ប្រភព​ដដែល បាន​បន្តថា ក្នុង​ក្របខ័ណ្ឌ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​ជប៉ុន គិតពី​ឆ្នាំ​១៩៩៤ រហូតដល់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ចំនួន ១៣៧ គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ​អាមេរិក ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី និង​អេឡិចត្រូនិក គ្រឿង​បង្គុំ​រថយន្ត និង​សម្ភារៈ​បរិក្ខារ​បច្ចេកទេស​កសិឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​។​

​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែលជា​អធិបតី​ក្នុង ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​តូយ៉ូតា បាន​ថ្លែងថា ការ​វិវឌ្ឍន៍ និង​រីកចម្រើន​របស់​ក្រុមហ៊ុន​តូយ៉ូតា ក៏ដូចជា​វិស័យ​ឯកជន​ទូទៅ បាន​ឆ្លុះ​ប​ញ្ជាំ​ង​ជាក់ស្ដែង​ពី​ការអនុវត្ត​គោលនយោបាយ​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ហើយ​តាមរយៈ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​នូវ​សមិទ្ធផល​ធំៗ យ៉ាងច្រើន​គួរ​ជាទី​មោទនៈ ដូចជា​៖ សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ ដំណើរការ​កែទម្រង់​ដ៏​ស៊ីជម្រៅ និង​ទូលំទូលាយ ជាពិសេស​កំណែទម្រង់រ​ដ្ឋ​បាល​សាធារណៈ កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ សម្រេចបាន​កំណើន​ខ្ពស់​ប្រមាណ ៧% ក្នុង​បរិការណ៍​អតិផរណា​ទាប អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព និង​ទុនបម្រុង​អន្តរជាតិ​បន្ត​កើនឡើង​។ កំណើន​នៃ​ផលិតផល​ក្នុងស្រុក​សរុប ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់ ប្រមាណ​ពី ១.៥៤៨ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨ ដល់​ប្រមាណ ១.៦៧៩ ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩​។ អត្រា​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​មកក្រោម ១០% នាពេល​បច្ចុប្បន្ន ហើយ​អត្រា​គ្មាន​ការងារ​មាន​ប្រមាណ ០,៣% ប៉ុណ្ណោះ​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​បន្ថែមថា សន្តិភាព​គឺជា​កត្តាចាំបាច់​មិនអាច​ខ្វះ​បាន សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ធានា​ដល់​ការទាក់ទាញ​វិនិយោគទុន​ពី​ក្រៅប្រទេស​។ គ្មាន​សន្តិភាព គឺ​គ្មាន​ការអភិវឌ្ឍ​។ ជាក់ស្តែង​នាពេល​បច្ចុប្បន្ន ដោយសារ​សន្តិភាព ទើប​ប្រជាជន​កម្ពុ​ជាមាន​ជីវភាព​កាន់តែ​ល្អប្រសើរ​ឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​ផ្ដើមចេញពី​នោះ តម្រូវការ​ប្រើប្រាស់​រប​ស់​ប្រជាជន​កម្ពុជា ក៏មាន​ការកើនឡើង រាប់ទាំង​តម្រូវការ​ប្រើប្រាស់​យានយន្ត ជា​មធ្យោបាយ​ធ្វើដំណើរ​។ ដូច្នេះ​សូម​អរគុណ​សន្តិភាព និង​ការអភិវឌ្ឍ​។​

​ឆ្លៀត​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា លោ​កម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បានរួម​ចំណែក​យ៉ាង សំខាន់​ក្នុង​ដំណើរ​ស្វែងរក​សន្តិភាព ឯកភាព​ជាតិ ព្រមទាំង​ការស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចកម្ពុជា ឲ្យ​រីកចម្រើន​រហូតមកដល់​សព្វថ្ងៃ តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជំនួយ​បច្ចេកទេស​នានា និង​ការអភិវឌ្ឍ​ធនធានមនុស្ស ព្រមទាំង​ការវិនិយោគ​របស់​វិស័យ​ឯកជន​ជប៉ុន​នៅ​កម្ពុជា​។ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្ដីពី​សេរីភាវូបនីយកម្ម ការជំរុញ និង​ការការពារ​វិនិយោគ ដោយបាន​បង្កើត​យន្តកា​រ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ជប៉ុន​។ ជាមួយគ្នានេះ កម្ពុជា​-​ជប៉ុន​កំពុង​ស្ថិតក្នុង​ដំណើរការ​នៃ​ការចរចា លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ លើ​ប្រាក់ចំណូល​។ លើសពីនោះ ក្រសួងពាណិជ្ជកម្ម​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​អង្គការ JETRO ក្នុង​គោលបំណង​បង្កើត​ក្របខ័ណ្ឌ នៃ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ភាគី ទាំងពីរ​កម្ពុជា​-​ជប៉ុន សំដៅ​៖ ១) ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​ជប៉ុន​ក្នុង​វិស័យ​ពាណិជ្ជកម្ម ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត និង ២) លើកកម្ពស់​បរិយាកាស​វិនិយោគ ដើម្បី​លើកទឹកចិត្ត​ក្រុមហ៊ុន​ឯកជន​ជប៉ុន​ឲ្យ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×