បន្ទាយមានជ័យ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បានសម្រេចឃុំខ្លួនមន្ត្រីកងរាជអាវុធហត្ថ២នាក់ ដាក់ពន្ធនាគារខេត្តបន្ទាយមានជ័យជាបណ្តោះអាសន្ន ករណីប្រើហិង្សាបណ្តាលឱ្យស្លាប់ដល់ជនសង្ស័យម្នាក់។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់ សាលាដំបូងខេត្តបន្ទាយមានជ័យ។
សេចក្តីប្រកាសព័ត៌មានរបស់ សាលាដំបូងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មន្ត្រីអាវុធហត្ថទាំងពីររូបនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោស និងបទ ហិង្សាដោយចេតនាស្ថានទម្ងន់ទោសដោយសារមរណភាព នៃជនរងគ្រោះ» តាមបញ្ញត្តិនៃមាត្រា២១៨ និងមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
កងអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បាន បញ្ជូនខ្លួន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ២នាក់ ទៅតុលាការករណីធ្វើទារុណកម្មជនសង្ស័យម្នាក់ឲ្យស្លាប់ ។
សេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា លោកវរសេនីយឯក ស ប៊ុនសឿង ជាមេបញ្ជារង និងលោកអនុសេនីយទោ ឆយ រដ្ឋនា ជាជំនួយការការិយាល័យគ្រឿងញៀន ត្រូវក្រុមសើបអង្កេតពិសេសរកឃើញថា មានជាប់ពាក់ព័ន្ធការស្លាប់របស់ជនសង្ស័យ ឈ្មោះ ទុយ ស្រស់។
លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសុំបានថ្លែងថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មានជូនអ្នកសារព័ត៌មាន និងសាធារណជនជ្រាបថា៖
បន្ទាប់ពីទទួលបាននូវព័ត៌មានភាពមិនប្រក្រតីនៃការអនុវត្តតួនាទី ភារកិច្ចបណ្តាលឱ្យស្លាប់ជនសង្ស័យដោយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់ ជាលទ្ធផលបានរកឃើញការពិតដូចខាងក្រោម ៖
១- នាយទាហាននៃកងរាជអាវុធហត្ថចំនួន២នាក់ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យពិតប្រាកដមែន។ -វរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខៈ ១៩៧៣៩២ មុខងារៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង-អនុសេនីយ៍ទោ ឆយ រដ្ឋនា អត្តលេខៈ ១៩៧៣៩៩ មុខងារៈ ជំនួយការការិយាល័យប្រឆាំងគ្រឿងញឿន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
២- ការធ្វេសប្រហែសក្នុងការអនុវត្តតួនាទី ភារកិច្ចដោយឃាត់ខ្លួនជនសង្ស័យនៅជាមួយក្រុមក្មេងដែលកំពុងអប់រំបន្សាបគ្រឿងញៀន និងបណ្តោយឱ្យក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យ។ ក្រោយពីការបញ្ជូនខ្លួនទៅកាន់ពន្ធនាគារតាមដីកាឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់។
៣- ជាវិធានការ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកសាងសំណុំរឿងនាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន២នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចោទប្រកាន់តាមច្បាប់។
តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៥ខែមករា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងឱកាសអញ្ជើញជាអធិបតីចូលរួមក្នុងពិធីសំណេះសំណាល និង ពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៤ នៅ ពិព័រណ៍កោះពេជ្រ កាលពីម្សិលថ្ងៃទី ១៤ មករា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅ លោក កែវ រ៉េមី និងលោក សៅ សុខា ចាត់តាំងគណៈកម្មការស្រាវជ្រាវជាបន្ទាន់ លើបញ្ហាដែលមានមនុស្សស្លាប់ នៅខេត្តបន្ទាយមានជ័យ ដោយសារការធ្វើទារុណកម្ម។ ប្រសិនបើមានករណីដូច្នោះមែន ចំពោះអ្នកដែលបានធ្វើឲ្យគេមានរបួសស្នាម រហូតដល់ស្លាប់ គឺត្រូវតែចាប់មកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន ដោយមិនមានការអត់ឱននោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ចាក់ថា ទាក់ទងរឿងរ៉ាវទំនាស់ដីធ្លី គឺមិនត្រូវបានទទួលនូវការឃុំខ្លួននោះទេ ហើយក៏មិនធ្លាក់ដល់បញ្ហារឿងព្រហ្មទណ្ឌនោះដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាសាធារណៈថាគឺ ត្រូវតែចាប់ខ្លួនអ្នកធ្វើទារុណកម្មគេឲ្យខានតែបាន។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្រាវជ្រាវករណីប្រជា ពលរដ្ឋតវ៉ារឿងជម្លោះដីធ្លីនៅខេត្តបន្ទាយ មានជ័យ ត្រូវបានគេធ្វើទារុណកម្ម រហូតដល់ស្លាប់។ ដោយសម្តេចបានបញ្ជាឲ្យចាប់អ្នកដែលប្រព្រឹត្តធ្វើទារុណកម្មលើប្រជាពលរដ្ឋដល់ស្លាប់ យកមកផ្តន្ទាទោស។
ចំណែកកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីសម្រេច បង្កើតគណៈកម្មការចំពោះកិច្ចធ្វើអធិការកិច្ចនូវបាតុភាពដែលបានកើតឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ត្រួតពិនិត្យសកម្មភាពការងាររបស់នាយទាហានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងការប្រតិបត្តិការតួនាទី ភារកិច្ច។
ក្រុមការងារចំពោះកិច្ចបានទៅដល់ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ តំណាងអ្នកមានជម្លោះដីធ្លី៣នាក់ដែលនៅមានជីវិត ក្រោយពេលតំណាងម្នាក់ទៀតដែលជាប់ឃុំជាមួយគ្នាបានស្លាប់កាលពីដើមខែនេះ បានដាក់ពាក្យប្តឹងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ថាបានវាយធ្វើទារុណកម្មលើក្រុមលោក ដើម្បីបង្ខំយកចម្លើយសារភាព។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ប្រជា ពលរដ្ឋប្រមាណ២០០នាក់ តំណាងឱ្យ៦០០គ្រួសារ មកពីឃុំចង្ហារ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តវ៉ានៅមុខសាលាខេត្តក្នុងជម្លោះដីធ្លី បន្ទាប់សមត្ថកិច្ចចាប់តំណាងរបស់ពួកគាត់៥នាក់ឃុំខ្លួន។ លុះរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ តំណាងម្នាក់ក្នុងតំណោមនោះ ឈ្មោះ ទុយ ស្រស់ បានស្លាប់ ដោយខេត្តបញ្ជាក់ថា ដោយសារតែបញ្ហាញៀនស្រា ប៉ុន្តែ អ្នកជាប់ឃុំជាមួយ ចោទថា ដោយសារការធ្វើទារុណកម្ម។
ទោះយ៉ាងណា ជុំវិញករណីស្លាប់លោក ទុយ ស្រស់នេះ អ្នកជាប់ឃុំជាមួយអះអាងថា បានឃើញផ្ទាល់ភ្នែកករណីវាយធ្វើទារុណកម្មពីកម្លាំងសមត្ថកិច្ច។
លោក នូវ នឿន តំណាងម្នាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលបានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី១២ ខែមករា បានប្រាប់វីអូឌី តាមទូរសព្ទថា ការស្វែងរកកិច្ចអន្តរាគមន៍តាមរយៈមេធាវី អង្គការមិនមែនរដ្ឋាភិបាលនៅពេលនេះ គឺដើម្បីទាមទាររកយុត្តិធម៌សម្រាប់ខ្លួនលោកផ្ទាល់ និងមនុស្សផ្សេងទៀត។ បើតាមលោក នឿន ក្នុងអំឡុងពេលចាប់ និងឃុំខ្លួននោះ គឺកងកម្លាំងកងរាជអាវុធហត្ថខេត្ត បានវាយធ្វើបាបពួកគាត់ស្ទើរស្លាប់។
លោកបន្ថែមថា៖ ដាក់ខ្នោះរួចរុញចូលក្នុងឡាន វ៉ៃបន្ថែម បុកបន្ថែម កាច់ក និងវ៉ៃពីមុខ។ អ៊ីចឹង ពួកខ្ញុំត្រូវបានគេរុញចូលក្នុងឡានទាំង៥នាក់ រួចយកពួកខ្ញុំទម្លាក់នៅមុខដងទង់ជាតិ។ ខ្ញុំស្មានថា ឱ្យពួកខ្ញុំគោរពទង់ជាតិ។ ពួកខ្ញុំ គេតម្រូវឱ្យអង្គុយនៅមុខដងទង់ជាតិហ្នឹងតែម្ដង។ បន្ទាប់មក គេឱ្យតម្រៀបជួរគ្នា ហើយចាប់ផ្ដើមទាត់វ៉ៃម្នាក់ៗបីបួនជើងៗ។ បើខ្ញុំវិញគេ (ប៉េអឹម) ទាត់បីជើង រួចថែម១ដៃទៀត របូតធ្មេញមួយចំហៀង ។
នៅព្រឹកថ្ងៃទី១២ ខែមករា សកម្មជនដីធ្លី ៣នាក់ រួមមាន លោក អាន រួន លោក នូវ នឿន និងលោក ហ៊ឹម គីរី បានស្នើសុំមេធាវីពីខាងសមាគមអាដហុក។ លោក អាន រួន បញ្ជាក់ថា ការពឹងពាក់មេធាវីពីអង្គការសង្គមស៊ីវិលនៅពេលនេះ គឺដើម្បីបើកផ្លូវឱ្យពួកគាត់ អាចមានលទ្ធភាពក្នុងការតតាំងតាមផ្លូវច្បាប់នៅតុលាការ នាពេលខាងមុខ។
លោក នូវ នឿន បញ្ជាក់ថា ក្នុងចំណោមតំណាង៥នាក់ ដែលត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួន គឺមានតែ៣នាក់ប៉ុណ្ណោះ សម្រេចចិត្តដាក់ពាក្យប្តឹង ប្រឆាំងការធ្វើទារុណកម្មនេះ ចំណែកអ្នកផ្សេងទៀត លោកមិនបានដឹងថា មានមូលហេតុអ្វីបានពួកគេមិនប្តឹង។ លោកដាក់ការសង្ស័យថា អ្នកទាំងនោះមានការភ័យខ្លាចចំពោះសុវត្ថិភាព។
អ្នកស្រី ប៊ុយ គីមឡាក់ ភរិយាលោក ទុយ ស្រស់ និងលោក យិប ម៉ក់ តំណាងពលរដ្ឋម្នាក់ក្នុងចំណោម៥នាក់ គឺមិនអាចទាក់ទងតាមទូរសព្ទដើម្បីសាកសួរជុំវិញមូលហេតុមិនដាក់ពាក្យប្តឹងបានទេ ដោយទូរសព្ទហៅមិនចូលរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ទាក់ទងនឹងសុវត្ថិភាពនេះដែរ តំណាងទាំង៣នាក់ ដែលមកស្នើសុំមេធាវី និងដាក់ពាក្យបណ្ដឹងនៅការិយាល័យ អាដហុក អះអាងថា ពេលនេះមានមនុស្សស្លៀកស៊ីវិល តាមឃ្លាំមើលពួកគាត់ជាប្រចាំ។
ទាក់ទងសំណុំរឿងព្រហ្មទណ្ឌនេះ សកម្មជនដីធ្លីបានអះអាងថា អ្នកដែលបញ្ជាឱ្យវាយធ្វើបាប និងទាត់ធាក់ពួកគេ គឺជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ឈ្មោះ សរ ប៊ុនសឿង។ ប្រភពបន្ថែមថា លោក ប៊ុនសឿង ក្រៅពីបញ្ជាឱ្យកូនចៅវាយ និងធ្វើទារុណកម្មយកចម្លើយហើយ មន្ត្រីរូបនេះ បានប្រើហិង្សាដោយខ្លួនឯងមកលើពួកគាត់ជាអ្នកតវ៉ារឿងដីធ្លីផ្ទាល់ថែមទៀត។
លោក អាន រួន តំណាងម្នាក់ក្នុងចំណោមសកម្មជនទាំង ៥នាក់ ថ្លែងថា លោកត្រូវបានលោក សរ ប៊ុនសឿង ចាប់ទះកំផ្លៀង និងវាយបត់កក្នុងបំណងឱ្យស្លាប់ មុននឹងត្រូវបញ្ជូនចូលទៅក្នុងរថយន្ត។ លោកបន្តថា ក្នុងអំឡុងពេលឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងរូបនេះ បានបញ្ជាឱ្យកូនចៅ វាយសួរចម្លើយបន្ថែមទៀត ក្នុងទម្រង់ធ្ងន់ធ្ងរមកលើពួកគាត់។
លោកបន្ថែមថា៖ គ្នាគេបីបួននាក់ រើម៉េចឈ្នះ។ គេដាក់យកៗ (វាយ) ខ្ញុំឡើងឈាមក្បាលជោគអាវអស់។ វាយខ្ញុំឡើងរយៈត្របកភ្នែកអស់។ អុកជង្គង់ អុកជង្គង់ឡើងឆ្អឹងខ្នង និងអូសវ៉ៃពីលើក្បាលថែមទៀត រួចហើយដាក់មួកសុវត្ថិភាព រួចអូស ហើយកាច់កខ្ញុំបំបាក់។ វ៉ៃនេះវ៉ៃមែនទែន វ៉ៃយកឱ្យងាប់តែម្ដង។ មកដល់ខាងក្នុងទីបញ្ជាការកងរាជអាវុធហត្ថ លោក ប៊ុនសឿង គេវ៉ៃថែមទៀត។ ម្នាក់ថែមបីបួនជើងទៀត ទប់គ្នាហ្នឹងឯង
រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន ពន្យល់ករណីពលរដ្ឋម្នាក់ ឈ្មោះ ទុយ ស្រស់ ដែលបានស្លាប់ក្រោយពីមានការឃាត់ខ្លួន ពាក់ព័ន្ធទំនាស់ដីធ្លីរួម និងបញ្ជូនទៅតុលាការ ហើយតុលាការបង្គាប់ឲ្យឃុំខ្លួន។ ក្នុងលិខិតបំភ្លឺរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះឈ្មោះ ទុយ ស្រស់ មានសភាពមិនប្រក្រតី មានសុខភាពមិនល្អ និងញៀនស្រាដាច់មិនបាន។
ពាក់ព័ន្ធករណីខាងលើនេះ មានគណនីហ្វេសប៊ុក ឈ្មោះ Sopheak Sum បានសរសេរថា អូ!…លើលោកនេះមានអ្នកញៀនស្រាដាច់មិនបាន គាំងបេះដូងស្លាប់បែកមុខ បែកមាត់ ជាំក្បាល ឈាមតាមត្រចៀកដែរ។ នេះនិយាយតែរបួសលើមុខ លើក្បាល មិនដឹងថាលើដងខ្លួនរបួសអីខ្លះទៀតទេ។ យើងធ្វើការសន្និដ្ឋានតាមភ្នែកមើលឃើញថាជនរងគ្រោះមិនមែនស្លាប់ដូចការសន្និដ្ឋានរបស់រដ្ឋបាលខេត្តបានបំភ្លឺទេ ប្រសិនបើវិភាគតាមវេជ្ជសាស្ត្រ ដោយធ្វើកោសល្យវិច័យលើសាកសព នឹងកាន់តែច្បាស់ជាងនេះទៀត។
រឿងនេះអយុត្តិធម៌លើជនរងគ្រោះខ្លាំងណាស់ បើពលរដ្ឋខ្មែរដែលមិនទាន់ប៉ះលើខ្លួន នៅឈអោបដៃមើលចំពោះរឿងដ៏អយុត្តិធម៌មួយនេះដោយបណ្តែតបណ្តោយឲ្យវាស្ងាត់កប់បាត់ទៅតាមពេលវេលា នោះរឿងអយុត្តិធម៌បែបនេះនឹងរីករាលដាលទៅដល់កន្លែងផ្សេងៗទៀតដែលបងប្អូនកំពុងតែរស់នៅ នៅថ្ងៃណាមួយជាក់ជាមិនខានឡើយ។
បណ្តាញសង្គមហ្វេសប៊ុក មួយចំនួន បានលើកឡើងថា ពេលទើបចាប់ខ្លួនលោក ទុយ ស្រស់ មុខគាត់ស្រស់ថ្លា មានកំលាំងរឹងមាំ មិនមែនហើមស្ពុល ដូចសេចក្តីប្រកាសព័ត៌មានបំភ្លៃរឿងពិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និយាយថា “លោក ទុយ ស្រស់ មានសភាពមិនប្រក្រតី មានសុខភាពមិនល្អ និងញៀនស្រាដាច់មិនបាននោះទេ។ ច្បាស់ណាស់គាត់ត្រូវបានរងការធ្វើទារុណកម្មពីកងកំលាំងខេត្ត បណ្តាក់គ្នាវាយយ៉ាងធ្ងន់ធ្ងរ រហូតដល់ស្លាប់បាត់បង់ជីវិតយ៉ាងវេទនាបំផុត។ បង្កការឈឺចាប់ដល់ជនរងគ្រោះផង និងក្រុមគ្រួសារផង។ រឿងនេះ បើនៅប្រទេសដែលពលរដ្ឋស្អប់ខ្ពើមទង្វើអាក្រក់ នឹងមិនលើកលែងឲ្យអ្នកធ្វើទង្វើឃោរឃៅយង់ឃ្នងបែបនេះ រួចខ្លួនបានទេ។ យើងមិនត្រូវបណ្តោយឲ្យរឿងដ៏សាហាវឃោរឃៅមួយនេះស្ងាត់កប់បាត់តាមពេលវេលាឡើយ៕ដោយ៖បញ្ញាស័ក្តិ