Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​អភិវឌ្ឍ​កូនក្មេង​ម្នាក់ ឲ្យ​មាន​អនាគត​ល្អ ត្រូវមាន​ការចូលរួម​ពី​គ្រប់លំដាប់​ថ្នាក់ ទាំង​គ្រូ ទាំង​អាណា​ព្បា​បាល និង​ទាំង​អ្នក​ជុំវិញខ្លួន​

spot_img

ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ បាន​អះអាងថា ដើម្បី​អភិវឌ្ឍ​កូនក្មេង​ម្នាក់ ឲ្យ​មាន​អនាគត​ល្អ ត្រូវមាន​ការចូលរួម​ពី​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ទាំង​គ្រូ ទាំង​អាណា​ព្បា​បាល និង​ទាំង​អ្នក​ជុំវិញខ្លួន ទើប​ធ្វើ​ឲ្យ​ក្មេង​ម្នាក់នេះ មានការ​រីកចម្រើន​បានល្អ ដូច្នេះ​សូម​ឪពុកម្តាយ​ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​នេះ​ជាទីបំផុត ហើយ​អាណាព្យាបាល​ទាំងអស់ កុំ​គិតថា កូន​បាន​សិក្សា​នៅ​សាលា​ឯកជន ឬ​សាលា​រដ្ឋ ឬ​សាលា​អន្តរជាតិ មាន​កម្រិតសិក្សា និង​ចំណេះដឹង​ខុសគ្នា ព្រោះ​លោកគ្រូ អ្នកគ្រូ បាន​យកចិត្តទុកដាក់ ក្នុងការ​បង្រៀន​សិស្ស តាម​កម្មវិធីសិក្សា​រប​ស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​យ៉ាង​ល្អ​។​

​លោកជំទាវ ស្រូ​យ សុជាតិ អគ្គនាយិកា នៃ​អគ្គនាយកដ្ឋាន​យុវជន ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ជា​អគ្គលេខាធិការ នៃ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​អភិវឌ្ឍ​យុវជន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ប័ណ្ណសរសើរ​ជូន​ដល់​បុគ្គលិក ថ្នាក់ដឹកនាំ​ឆ្នើម វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា និង​អាហារូបករណ៍ ជូន​ដល់​សិស្ស​ពូកែ​ប្រចាំឆ្នាំ​២០១៩ នៃ​សាលា​អន្តរជាតិ​អាស៊ាន កាលពី​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០២០​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា សុភាសិត​មួយ​បាន​លើកឡើងថា “​បើ​អ្នកណា​បើកទ្វា​សាលា អ្នកនោះ​បិទ​ច្រក​នូវ​ការ​ល្អិត​ល្ងង់​” ។ ដូច្នេះ​ការវិនិយោគ​របស់​អស់លោក​លោកស្រី​ដែលជា​អាណាព្យាបាល លើ​កូន​នោះ គឺជា​ការវិនិយោគ​យ៉ាង​ត្រឹមត្រូវ​ជាទីបំផុត និង​មាន​លទ្ធផល​ដ៏​យូរអង្វែង​។

​លោកជំទាវ បាន​បន្តថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា យើង​ទទួលបាន​នូវ​សុខសន្តិភាព ។ ក្រៅ​តែ​អំពី​ការផ្គត់ផ្គង់​ការអប់រំ សាលា​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដោយសារ​មិនមាន​ការ​គ្រប់គ្រាន់​ចំពោះ​សិស្ស បានន័យថា​មិនមាន​គ្រប់​ច្រក​ល្អក ទើប​មានការ​ចូលរួម​របស់​សាលា​ឯកជន​។
​លោកជំទាវ ក៏បាន​អំពាវនាវ​ដល់​អាណាព្យាបាល កុំ​គិតថា កូន​បាន​សិក្សា​នៅ​សាលា​ឯកជន ឬ​សាលា​រដ្ឋ ឬ​សាលា​អន្តរជាតិ ព្រោះថា​លោកគ្រូ​អ្នកគ្រូ បាន​យកចិត្តទុកដាក់​ក្នុងការ​បង្រៀន​សិស្ស​តាម​កម្មវិធីសិក្សា​បាន​យ៉ាង​ល្អ ។ “​ដើម្បី​អភិវឌ្ឍ​កូនក្មេង​ម្នាក់ ដើម្បី​ឲ្យ​មាន​អនាគត​បាន ត្រូវមាន​ការចូលរួម​ពី​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ទាំង​គ្រូ ទាំង​អាណា​ព្បា​បាល ទាំង​អ្នក​ជំវិញខ្លួន ទើប​ធ្វើ​ឲ្យ​ក្មេង​ម្នាក់នេះ មានការ​រីកចម្រើន​បានល្អ ដូច្នេះ​សូម​ឪពុកម្តាយ​ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​នេះ​ជាទីបំផុត​” លោកជំទាវ បាន​ថ្លែង​បន្ថែម​ដូច្នេះ​។

​លោកជំទាវអគ្គ​នាយិកា បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​លោក​ព្រឹទ្ធសភា​ចា​រ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​យកចិត្ត​ក្នុងការ​ធ្វើកំណែទម្រង់​លើ​វិស័យ​អប់រំ ដែល​ការធ្វើកំណែទម្រង់​នេះ ផ្តល់​ការសិក្សា​មួយ​យ៉ាង​ជាក់លាក់ ផ្តល់​ការសិក្សា​មួយ​ដល់​សិស្ស​និស្សិត សិស្សានុសិស្ស​ទាំងអស់ ។ នេះហើយ​ជា​អ្វីដែល​សាលា​គ្រប់​ទីកន្លែង​ទាំងអស់ ធ្វើ​អ្វី​ទាក់ទង​នឹង​ការអប់រំ​ចង់បាន​។ ជាថ្មី​ម្តងទៀត លោកស្រី​បាន​រំលឹកថា ការអប់រំ​កូនក្មេង​ម្នាក់ ដើម្បី​ឲ្យ​មានចំណេះ​វិជ្ជា មិនមែន​គ្រាន់តែ​ជាការ​អប់រំ នៅក្នុង​សាលា​នោះទេ គឺ​ឪពុកម្តាយ​ត្រូវ​អប់រំ​កូនៗ​របស់ខ្លួន​នៅផ្ទះ​បន្ថែមទៀត​។ លោកជំទាវ ក៏បាន​ផ្តល់នូវ​យោល់​គន្លឹះ​យ៉ាងសំខាន់​ដល់​សាលា​អន្តរជាតិ​អាស៊ាន​ថា ការវិនិយោគ​លើ​វិស័យ​អប់រំ មិន​ដូច​ការលក់​ខោអាវ ដែលមាន​ការបញ្ចុះ​តម្លៃ​នោះទេ គឺ​ត្រូវតែ​ពង្រឹងគុណភាព យកគុណ​ភាពជា​ចម្បង សិក្សា​ភាព​បរទេស​ត្រូវ​ភ្ជាប់​ជាមួយ​កំ​ព្យូ​ទ័​រ ព្រោះ​ឥឡូវ​យើង​ឈានដល់​កម្រិតសិក្សា​វិទ្យាសាស្ត្រ ៤.០ ហើយ​បច្ចុប្បន្ន​ការសិក្សា​តាម​កម្មវិធី​ថ្មី​បែប​ទំនើប​ដែលមាន​ឈ្មោះ ស្ទែ​ម (Stem) ដែល​ជំរុញ​ឲ្យ​សិស្ស​ទាំងអស់​ឈានទៅរក​វិទ្យាសាស្ត្រ​ពិត ។

​ក្នុងឱកាស​នោះដែរ លោក ហុង លីម ជា​គណៈ​គ្រប់គ្រង​និង​ស្ថាបនិក​សាលា​អន្តរជាតិ​អាស៊ាន បាន​ថ្លែងថា សាលា​អន្តរជាតិ​អាស៊ាន បាន​ចាប់ដំណើរការ​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០០៦ ។ គិត​មកដល់ បច្ចុប្បន្ន​មាន​អាយុកាល​១៨​ឆ្នាំ នៅលើ​វិថី​អប់រំ​និង​បណ្តុះបណ្តាល​ធនធានមនុស្ស ក្រោម​ចក្ខុវិស័យ គុណភាព ឧត្តមភាព និង គុណធម៌ អម​ជាមួយ​បេសកកម្ម​ចម្បង គឺ លើកកម្ពស់​ការសិក្សារ​បស់​សិស្ស​ឲ្យ​មាន​ភាពល្អប្រសើរ ជាមួយ​ការបង្រៀន​តាម និយាម​គរុកោសល្យ និង​សម្ភារ​ឧបទេស​ទាន់​សម័យកាល​។ ផ្តល់ជូន​សិស្សានុសិស្ស​នូវ​បរិយាកាស​សិក្សា​ប្រកបដោយ​សុវត្ថិភាព ផាសុកភាព ។ លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ ឥរិយាបទ​ប្រកបដោយ​គុណធម៌ និង​វប្បធម៌​ឲ្យ​តម្លៃ​គ្នា ព្រមទាំង​អប់រំ​សិស្សានុសិស្ស​ឲ្យ​មាន​ផ្នត់គំនិត​សុទិដ្ឋិនិយម សីលធម៌ និង​សុជីវធម៌ ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឫស្សី និង​ពលរដ្ឋ​គំរូ​ក្នុងសង្គម​។​

​គួរ​រំលឹក​ផងដែរ សាខា​ដំបូង​បំផុត មាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន​។ ដោយ​កិច្ចខិតខំ​ប្រឹងប្រែង និង​សាមគ្គីភាព​ពី​សំណាក់​ថ្នាក់ដឹកនាំ​និង​បុគ្គលិក រួមផ្សំ​និង​ការផ្តល់​ទំនុកចិត្ត​ពី​សំណាក់​សិស្សានុសិស្ស និង​មាតាបិតា​សិស្ស សាលា​បាន​ពង្រីក​ទីតាំង​បន្ថែម​ជា​បន្តបន្ទាប់ រហូត​មាន​ចំនួន​៧​សាខា ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ហើយ​គោលដៅ​សាខា​ទី​៨ សម្រាប់​ឆ្នាំ​២០២០ មាន​ទីតាំងនៅ​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ​។ គិត​មកដល់​បច្ចុប្បន្ន សាលា​មាន​​សិស្សានុសិស្ស​សរុប ៤៩២៥​នាក់ និង​បុគ្គលិក​កំពុង​បម្រើ​ការងារ​ចំនួន​២៦៩​នាក់​។​

​លោក​បាន​បន្តថា ក្នុង​រយៈកាល​ជាង​១​ទសវត្សរ៍​កន្លងមក​នេះ ក្រៅពី​ការផ្តល់​ចំណេះដឹង​ដល់​កុលបុត្រ​កុលធីតា​កម្ពុជា សាលា​បាន​ចូលរួម​ផ្តល់ឱកាស​ការងារ​ដល់​បុគ្គលិក​ជាច្រើន​រយ​នាក់ ឲ្យ​ទទួលបាន​ទាំង​ចំណេះ​និង ការពង្រីក​និង​ពង្រឹង​ជំនាញ ក៏ដូចជា​បន្ថែម​បទពិសោធន៍​ក្នុង​ជីវិត​ការងារ ការ​ទ្រទ្រង់​ជីវភាព និង​ទុន​បន្ត​ការសិក្សា​។​

​ដោយឡែក​ចំពោះ​សិស្សានុសិស្ស ក្រៅពី​ផ្តល់​ចំណេះដឹង​ផ្នែក​ភាសា និង​ចំណេះដឹង​ទូទៅ សាលា​តែង​យកចិត្តទុកដាក់ ក្នុងការ​អប់រំ​សីលធម៌ សុជីវធម៌ វិន័យ បណ្តុះ​ផ្នត់គំនិត​ក្នុងការ​ចែករំលែក​តាម​រយៈ​ការធ្វើសកម្មភាព​សង្គម និង​ពិធី​រៃអង្គាស​នានា ដើម្បី​បរិច្ចាគ​ជូន​ដល់​កុមារ​ក្រីក្រ​ទីជនបទ និង​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ជាងនេះទៅទៀត សិស្សានុសិស្ស​ទាំងអស់ ទទួលបាន​ការបណ្តុះ​ផ្នត់គំនិត​ភាពជា​អ្នកដឹកនាំ ជា​ធនធាន​ដែល​នឹង​ធំធាត់​ដោយមាន​គោលដៅ​ជាក់លាក់ មាន​ផែនការ​ជីវិត​ទៅតាម​ដំណាក់កាល​នៃ​វ័យ​របស់ខ្លួន​។

​លោកនាយក​សាលា សូម​លើកទឹកចិត្ត​ដល់​មាតាបិតា​សិស្ស​ទាំងអស់ សូម​ចូលរួម​ស្វែងយល់​។ ជាក់ស្តែង នៅក្នុង​ឆ្នាំ​២០១៩​កន្លងទៅនេះ គឺជា​ឆ្នាំ​ទី​១​ដែល​សាលា​បាន​អនុវត្ត ការបញ្ជ្រាប​នូវ​កម្មវិធី​ទម្លាប់​ល្អ​ទាំង​៧​របស់​បុគ្គល​ឆ្នើម (The 7 habits for Highly Effective People) ដោយ​ទទួល​សិទ្ធិ​ស្របច្បាប់​ពី Franklin Covey សហរដ្ឋ អាមេរិក​។ ជា​កម្មវិធី​ដែលមាន​សាលា​ចំនួន​​ជាង​៤ooo ក្នុងចំណោម​១៧៥​ប្រទេស កំពុង​ដាក់​អនុវត្ត​។​

តាមរយៈ​ការអញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​នានា របស់​សាលា ដែលមាន​ការដាក់​បញ្ជ្រាប​កម្មវិធី​នេះ និង​សូម​លើកទឹកចិត្ត​បុត្រ​ធីតា​ឲ្យ​ចូលរួម​ចាប់ផ្តើម​អនុវត្ត​ដើម្បី​កែប្រែ​ទម្លាប់​អវិជ្ជមាន ហើយ​​ទទួលយក​ទម្លាប់​វិជ្ជមាន ដែលមាន​ប្រយោជន៍​ចំពោះ​ខ្លួនឯង​។​

​ក្នុងនាម​ជា​គ្រឹះស្ថាន​អប់រំ​ឯកជន​មួយ ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មាតាបិតា​សិស្ស​​សាលា​អន្តរជាតិ​អាស៊ាន តែង​ចូលរួម​លើកកម្ពស់​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ស្តីពី​ការអប់រំ​ឆ្នាំ​២០៣០ ឆ្ពោះទៅ​ធានា​គុណភាព​អប់រំ ប្រកបដោយ​បរិ​យា​ប័ន្ន និង​លើកកម្ពស់​ការសិក្សា​ពេញ​មួយជីវិត​​សិទ្ធិសេរីភាព និង​សុភមង្គល​សម្រាប់​បុគ្គល គ្រួសារ​និង​សង្គមជាតិ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×