ក្រុមហ៊ុនយក្ស Facebook បានធ្វើការសូមទោសដោយសារតែធ្វើការបកប្រែ ឈ្មោះរបស់ប្រធានាធិបតីចិន Xi Jinping ពីភាសាមីយ៉ាន់ម៉ាទៅអង់គ្លេសខុសបច្ចេកទេស។
កំហុសនៃការបកប្រែត្រូវបានគេកត់សម្គាល់ដឹងនៅថ្ងៃទី ២នៃការធ្វើដំណើរទស្សនកិច្ច ផ្លូវរដ្ឋរបស់មេដឹកនាំចិនទៅកាន់ប្រទេសមីយ៉ានម៉ា។
កាលពីថ្ងៃសៅរិ៍ ប្រធានាធិបតីនចិន Xi Jinping បានជួបនឹងមេដឹកនាំមីយ៉ាន់ម៉ា អ្នកស្រី Aung San Suu Kyi ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់មីយ៉ាន់ម៉ាស្តីពីការជួបពិភាក្សាគ្នា ឈ្មោះជាភាសាអង់គ្លេសរបស់មេដឹកនាំចិន ត្រូវបានបកប្រែមិនត្រឹមត្រូវ។
ឈ្មោះលោក Xi Jinping ត្រូវបានហ្វេសប៊ុកបកប្រែទៅជា “Mr Shithole” ទៅវិញ ហើយកំហុសនេះត្រូវបានគេចែករំលែកចូល ក្នុងគណនីផ្លូវការរបស់មេដឹកនាំមីយ៉ាន់ម៉ា និងការិយាល័យរបស់អ្នកស្រី។
ក្រុមហ៊ុន Facebook បានធ្វើការបញ្ជាក់នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃសៅរិ៍ថា បញ្ហានោះកើតឡើងដោយសារតែបញ្ហាបច្ចេកទេស។
“ពួកយើងបានដោះស្រាយបញ្ហាបច្ចេកទេសដែលបង្ក ឲ្យមានការបកប្រែខុសពីភាសាមីយ៉ាន់ម៉ា ទៅអង់គ្លេសនៅលើហ្វេសប៊ុក”។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ុនហ្វេសប៊ុកឈ្មោះ Andy Stone។
លោកបានបញ្ជាក់ថា រឿងនោះនឹងមិនកើតមានទៀតទេ។
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC