Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បោះ​តង់​បរិស្ថាន​និង​បំបួស​ដើមឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​

spot_img

ភ្នំពេញ ​៖ ​ក្រសួងបរិស្ថាន​នឹង​រៀបចំ​កម្មវិធី​បោះតង់​បរិស្ថាន​និង​បំបួស​ដើមឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​នៅ​ថ្ងៃទី​១៤ និង​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០​ខាងមុខ ដោយ​គ្រោង​នឹងមាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ប្រជា​សហគមន៍​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​កំពុង​រស់នៅក្នុង​និង​ជុំវិញ​តំបន់​ព្រៃ​ឡង់ ព្រមទាំង​យុវជន​យុវនារី​នៃ​ក្រសួងបរិស្ថាន សរុប​ប្រមាណ​៥០០ នាក់ ដើម្បី​បង្កើន​សេចក្តីស្រឡាញ់ និង​ការចូលរួម​ការពារ អភិរក្ស​ធនធានធម្មជាតិ​ជា ជីវ​:​ចម្រុះ និង​ប្រព័ន្ធ​អេកូ​ឡូ​ស៉ី នៅ​កម្ពុជា​និយាយ​ជារួម និង​ជាពិសេស​នៅ​តំបន់​ព្រៃ​ឡង់​។ នេះ​ជាការ​ថ្លែង​ឱ្យដឹង​របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ នេះ​។ លោក​ក៏បាន​ថ្លែងថា ៖ «​ក្រសួងបរិស្ថាន សូម​អញ្ជើញ​ដៃគូ​អភិវឌ្ឍន៍ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល សហគមន៍​មូលដ្ឋាន​នានា​ចូលរួម​ក្នុង​កម្មវិធី​នេះ​ទាំងអស់គ្នា ដើម្បី​រួម​សាមគ្គី​គ្នា​ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែល​ប្រទេស​កម្ពុជា​យើង​មាន​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​»​។

​បើតាម​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅក្នុង​កម្មវិធី​នោះ នឹង​មានការ​បំបួស​ដើមឈើ និង​ការធ្វើ​បទ​បង្ហាញ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ធនធានធម្មជាតិ ជីវ​:​ចម្រុះ និង​សេវាកម្ម​ប្រព័ន្ធ​អេកូ​ឡូ​ស៉ី​នៃ​តំបន់​ព្រៃ​ឡង់​ដល់​អ្នកចូលរួម​ផងដែរ​។ លោក​បាន​ថ្លែង ថា​៖«​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​បោះតង់​បរិស្ថាន និង​ពិធី​បំបួស​ដើមឈើ​នេះ​គឺ​ដេី​ម្បី​បណ្តុះ​ស្មារតី​ស្រឡាញ់​ធនធានធម្មជាតិ ជីវ​:​ចម្រុះ និង​ប្រព័ន្ធ​អេកូ​ឡូ​ស៉ី​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន និង​ដេី​ម្បី​ជំរុញឱ្យមាន​ការចូលរួម​កាន់តែ​សកម្ម​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​យើង​មាន​»​។ លោក​ថ្លែងថា ដោយសារតែ​កត្តា​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​បានអនុញ្ញាត​ឱ្យ​កម្ពុជា​មានឱកាស​គ្រប់គ្រាន់​គិតគូរ​លើ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជីវៈចម្រុះ គិតគូរ​ពី​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ដើម្បី​កសាង​សង្គម​កម្ពុ​ជាមួយ ប្រកបដោយ​បរិស្ថាន​ល្អ​ស្អាត ធនធានធម្មជាតិ​ត្រូវបាន​ការពារ និង​មាន​ផាសុកភាព សម្រាប់​ការរស់នៅ របស់​ប្រជាពលរដ្ឋ ហើយ​គុណភាព​បរិស្ថាន និង​និរន្តរភាព​បរិស្ថាន​ត្រូវបាន​ធានា​។

​គួរ​បញ្ជាក់ថា ព្រៃ​ឡង់​ត្រូវបាន​រាជរដ្ឋាភិបាល​បង្កើតជា​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ នៅ​ឆ្នាំ ២០១៦​ស្ថិតនៅក្រោម​សមត្ថកិច្ច​គ្រប់គ្រង​និង​អភិរក្ស​របស់​ក្រសួងបរិស្ថាន មាន​ទំហំ​ផ្ទៃដី​សរុប​ជាង ៤៣ ម៉ឺន​ហិកតា​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត ចំនួន ៤ គឺ​ខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និង​ខេត្តក្រចេះ​។ កាលពី​ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន​បានប្រកាស​ទទួលស្គាល់​ស​ហគ​មន៍​តំបន់ការពារធម្មជាតិ​ចំនួន ១៩ ដែលមាន​សិទ្ធិ​ស្របច្បាប់​ចូលរួម​សកម្មភាព​ការពារ​និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ដ៏​មាន​សារសំខាន់​នេះ​។

​លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ការប្រកាស​ទទួលស្គាល់​សហគមន៍​តំបន់ការពារធម្មជាតិ​ជា​ផ្លូវការ​ដោយ​ក្រសួងបរិស្ថាន​នេះ គឺ​ធ្វេី​ឡេី​ង​ក្នុង​បំណង​បង្កើន​ការ ចូលរួម​គ្រប់គ្រង និង​ប្រេី​ប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព ក៏ដូចជា​រួមចំណែក​លើ​ក​កម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។ លោក​បាន​ថ្លែងថា​៖ «​ការរៀបចំ​ប​ង្កេី​ត​សហគមន៍​តំបន់ការពារធម្មជាតិ​នេះ គឺជា​ការធ្វើ​ប្រជាធិបតេយ្យ​ក្នុងការ​ចែករំលែក​ការគ្រប់គ្រង និង​ការទទួលខុសត្រូវ​ជូន​ប្រជា​សហគមន៍​មូលដ្ឋាន​លេី​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ ក៏ដូចជា​ដេី​ម្បី​អនុញ្ញាតឱ្យ​ប្រជា​សហគមន៍​មាន​សិទ្ធិ​ក្នុងការ​ប្រេី​ប្រាស់​និង​អាស្រ័យ​ផល​ធនធានធម្មជាតិ​ស្របតាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​»៕​ដោយ​៖​កូ​ឡាប​

spot_img
×