ភ្នំពេញ៖ នាពេលកន្លងមក ពីរនាក់ប្ដីប្រពន្ធធ្លាប់មានឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ ប៉ុន្តែឈានដល់ដំណាក់កាលចុងក្រោយ ស្ដ្រីជាប្រពន្ធឆ្អែតចិត្តទ្រាំលែងបាន បានយកកន្សែងរឹតកសម្លាប់ប្ដី ពេលកំពុងឈ្លោះប្រកែកគ្នា ដោយសារតែភ្លើងប្រច័ណ្ឌ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្ទះគ្មានលេខមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងក្រុម៥ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ស្ដ្រីរឹតកសម្លាប់ប្ដី មានឈ្មោះ សុខ សុវណ្ណារ៉ា ហៅស្រីតូច អាយុ៥៨ឆ្នាំ មុខរបរលក់ នំបញ្ចុក និងជនរងគ្រោះជាប្ដីឈ្មោះ ស្បោង គីម អាយុ៥៩ឆ្នាំ បម្រើការងារនៅ ក្រុមហ៊ុនឯកជន។ ស្រ្តីជាឃាតករ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
មន្ដ្រីនគរបាលមូលដ្ឋាន បានអះអាងថា ពីរនាក់ប្ដីប្រពន្ធនេះ ឧស្សាហ៍ឈ្លោះប្រកែកគ្នាស្ទើររាល់ថ្ងៃ ប៉ុន្តែមិនដែលវាយតប់គ្នានោះទេ ។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យថា នៅមុនពេលកើតហេតុខ្លួន បានទៅរែកនំបញ្ចុកលក់ដូចសព្វដង ប៉ុន្តែពេលត្រឡប់មកផ្ទះវិញ ទាំងហត់នឿយ បែរជាឃើញប្ដី ៣ថ្ងៃហើយមិនហូបបាយ គឺហូបតែស្រា និងកំពុងសាសងស្នេហាជាមួយស្រីផ្សេងទៀត នៅលើគ្រែខាងមុខផ្ទះ ធ្វើឲ្យគាត់ទប់កំហឹងមិនបាន ក៏ឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃក។ ស្រាប់តែបុរសជាប្ដីបបួលប្រពន្ធទៅសាលាសង្កាត់ ដើម្បីផ្ដិតមេដៃលែងលះគ្នាទាំងកំរោល។ ឮបែបនេះ និងទាំងខ្លួនកំពុងហត់ហេវអស់កម្លាំង ធ្វើឲ្យស្ត្រីជាប្រពន្ធទ្រាំពុំបាន ក៏ស្ទុះទៅប្រតាយប្រតប់គ្នា ជាមួយបុរសជាប្ដី ទាំងដៃកាន់កន្សែងយកមករឹតកមិនលែង ដោយមិនបានដឹង ថាប្ដីស្លាប់នោះទេ។ បន្ទាប់ពីដឹងថាប្ដីដាច់ខ្យល់ស្លាប់ ស្ត្រីជាប្រពន្ធបានរត់ទៅប្រាប់មេភូមិ និងទូរស័ព្ទទៅប្រាប់សាច់ញាតិខាងប្ដី ដោយមិនរត់ទៅណាឡើយ។ សមត្ថកិច្ច ចុះឃាត់ខ្លួនស្ត្រីសង្ស័យជាប្រពន្ធ យកសាកសួរ៕ដោយ កូឡាប