Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ឆេះ​ព្រៃ​នៅ​ស្រុក​បន្ទាយស្រី មាន​ទំហំ​២០​ហិកតា ដោយសារ​ជនខិលខូច​បាន​ចូល​លួច​ដុត ដើម្បី​ទន្ទ្រាន​ចម្ការ​ព្រៃឈើ យក​ដី​ព្រៃឈើ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​

spot_img

​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដឹកនាំ​ដោយ លោក ទា គឹម​សុទ្ធ ជា​ប្រធាន​មន្ទីរ បាន​ចុះ​សិក្សា វាយតម្លៃ​ពី​ទំហំ​នៃ​ការខូចខាត ដោយ​ករណី​ឆេះ​ព្រៃ​ចម្ការ​ក្រញូង និង​កូនឈើ​ផ្សេងៗ នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០​។

​ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ យោធភូមិ​ទី​៤ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ព្រៃឈើ និង​សត្វព្រៃ ដោយ​ប្រើប្រាស់​ត្រាក់ទ័រ ២​គ្រឿង និង​មន្ត្រី​ចុះ​អ​ន្តា​គម​ន៍​ចុះ​ពន្លត់​ផ្ទាល់ រហូត​ធ្វើ​ឲ្យ​ភ្លើង​រលត់​ទាំងស្រុង​នៅវេលា​ម៉ោង ២១​និង​៥៥​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​។​

​តាមរយៈ​លទ្ធផល​នៃ​ការវាយតម្លៃ​ការខូចខាត​ឃើញថា​ដីព្រៃ​ទំហំ ២០,៣៤៤​ហិកតា រង​ការឆាបឆេះ ហើយ​ការឆេះ​នេះ គឺ​ដោយសារ​ជនខិលខូច​បាន​ចូល​លួច​ដុត ដើម្បី​ទន្ទ្រាន​ចម្ការ​ព្រៃឈើ យក​ដី​ព្រៃឈើ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​។ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​បន្ត​ស្រាវជ្រាវ​រក​ជនបង្ក ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​រដ្ឋបាលខេត្ត នឹង​រៀបចំ​ពិធី​ដាំ​កូនឈើ​ឡើងវិញ​នៅ​ចំណុច​ដែល​រង​ការឆេះ​នេះ និង​លើកទឹកចិត្ត​ឲ្យ​បានការ​ចូលរួម​ដាំ​ពី​សំណាក់​វិស័យ​ឯកជន បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត និង​សាធារណជន​ទូទៅ នា​រដូវវស្សា​ឆ្នាំ​២០២០​ខាងមុខនេះ​។ សូម​បងប្អូន​ចូលរួម​ថែរក្សា និង​ដាំ​ព្រៃឈើ ក្នុងការ​រួមចំណែក​ថែរក្សា​បរិស្ថាន ចូលរួម​ទប់ស្កាត់​ការកាប់បំផ្លាញ និង​ការទន្ទ្រាន​ដីព្រៃ​ជាដើម​។​

​រដ្ឋបាលខេត្ត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ ដែល​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់ ក្នុងការ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​ឲ្យ​រលត់​ជា​ស្ថាពរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×