ខេត្តព្រះសីហនុ៖ មន្ត្រីនាំពាក្យរដ្ឋាភិបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថា គិតត្រឹមម៉ោង ២ និង៤៦នាទី រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នៅក្នុងទឹកដី នៃខេត្តព្រះសីហនុទាំងមូល មិនមានករណីជំងឺរលាកសួតប្រភេទថ្មី (កូរ៉ូណា) នោះទេ។
លោកបន្តថា រាល់ការផ្សព្វផ្សាយព័ត៌មាន ដែលគ្មានមូលដ្ឋានការពិត គឺជាការបំពុលសង្គម និងធ្វើឱ្យមានការជ្រួលច្របល់ទៅវិញទេ។
ចំពោះករណីនេះ លោក ឃាង ភារម្យ បញ្ជាក់ថា ត្រូវរង់ចាំតាមដានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល វិញទើបត្រឹមត្រូវ ដោយមិនត្រូវនាំគ្នាបំផុសព័ត៌មានមិនពិតនោះឡើយ។
ដោយឡែក មន្ត្រីប្រចាំការនៅព្រលានយន្តហោះអន្តរជាតិកងកេង បានឲ្យដឹងដែរថា មិនមានអ្នកជំងឺរលាកសួតឆ្លងកាត់ ព្រលានយន្តហោះនេះទេ។
មន្ត្រីដដែលបានបញ្ជាក់ថា អ្នកដំណើរ ដែលធ្វើដំណើរតាមក្រុមហ៊ុនឡានម៉ី LQ871 បានចុះនៅវេលាម៉ោង ៧ និង១០នាទីព្រឹកនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ហើយថា អ្នកដំណើររូបនោះ លោកគ្រូពេទ្យ ក៏បានពិនិត្យរួចហើយ គឺមិនមានមេរោគអ្វីនៅក្នុងខ្លួន របស់គាត់ទេ ទើបគ្រូពេទ្យអនុញ្ញាត ឲ្យអ្នកដំណើររូបនោះ បានចូលព្រលានយន្តហោះនេះជាធម្មតា៕ ដោយ៖ ដែន សីមា