Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស​វិទ្យាល័យ​ហ៊ុនសែន កែវ​សីមា ដួលសន្លប់​១០​នាក់ មិនទាន់​ដឹង​មូលហេតុ​..?

spot_img

​ខេត្តមណ្ឌលគិរី​៖ សមត្ថកិច្ច​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា សិស្សសាលា​វិទ្យាល័យ​ហ៊ុនសែន កែវ​សីមា បាន​ដួលសន្លប់​ចំនួន​១០​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព និង​ពេទ្យ​ឯកជន ស្រុក​កែវ​សីមា នៅ​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​នេះ​។​

​សមត្ថកិច្ច​ឲ្យ​ដឹង​បន្តថា ក្នុងចំណោម​សិស្ស​ដួលសន្លប់​១០​នាក់​នោះ គឺមាន​សិស្ស​ម្នាក់ មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាងគេ ដោយ​ត្រូវបាន​បញ្ជូនទៅ​ស​ង្គោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី​។​

​មេឃុំ​ស្រែ​ខ្ទុ​ម ប៊ុត សំ​អ៊ែ​ល បាន​ឲ្យ​ដឹងថា រហូតមកដល់​ល្ងាច​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០៣០​នេះ សមត្ថកិច្ច​មូលដ្ឋាន​នៅ​មិនទាន់​ដឹង ពី​មូលហេតុ​នាំ​ឲ្យ​សិស្សសាលា​ខាងលើ បាន​ដួលសន្លប់​ទាំង​១០​នាក់​នោះ នៅឡើយ​ទេ ដោយ​រង់ចាំ​មន្ត្រី​សុខាភិបាល ចុះមក​ពិនិត្យ​ជាក់ស្តែង ឲ្យ​បានច្បាស់លាស់​ជាមុនសិន​។​

​លោក ប៊ុត សំ​អ៊ែ​ល មេឃុំ​ស្រែ​ខ្ទុ​ម​ឲ្យ​បន្តថា ករណី​សិស្សសាលា នៅ​វិទ្យាល័យ​ហ៊ុនសែន​កែវ​សីមា ដួលសន្លប់​នេះ ដំបូង​មាន​សិស្សស្រី​ចំនួន​តែ​៤​នាក់​ទេ ហេតុការណ៍​ឡើង​តាំងពី​វេលា​ម៉ោង​ជិត ៣​រសៀល​ថ្ងៃទី​២៣ ខែមករា រហូតដល់​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ដដែល សិស្សសាលា​បាន​សម្ល​ប់​ជា​បន្តបន្ទាប់ ចំនួន​១០​នាក់ ប៉ុន្តែ​ក្នុង​ចំនួន​១០​នាក់​ខាងលើ មាន​ម្នាក់​ត្រូវតែ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តមណ្ឌលគិរី ដោយ​សភាព​ធ្ងន់ធ្ងរ​ជាងគេ​។​

​សិស្សសាលា​ដែល​ដួលសន្លប់​ចំនួន ១០​នាក់​រួមមាន​៖ ១- រង្សី លីហ្សា ភេទ​ស្រី សិស្ស​ថ្នាក់​ទី​១១, ២- ល៊ា​ន គឹម​ហ័​រ ភេទ​ស្រី សិស្ស​ថ្នាក់​ទី ១០, ៣- ជុ ស្រី​នី​ន ភេទ​ស្រី សិស្ស​ថ្នាក់​ទី ១០, ៤- សេង លី​ឈី​ង ភេទ​ស្រី សិស្ស​ថ្នាក់​ទី ១០ , ៥- សា​វិ​ន វិ​សូ​នី​តា ភេទ​ស្រី សិស្ស​ថ្នាក់​ទី​១០, ៦- អ៊ុ​ល ស្រី​និច្ច ភេទ​ស្រី សិស្ស​ថ្នាក់​ទី ១០, ៧- ផន ស្រី​វ៉េ​ត ភេទ​ស្រី សិស្ស​ថ្នាក់​ទី​១០ , ៨- រី នី​តា ភេទ​ស្រី សិស្ស​ថ្នាក់​ទី​១០ , ៩- គា វ​ណ្ណី ភេទ​ស្រី សិស្ស​ថ្នាក់​ទី​១០ និង​១០- ហាច ដា​នី ភេទ​ស្រី សិស្ស​ថ្នាក់​ទី​១១​។​

​ទាក់ទិន​បញ្ហា​ខាងលើនេះ សមត្ថកិច្ច​មូលដ្ឋាន​បាន​សន្និដ្ឋានថា ទំនងជា​សិស្សសាលា​ទាំងនោះ ថប់ដង្ហើម ណែន​ទ្រូង ទន់ដៃទន់ជើង ទើប​ធ្វើ​ឲ្យ​គាត់​សន្លប់​។​

​បច្ចុប្បន្ន​សិស្សសាលា​ទាំង​១០​នាក់ ដែល​ដួលសន្លប់ កំពុង​ត្រូវបាន​ជួយសង្គ្រោះ នៅ​មន្ទីរពេទ្យ​ឯកជន នៅ​មណ្ឌល​សុខភាព​អូរ​អាម​កែវ​សីមា​៕ ដោយ​៖ ដែន សីមា​

spot_img
×