Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាធារណជន​រិះគន់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​មិន​រវល់​អើពើ ទៅលើ​ការលើក​ស្លាក​យីហោ​ផ្សេងៗ ជា​អក្សរ​បរទេស​

spot_img

ខេត្ត​ព្រះសីហនុ​៖ សាធារណជន ភ្ញៀវទេសចរ​ជាតិ ពិសេស​ប្រជាពលរដ្ឋ​រស់​ខេត្ត​ព្រះសីហនុ បាន​បន្ត​រិះគន់​សកម្មភាព​ការងារ របស់​ថ្នាក់ដឹកនាំ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​កន្លង​មក​ហាក់​មិនសូវ​រវល់​អើពើ ចំពោះ​ការសរសេរ​អក្សរ​បរទេស ពិសេស​អក្សរ​ចិន នៅលើ​ផ្ទាំង​ប៉ាណូ និង​ស្លាក​សញ្ញា​ផ្សេងៗ នៅលើ​ទីតាំង​សំណង់​អាគារ​ធំៗ និង​ទីកន្លែង​ផ្សេងៗ ដែល​មាន​ម្ចាស់ ឬ​ថៅកែ​ជា​ជនបរទេស រួម​មាន​ជនជាតិ​ចិន​ជាដើម​។​

​ទន្ទឹមគ្នានេះ ពួកគេ​ក៏​ថ្លែង​គាំទ្រ​ចំពោះ​ចំណាត់ការ របស់​មន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​តំណាង​ក្រសួង​ស្ថាប័ន​មួយចំនួន នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់ និង​ចេញ​សេចក្តីណែនាំ ស្តីពី​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស នៅលើ​ផ្ទាំង​ប៉ាណូ ឬ​ផ្ទាំងគំនូរ ព្រមទាំង​ស្លាក​យីហោ​ផ្សេងៗ នៅតាម​តំបន់ឆ្នេ​រនា​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨​។

​ទាក់ទិន​បញ្ហា​នេះ ទាំង​សាធារណជន និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​នា​ខេត្ត​ព្រះសីហនុ​រួមមាន​៖ សមាគម​អាដហុក (Adhoc) និង​អង្គការ​លីកាដូ (Licadho)​ជាដើម ជា​បន្តបន្ទាប់​មក​នេះ បាន​រិះគន់​ថា ការគ្រប់គ្រង របស់​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​ភាពកម្សោយ​។ កម្សោយ​នៅត្រង់ថា មន្ត្រី​ស្ថាប័ន​ជំនាញ​មួយ​ចំនួន​នោះ ហាក់​មិនសូវ​បាន​យកចិត្តទុកដាក់ ពិនិត្យ​ទៅលើ​ការសរសេរ​អក្សរ នៅលើ​ស្លាក​សញ្ញា​សំគាល់ របស់​ក្រុមហ៊ុន ឬ​ទីតាំង​មួយចំនួន ដែល​មាន​ថៅកែ​ជា​ជនបរទេស ឬ​ថៅកែ​ជនជាតិ​ចិន ដែល​កន្លងមក​បាន​លើក​ស្លាក​សញ្ញា​ផ្សេងៗ មាន​សរសេរ​តែ​អក្សរ​បរទេស ឬ​សរសេរ​ជា​អក្សរ​ចិន ដោយ​មិន​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​ជា​ដើម​។

​លោកស្រី ជៀ​ប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាស​ដល់​អ្នក​យក​ព័ត៌មាន cen.com.kh ប្រចាំ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​សៅរ៍ ទី​១០ ខែ​មករា ឆ្នាំ​២០១៨​។ លោកស្រី ក៏​បាន​កត់សម្គាល់​ថា ការគ្រប់គ្រង​ស្លាក​សញ្ញា​ផ្សេងៗ របស់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​នា​មូលដ្ឋាន​នេះ គឺ​មិន​ទាន់​បាន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​ឃើញ​មាន​ស្លាក​ផ្ទាំង​ប៉ាណូ និង​ស្លាក​សញ្ញា​សំគាល់​ទីតាំង សំណង់ សណ្ឋាគារ កាស៊ីណូ ខុន​ដូ ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត និង​ផ្សារ​តូចៗ ឬ​ផ្សាយ​ម៉ា​ត​ភាគច្រើន ដែល​មាន​ម្ចាស់ ឬ​ថៅកែ​ជា​ជនបរទេស ពិសេស​ជនជាតិ​ចិន គឺ​បាន​លើក​ស្លាក​សញ្ញា នៅ​តាម​ទីតាំង​នី​មួយៗ ជា​អក្សរ​បរទេស ឬ​ជា​អក្សរ​ចិន​ធំៗ និង​មាន​ស្លាក​សញ្ញា​ខ្លះ​មាន​សរសេរ​អក្សរ​ខ្មែរ​ខ្លះ​ដែរ​តែ​មាន​ទំហំ​តូច​ជាង​អក្សរ​បរទេស និង​មាន​ស្លាក​សញ្ញា​ខ្លះទៀត មិន​មាន​សរសេរ​អក្ស​ខ្មែរ​តែ​ម្តង​។
​ផ្តើម​ពី​បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍ​សង្គម​មួយចំនួន ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ជាដើម ឲ្យ​បន្ត​សកម្មភាព​ចុះ​ត្រួតពិនិត្យ​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស ពិសេស​អក្សរ​ចិន នៅលើ​ផ្ទាំង​ប៉ាណូ និង​ស្លាក​សញ្ញា​សំគាល់​ផ្សេងៗ នៅ​លើ​សំណង់​អាគារ ឬ​ទីកន្លែង​នានា ដែល​មាន​ថៅកែ​ជា​ជនបរទេស មានដូចជា​៖ ស្លាក​សំគាល់​ឈ្មោះ កាស៊ីណូ សណ្ឋាគារ ក្លឹប​កម្សាន្ត ភោជនីយដ្ឋាន ក្រុមហ៊ុន និង​ទីតាំង​មួយចំនួនទៀត ដែល​មាន​ម្ចាស់​ជា​ជនបរទេស ឬ​ជនជាតិ​ចិន នា​ខេត្ត​ព្រះសីហនុ​ឲ្យបាន​ត្រឹមត្រូវ​ឡើងវិញ​។​

​ទំនងជា​មាន​ការរិះគន់​ច្រើន ពី​សាធារណជន ភ្ញៀវទេសចរ​ជាតិ ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វ្រែ​សប៊ុក (Facebook) ដែល​បាន​ថត​បង្ហោះ​ស្លាក​សញ្ញា​សរសេរ​អក្សរ​បរទេស ពិសេស​សរសេរ​តែ​អក្សរ​ចិន ដោយ​គ្មាន​អក្សរ​ខ្មែរ នៅលើ​ទីតាំង​មួយចំនួន ជា​បន្តបន្ទាប់​មក​នេះ​។ ទើប​កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ គេ​ឃើញ​មាន​វត្តមាន​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ដឹកនាំ​ដោយ លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី និង​ក្រុមការងារ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ បានរួម​គ្នា​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​មួយ​ចំនួន ដែល​កំពុង​សាងសង់​នា​ទីប្រជុំជន ក្នុង​ក្រុង​ព្រះសីហនុ​។

នា​ឱកាស​នោះ​ដែរ លោក ប៉ែន សុផល ដែល​បាន​ចុះ​ទៅ​ដល់​ទីតាំង​កើត​មាន​បញ្ហា បាន​ណែនាំ ដល់​តំណាង​ភាគី​អ្នកវិនិយោគ​ចិន ស្តី​អំពី​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស នៅលើ​ផ្ទាំង​ប៉ាណូ ឬ​ផ្ទាំងគំនូរ​សំណង់ ផ្សេងៗ នា​ខេត្ត​ព្រះសីហនុ ឲ្យបាន​ត្រឹមត្រូវ​ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង ដែល​តម្រូវ​ឲ្យ​សរសេរ​អក្ស​រ​ខ្មែរ ឲ្យបាន​ធំ​ជាង​អក្សរបរទេស ឬ​អក្សរ​ចិន និង​ត្រូវ​ឲ្យ​អក្សរ​ខ្មែរ​នៅ​ពីលើ​អក្សរ​បរទេស នៅ​គ្រប់​ទីតាំង​នីមួយៗ ដែល​មាន​សរសេរ​អក្សរ​បរទេស សម្រាប់​សម្គាល់​ទីតាំង​ផ្សេងៗ​។

​កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី និង​ជា​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ហៅ​កាត់ (​គ​.​អ​.​ឆ​.​ក​)​ផង​នោះ​។ លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មន្ទីរ​បរិស្ថាន មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ មន្ទីរ​សាធារណៈការ មន្ត្រី​តំណាង​ឲ្យ​មន្ទី​រពាក់ព័​ន្ធ នៃ​រដ្ឋបាល​ខេត្ត​ក្រុង​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​ការដ្ឋាន​សំណង់​ចំនួន ៤​កន្លែង​ធំៗ នា​ទីប្រជុំជន ក្រុងព្រះសីហនុ ដើម្បី​ចូលរួម​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ខ្លឹមសារ​មួយ​ចំនួន ៣​សំខាន់ រួមមាន​៖
១. លិខិត​លេខ ៣៣២២ ដន​ស​/​គ​អ​ឆក ចុះ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ ២០១៧ ស្តីពី​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស​នៅលើ ផ្ទាំងគំនូរ​សំណង់ ឬ​ផ្លាកសញ្ញា​ផ្សព្វផ្សាយ​នៅ​តាម​តំបន់ឆ្នេរ ។​
២. លិខិត​លេខ ៣៣៩៦ ដន​ស​/​គ​អ​ឆក ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ ២០១៧ ស្តី​ពី​សេចក្តីណែនាំ​បន្ថែម​ស្តីពី​ការរៀបចំ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​បណ្តាញ​លូ​។
៣. អនុក្រឹត្យ​លេខ ២៣៥ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ ២០១៧ ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​។​

​កាលណោះ តំណាង​ក្រសួង​ស្ថាប័ន​ជំនាញ​ទាំងនោះ ក៏​បាន​ណែនាំ​ដល់​តំណាង​ក្រុមហ៊ុន​ទាំង​ចិន​មួយចំនួន ឲ្យ​អនុវត្ត​តាម​ខ្លឹមសារ​លិខិតអនុញ្ញាត​សាងសង់ សុវត្ថិភាព​ក្នុង​ការដ្ឋាន និង​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ ដែល​នៅ​ជា​ធរមាន ឲ្យបាន​ត្រឹមត្រូវ​។​

​សកម្មភាព​ចុះ​ណែនាំ និង​ផ្សព្វផ្សាយ ស្តីពី​ការប្រើប្រាស់​អក្សរ​ខ្មែរ និង​អក្សរ​បរទេស របស់​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់ជាតិ និង​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ គឺ​បាន​កើតឡើង ក្រោយ​មាន​មតិ​រិះគន់​ពី​សំណាក់​សាធារណជន ភ្ញៀវទេសចរ​ជាតិ ជាពិសេស​ក្រុម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វ្រែ​សប៊ុក​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។ ពួកគេ​បាន​ថត​បង្ហោះ​រូបថត​សំណង់​អាគារ និង​ទីតាំង​ផ្សេងៗ ដែល​មាន​ម្ចាស់​ជនជាតិ​ចិន និង​ផ្ញើ​សា​រិះគន់ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​មិន​បាន​រវល់​អើពើ ទៅលើ​ការសរសេរ​អក្សរ​បរទេស ពិសេស​អក្សរ​ចិន នៅ​លើ​ការដ្ឋាន​សំណង់ សណ្ឋាគារ កាស៊ីណូ ខុន​ដូរ ភោជនីយដ្ឋាន ក្រុមហ៊ុន និង​ទីតាំង​មួយចំនួនទៀត ដែល​មាន​ថៅកែ​ជា​ជនបរទេស ជាពិសេស​ថៅកែ​ជនជាតិ​ចិន​។ ទីតាំង​ទាំង​នោះ គឺ​បាន​ស​សេរ​ជា​អក្សរ​ចិន នៅ​តាម​ទីតាំង​ភាគច្រើន ដោយ​គ្មាន​សរសេរ​អក្សរ​ខ្មែរ ឬ​មាន​សរសេរ​ដែរ តែ​មាន​ទំហំ​តូច​ជាង​អក្សរ​បរទេស ដែល​ខុស​ពី​សេចក្តីណែនាំ ឬ​ខុសច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដែន សីមា​

spot_img
×