Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចចៅហ្វា​វាំង​គង់ សំអុល យក​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ប្រគល់ជូន សម្តេច ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន​

spot_img

​ភ្នំពេញ​៖​លោកជំទាវ សៅ ទី ហេង សំរិន ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​គោរមងារ ជា សម្តេច ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន​។ សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹ​ង្កា​រ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង បាន​អញ្ជើញ​យក​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ប្រគល់ជូន សម្តេច ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន នា រសៀល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០ នៅ​គេហដ្ឋាន​របស់​សម្តេច​។

​នៅក្នុង​ព្រះរាជក្រឹត្យ​ដែល ព្រះមហាក្សត្រ បាន​ឡាយព្រះហស្ថលេខា នៅ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ទ្រង់​បាន​បញ្ជាក់ថា សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន បាន​គាំទ្រ​តស៊ូ​ក្នុង​ការរំដោះ​ប្រទេសជាតិ​ដោយ​ស្វាមីភ័ក្ដិ តាំងពីដើម​រហូតមក ក្នុងការ​ដឹកនាំ​យ៉ាង​អង់អាច​ក្លាហាន ជា​អ្នកស្នេហាជាតិ ការពារជាតិ និង​សាសនា និង​គាំពារ​យ៉ាង​ខ្ជាប់ខ្ជួន​ឥត​ល្អៀង តាម​មាគ៌ា​នយោបាយ​បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ​របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះវររាជបិតា​ជាតិ ខ្មែរ “​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​” ដើម្បី​ជាតិ មាតុភូមិ​កម្ពុជា​។​

​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ប្រសូត្រ​នៅ​ឆ្នាំ​១៩៣៨​នៅ​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ អតីត ខេត្តកំពង់ចាម​។ សម្តេច​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នៅក្នុង​ខែមីនា​ឆ្នាំ​១៩៥៧​។ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់ បាន​មាន​ព្រះរាជចំណារ​បន្តថា សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន បាន​ដឹកនាំ កសាង និង​គោរព​ព្រះពុទ្ធសាសនា​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុង​ព្រះរាជក្រឹត្យ ព្រះករុណា​ព្រះមហាក្សត្រ ទ្រង់​បានលើកឡើង​បន្ថែមថា សម្តេច​ធម្ម​វិសុទ្ធ​វង្សា បាន​បរិច្ចាគ​កម្លាំងកាយ​ចិត្ត និង ទ្រព្យធន​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​បរិសុទ្ធ​ដ៏​ខ្ពង់​ខ្ពស់បំផុត ជូន​សង្គមជាតិ និង​បាន​ជួយ​កសាង​សមិទ្ធផល​នានា ជួយឧបត្ថម្ភ​ដល់​ជនក្រីក្រ​គ្មាន​ទី​ពំនឹង​ទាំងឡាយ ប្រកបដោយ​មហា​សប្បុរ​ស​ធម៌ មនុស្សធម៌ ដ៏​ឧត្តុង្គឧត្តម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ប្រកាន់ខ្ជាប់​ក្នុង​សេចក្តី​បរិសុទ្ធ​ដ៏​វិសេសវិសាល​ក្នុង​ព្រះធម៌​បូជា​ចំពោះ​ព្រះពុទ្ធសាសនា​។​

​ថ្នាក់ដឹកនាំ​រដ្ឋសភា សមាជិក​សមាជិកា​រដ្ឋ​សភា និង​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា និង​តាម​ក្រសួង​ស្ថាប័ន ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ បាន​ចូលរួម អបអរសាទរ សម្តេច ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ជា​បន្តបន្ទាប់ នៅក្នុង​ឱកាស​ដែល ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចេញ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ត្រាស់បង្គាប់ ផ្តល់​គោរមងារ លោកជំទាវ ជា សម្តេច ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន​៕ ដោយ​៖​កូ​ឡាប​


spot_img
×