Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិប្បកម្ម​ឡឥដ្ឋ​ក្បឿង​អង្គរ ជា​សិប្បកម្ម​តែមួយគត់​ដែល​ផលិត​ឥដ្ឋ​ជួសជុល​ប្រាសាទ​

spot_img

សៀមរាប​៖ជា​ផ្នែក​មួយ​នៃ​ការចូលរួម​អភិរក្ស​ប្រាសាទ​ដូនតា​ខ្មែរ សិប្បកម្ម​ផលិត​ឥដ្ឋ​ក្បឿង​អង្គរ ដែល​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​ផលិត​ឥដ្ឋ​បុរាណ​សម្រាប់​ការងារ​ជួសជុល​ប្រាសាទ​។ សិប្បកម្ម​នេះ​បានចាប់ផ្តើម​ផលិត​ឥដ្ឋ​នេះ​តាំងពី​អំឡុង​ឆ្នាំ​១៩៩៤​មក និង​គោរព​តាម​បច្ចេកទេស​ដែល​អ្នកជំនាញ​ជួសជុល​ប្រាសាទ​ផ្តល់ឱ្យ​។​

​លោក យិន លិ​ម ជា​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ក្បឿង​អង្គរ បានចាប់ផ្តើម​របរ​នេះ​តាំងពី​ឆ្នាំ​១៩៨៩​មក ដោយ​លោក​បាន​កែច្នៃ​ឡ​បុរាណ​សល់​ពី​សង្គមចាស់​សម្រាប់​ការធ្វើ​អាជីវ​កម្មនេះ​។ លោក​ប្រាប់ថា ការផលិត​ឥដ្ឋ​និង​ក្បឿង​ក្នុង​សិប្បកម្ម​លោក គឺ​ប្រើប្រាស់​វត្ថុធាតុដើម​ធម្ម​ជាតិ​សុទ្ធសាធ ហើយ​បច្ចេកទេស​ក៏​នៅ​បែប​បុរាណ​ផងដែរ​។

​សម្រាប់​ការផលិត​ឥដ្ឋ​ផ្គត់ផ្គង់​ការដ្ឋាន​ជួសជុល​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ លោក យិន លិ​ម ប្រាប់ថា​បានចាប់ផ្តើម​ពី​ឆ្នាំ​១៩៩៤ និង​១៩៩៥​មក ដោយសារ​សិប្បកម្ម​លោក​មាន​ពុម្ព​ចាស់ និង​ទទួលបាន​ការផ្តល់​ទំនុកចិត្ត​ពី​អ្នកជំនាញ​ជួសជុល​ប្រាសាទ​។ លោក​បន្តថា អង្គការ​បរទេស​ដែល​សហការ​ជួសជុល​ប្រាសាទ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជា​ទិញ​ឥដ្ឋ​បុរាណ​នេះ​ដើម្បី​ជួសជុល​ប្រាសាទ​ព្រះ​គោ ហើយ​ការផលិត​គឺមាន​ការផ្តល់​បច្ចេកទេស និង​ការសិក្សា​ត្រឹមត្រូវ​ពី​ស្ថាប័ន​ទាំងនោះ​។​

​លោក យិន លិ​ម បន្តថា ការផលិត​ឥដ្ឋ​បុរាណ​ជួសជុល​ប្រាសាទ​ដែល​លោក​កំពុង​ផលិត​គឺមាន​៣​ខ្នាត​។ ខ្នាត​ទី​១ មាន​ទំហំ ១,៦​សង់ទីម៉ែត្រ គុណ​២៣​សង់ទីម៉ែត្រ​គុណ​១១​សង់ទីម៉ែត្រ​, ខ្នាត​ទី​២ ទំហំ ៧,៥០​សង់ទីម៉ែត្រ​គុណ​២៣​សង់ទីម៉ែត្រ គុណ​១១​សង់ទីម៉ែត្រ​និង​ខ្នាត​ទី​៣ ទំហំ​៥,៥០ គុណ​២៣​សង់ទីម៉ែត្រ គុណ​១១​សង់ទីម៉ែត្រ​។​

​លោក សារាយ គឹម​ហួល មន្ដ្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា មូល​ហេតុដែល​អាជ្ញាធរ​ជាតិ​អប្សរា​ជ្រើសរើស​សិប្បកម្ម​របស់លោក យិន លិ​ម ក្នុងការ​ផលិត​ឥដ្ឋ​ជួសជុល​ប្រាសាទ ពីព្រោះថា​សិប្បកម្ម​នេះ​គោរព​នូវ​លក្ខខណ្ឌ​បច្ចេកទេស​ដែល​អ្នកជំនាញ​ផ្តល់ជូន​។ លោក​បន្តថា ដើមឡើយ​មុន​ជ្រើសរើស​សិប្ប​កម្មនេះ អ្នកជំនាញ​បាន​ចុះទៅ​ទីតាំង​ផ្ទាល់ ដោយបាន​ផ្តល់​បច្ចេកទេស និង​ហាម​មិនឱ្យ​យក​ដី​ទីទួល​បុរាណ​ក្បែរ​នោះមក​ផលិត​ឡើយ​។​

​បន្ថែម​ពីនេះ តាម​ការបញ្ជាក់​ពី​លោក សារាយ គឹម​ហួល ឥដ្ឋ​បុរាណ​ដែល​យកមក​ជួសជុល​ប្រាសាទ​គឺមាន​ទំហំ​ធំ ក្រាស់ និង​ម៉ដ្ឋ​ល្អ​ជាង​ឥដ្ឋ​ធម្មតា​។ ចំណែក​ការបញ្ជាទិញ គឺ​ទៅតាម​ទំហំ​និង​គម្រោង​ប្រចាំឆ្នាំ​នៅតាម​ការដ្ឋាន​នីមួយៗ ហើយ​ការដ្ឋាន​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​យកមក​ជួសជុល មានដូចជា​នៅ​ប្រាសាទ​ព្រះ​គោ ប្រាសាទបាគង ប្រាសាទលលៃ ប្រាសាទអកយំ ប្រាសាទបាតជុំ​។​ល​៕ ដោយ​៖​កូ​ឡាប​

spot_img
×