Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​វិធានការ​បង្ការ​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (២០១៩-nCoV) នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក​ម៉ម ប៊ុនហេង បានប្រកាសថា​មាន បុរស​ជនជាតិ​ចិន​ម្នាក់ មាន​ផ្ទុកមេរោគ​រលាក​សួត កូ​រ៉ូ​ណា វីរុស ប្រភេទ​ថ្មី​នៅលើ​ទឹកដី​កម្ពុជា​មក​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​សេចក្តីណែនាំ​ស្តីពី​« ការ​អនុ​ុ​វត្ត​វិធានការ​បង្ការ​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (២០១៩-nCoV) នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​»​។​

​លោក​ហង់​ជួនណា​រ៉ុង រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីណែនាំ​
​ការអនុវត្ត​វិធានការ​បង្ការ​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCov) នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន ដោយ​លោក​បញ្ជាក់ថា បច្ចុប្បន្ន​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-Cov) កំពុង​រាតត្បាត​នៅ​ទីក្រុង​វូ​ហាន (Wuhan) ខេត្ត​
​ហ៊ុយ​បេ (Hubei) សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​រាតត្បាត​ដល់​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​
​នៅ​ជុំវិញ​ពិភពលោក ដោយ​មិនទាន់មាន​ថ្នាំ​ព្យាបាល​ឬ​វ៉ាក់សាំង​បង្ការ​នៅឡើយ​។​

​ក្នុង​គោលបំណង​ជំរុញ​ការអនុវត្ត​វិធាន​ការបង្ការ​ទប់ស្កាត់​ជំងឺ​នេះ ស្របតាម​សេចក្តីអំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា និង​បន្ថែម​លើ​ខ្លឹមសារ​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី ២៦​ខែមករា ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ធ្វើ​ការណែនាំ​ដល់​គណៈ​គ្រប់គ្រង​​គ្រឹះស្ថានសិក្សា សាធារណៈ​និង​ឯកជន​ទាំងអស់ ត្រូវ​ណែនាំ​បន្ត​ដល់​បុគ្គលិក​អប់រំ​និង​អ្នកសិក្សា​​ឱ្យ​អនុវត្ត​នូវ​វិធានការ​ដូចខាងក្រោម​៖

1. ចៀសវាង​ប៉ះពាល់​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់ ដែលមាន​អាការ​ដូចជា គ្រុនក្តៅ ក្អក និង​កណ្តាស់ ឬ​ផ្តាសាយ និង​ត្រូវ​រក្សា​ចមួយ​ច្រើនជាង​មួយ​ម៉ែត្រ​ពី​បុគ្គល​ដែលមាន​រោគសញ្ញា​ទាំងនេះ​។​
2. ចៀសវាង​ទៅ​ទីផ្សារ​លក់​សត្វ​រស់ ឬ​ទៅ​កសិដ្ឋាន​ចិញ្ចឹមសត្វ ឬ​ប៉ះពាល់​សត្វព្រៃ ឬ​ទៅ​កន្លែង​ដែល​សង្ស័យថា​មាន​មេរោគ​ឆ្លង​។​
3. ចៀសវាង​ការ​ខាកស្តោះ​ក្នុង​បន្ទប់​សិក្សា ទីធ្លា​គ្រឹះស្ថានសិក្សា និង​ទីសាធារណៈ​។​
4. ចៀសវាង​ការប៉ះពាល់​ភ្នែក ច្រមុះ មាត់ បន្ទាប់ពី​ប៉ះពាល់​សត្វ​និង​ផលិតផល​សត្វ សត្វ​ឈឺ សាច់​ខូចគុណភាព កាកសំណល់​សត្វ ទឹក​សរីរៈ​សត្វ​និង​វត្ថុ​ប្រើប្រាស់​ក្នុង​ផ្សារ ឬ​វត្ថុ​ប្រើប្រាស់​ផ្សេងៗ របស់​អ្នកជំងឺ​ផ្លូវដង្ហើម​។​
5. ត្រូវ​លាងដៃ​ឱ្យបាន​ទៀងទាត់ និង​ញឹកញាប់​ជាមួយ​សាប៊ូ​និង​ទឹកស្អាត ឬ​ទឹក​​អាល់កុល បន្ទាប់ពី​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកមាន​អាការ​ដូចជា គ្រុនក្តៅ ក្អក និង​កណ្តាស់ ឬ​ផ្តាសាយ ឬ​វត្ថុ​ផ្សេងៗ ដែល​អាចជា​ប្រភព​មេរោគ ឬ​នៅពេល​ឃើញ​ដៃ​កខ្វក់ ឬ​ប្រឡាក់ ឬ​ក្រោយពី​ប៉ះពាល់​សត្វ និង​ត្រូវ​លាង​សម្អាត​ដៃ​ភ្លាម​ជាមួយ​
​សាប៊ូ​និង ទឹកស្អាត ឬ​ទឹក​អាល់កុល ក្រោយពី​ក្អក ឬ​កណ្តាស់​។ ត្រូវ​លាងដៃ​បន្ទាប់ពី​មាន​ប៉ះ​ជាមួយ​សំបោរ ឬ​ទឹករំអិល​ពី​ផ្លូវ​ដកដង្ហើម​។​
6. ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​អនាម័យ​ស្អាត​_​សុវត្ថិភាព​ចំណីអាហារ ដោយ​បរិភោគ អាហារ​ដែល​ឆ្អិន​ល្អ​ពិសេស​សាច់​និង​ស៊ុត​។ ចំពោះ​អ្នក​ចម្អិន​អាហារ​ត្រូវ​ប្រើប្រាស់​ជ្រញ់​និង កាំបិត ផ្សេងគ្នា​សម្រាប់​អាហារ​ឆៅ និង​អាហារ​ឆ្អិន និង​លាងដៃ​នៅ​ចន្លោះ​​ពេល​ចាប់​កាន់​អាហារ​ឆៅ​និង​អាហារ​ឆ្អិន​។​
7. អ្នកមាន​អាការ​ក្អក ឬ​កណ្ដាស់ ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ ដោយ​ប្រើ​កន្សែង​_​ក្រមា ក្រដាស ឬ​យ៉ាងហោចណាស់​ត្រូវ​ប្រើ​គន្លាក់​កែងដៃ​ជំនួស​បាតដៃ​។​
8. ប្រសិនបើ​មាន​សិស្ស​ដែលមាន​អាការ​ដូចជា គ្រុនក្តៅ ក្អក កណ្តាស់​_​ផ្កា​សាយ​ហៀរ​សំបោរ ឬ​ឈឺបំពង់ក ត្រូវ​ជូនដំណឹង​ទៅ​អ្នកអាណាព្យាបាល​ដើម្បី​បញ្ជូន​​ទៅរក​សេវា​ព្យាបាល​ឱ្យបាន​ទាន់ពេលវេលា និង​ត្រូវ​អនុញ្ញាតឱ្យ​សម្រាក​ពី​ការ​​សិក្សា​រហូតដល់​ជាសះស្បើយ​។​
9. ប្រសិនបើ​សង្ស័យថា​មាន​ជំងឺ​រលាក​សួត​ប្រភេទ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV) ដោយមាន កំដៅ​ខ្លួន ៣៨ អង្សា​សេ និង​មាន​រោគសញ្ញា​មួយ​យ៉ាងតិច ដូចជា​ក្អក​​ហៀរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី ឬ​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើដំណើរ​ពី​ប្រទេស​ចិន ដោយបាន​ប៉ះពាល់ ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម ឬ​អ្នកស្លាប់​ដោយសារ​
​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់ មិនដឹង​ពី​អត្តសញ្ញាណ ឬ​ប៉ះពាល់​ជាមួយ​សត្វ​ឈឺ​ក្នុងអំឡុងពេល ១៥​ថ្ងៃមុន​ចេញ​រោគសញ្ញា ត្រូវ​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន់​​ហេតុការណ៍ 115​។​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​ម៉ម ប៊ុនហេង បានប្រកាស​ក្នុង​សន្និសីទកាសែត នៅ​ព្រលប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ថា វិទ្យាស្ថាន Pasteur ទើបតែ​បានបញ្ជាក់​នៅ​រសៀល​ម៉ោង ៣ ថ្ងៃនេះ​ថា បុរស​ជនជាតិ​ចិន​ម្នាក់ អាយុ ៦០​ឆ្នាំ ដែល​បានធ្វើ​ដំណើរ​មកពី​ទីក្រុង​វូ​ហាន ចូលមក​ខេត្ត​ព្រះសីហនុ ក្នុងប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ មាន​ផ្ទុកមេរោគ​រលាក​សួត កូ​រ៉ូ​ណា វីរុស ប្រភេទ​ថ្មី​។ បុរស​ជនជាតិ​ចិន​នេះ ធ្វើដំណើរ​មកកាន់​ខេត្ត​ព្រះសីហនុ ជាមួយ​ក្រុមគ្រួសារ ៣​នាក់​ទៀត ខណៈដែល​សមាជិកគ្រួសា​រ​គាត់ ៣​នាក់​នេះ មិនមាន​រោគសញ្ញា​ជំងឺ​រលាក​សួត​ថ្មី​នោះទេ​។​

​បុរស​ជនជាតិ​ចិន​នេះ នៅពេល​មកដល់​ក្រុងព្រះសីហនុ នា​ថ្ងៃទី​២៣ មករា ចេញ​រោគសញ្ញា នា​ថ្ងៃទី​២៥ មករា (​គ្រុនក្តៅ ហៀរ​សំបោរ​) ហើយ​យក​វត្ថុ​វិភាគ នៅ​ថ្ងៃទី​២៦ ខែមករា និង​លទ្ធផល​វិជ្ជមាន នា​ថ្ងៃទី​២៧ មករា ដោយ​វិ​ទ្យ​ស្ថាន ប៉ាស្ទ័រ​។ វិធានការ​របស់​ក្រុមគ្រូពេទ្យ គឺ​ដាក់​គាត់ ក្នុង​បន្ទប់​ដោយឡែក នៅ​មន្ទីរពេទ្យ​ខេត្ត​ព​ព្រះសីហនុ ហើយ​ដាក់​អ្នក​ប៉ះពាល់​ទាំងអស់ ដែលជា​សមាជិកគ្រួសារ​គាត់ ៣​នាក់ នៅ​តាមដាន​សុខភាព បាញ់សម្លាប់​មេរោគ​នៅ​កន្លែង​គាត់​​ស្នាក់នៅ​។​

​លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា បុរស​ជនជាតិ​ចិន​នេះ នៅ​សម្រាក​ព្យាបាល​ក្នុងប្រទេស​កម្ពុជា​យើង រហូតដល់​ជាសះស្បើយ ទើប​ឲ្យ​គាត់​ធ្វើដំណើរ​ចាក​ចេញពី​កម្ពុជា​។​

​គិត​ត្រឹម​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ នៅ​ប្រទេស​ចិន អ្នកស្លាប់​ដោយ​ជំងឺ​រលាក​សួត កូ​រ៉ូ​ណា វីរុស ប្រភេទ​ថ្មី​នេះ បាន​កើន​ដល់ ៨០​នាក់ រីឯ​អ្នក​ឆ្លង​វិ​រុស​ដ៏​សាហាវ​នេះ កើន​លើស ២៧០០​ករណី​ហើយ​។ ក្នុងនោះ ប្រទេស​ជាង ១០​ផ្សេងទៀត ក៏​កើតមាន​ជំងឺ​រលាក​សួត កូ​រ៉ូ​ណា វីរុស ដូចជា នៅ​ថៃ និង​វៀតណាម ជាដើម​៕ ដោយ​៖​កូ​ឡាប​

spot_img
×