Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករស់នៅ​ក្រុងព្រះសីហនុ ព្រួយបារម្ភ​ឆ្លង​វីរុស​”​កូ​រ៉ូ​ណា​” និង​បាននាំគ្នា​ពាក់​ម៉ាស់​ការពារ​គ្រប់ៗ​គ្នា​..

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រលប់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ គឺ​មិនមាន​អ្នក​ឆ្លង​វីរុស​រលាក​សួត​ថ្មី​”​កូ​រ៉ូ​ណា​” ត្រូវបាន​មន្ត្រី​ជំនាញ​រកឃើញ​ទៀត​ទេ ពោលគឺ​មានតែ​អ្នកជំងឺ​ម្នាក់ ដែល​បាន​រកឃើញ កាលពី​ថ្ងៃទី​២៧ ខែមករា តែប៉ុណ្ណោះ​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បដិសេធថា មូលដ្ឋាន​នេះ មិនទាន់​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​”​កូ​រ៉ូ​ណា​” កើតឡើង​ទៀត ដូច​ការ​បំផុស​ព័ត៌មាន​ច​ចាម​អារាម​មួយចំនួន ដែល​បាន​ចែកចាយ នៅតាម​បណ្តាញ​សង្គម​នោះទេ​។​

​ទាក់ទិន​ការរកឃើញ​មាន​អ្នក​ឆ្លង​វីរុស “​កូ​រ៉ូ​ណា​”​នេះដែរ គេ​សង្កេតឃើញថា ស្ថានភាព​ទូទៅ​នៅក្នុង​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ ហាក់​មាន​សភាព​ស្ងាត់​ជាង​ថ្ងៃ​ធម្មតា ហើយ​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប បាននាំគ្នា​ជជែក​តែ​ពី​រឿង​វីរុស​”​កូ​រ៉ូ​ណា​” គ្រប់ៗ​គ្នា ទាំង​នៅ​កន្លែងធ្វើការ​រដ្ឋ​, ឯកជន​, តាម​ទីផ្សារ​, អាហា​រដ្ឋា​ន និង​តាម​តុ​កាហ្វេ​ជាដើម​។​

​ទោះជា​បែបនេះ​ក្តី ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ក៏ដូចជា​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ ដល់​សាធារណជន ជាពិសេស​ប្រជាពលរដ្ឋ រស់នៅក្នុង​ក្រុងព្រះសីហនុ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ពី​របៀប​ការពារ​ការចម្លង​រោគ ឬ​វីរុស​”​កូ​រ៉ូ​ណា​” តាមរយៈ​ការពាក់​ម៉ាស់ និង​ការលាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ ឬ​ទឹក​ថ្នាំ​ជាដើម​។​

​យ៉ាងណា​ក៏ដោយចុះ អាជ្ញាធរ​រដ្ឋបាលខេត្ត​ព្រះសីហនុ មិនមាន​ប្រកា​សបិទ​សាលារៀន ទីផ្សារ ឬ​ការធ្វើ​ពាណិជ្ជកម្ម​ផ្សេងៗ​នោះទេ ដោយ​រក្សា​នៅមាន​ដំណើរការ​ជាធម្មតា​។​

​យ៉ាងណាក្តី គេ​សង្កេតឃើញថា មាន​សាលារៀន​មួយចំនួន នៅក្នុង​ក្រុងព្រះសីហនុ មិនមាន​សិស្ស​មក​រៀន ហើយ​ទីកន្លែង​លក់ដូរ​សម្ភារៈ​ផ្សេង​ម និង​អាហារ​ដ្ឋា​ន​ខ្លះ បាន​បិទទ្វារ​មិន​ដំណើរការ​នោះទេ បន្ទាប់ពី ក្រសួងសុខាភិបាល​កម្ពុ​ជា បានប្រកាស​រកឃើញ​មាន​ជនជាតិ​ចិន​ម្នាក់ បាន​ឆ្លង​វីរុស​”​កូ​រ៉ូ​ណា​” នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​។​

​ដោយឡែក ចំពោះ​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​ឆ្លង​វីរុស​”​កូ​រ៉ូ​ណា​” ត្រូវបាន​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បានរៀបចំ​បន្ទប់​សម្រាក​ព្យាបាល ឲ្យ​នៅ​ដាច់ដោយឡែក​ពូ​អ្នកជំងឺ​ដ៏ទៃទៀត ព្រមទាំង​ដាក់​ឲ្យ​គ្រូពេទ្យ​ជំនាញ ឲ្យ​រង់ចាំ​តាមដាន​ការវិវត្តន៍ សុខភាព របស់​អ្នកជំងឺ​ជាប្រចាំ ដោយ​យកចិត្តទុកដាក់​។​

​ទោះជា​យ៉ាងនេះ​ក្តី ដោយសារតែ​មានការ​ព្រួយបារម្ភ នៅ​ថ្ងៃទី​២៨ ខែមករា​នេះ ក៏មាន​អាណាព្យាបាល ក៏ដូចជា​ប្រជាពលរដ្ឋ នៅតាម​ក្រុមគ្រួសារ​មួយចំនួន បាន​ផ្អាក​មិន​នាំយក​ឲ្យ​កូនចៅ​ទៅ​សាលារៀន​នោះទេ​។ ជាងនេះទៀត ក៏​ឃើញ​មាន​ប្រជាពលរដ្ឋ​ខ្លះទៀត បាន​ផ្អាក​ការធ្វើដំណើរ​ទេសចរណ៍ របស់ខ្លួន ដោយ​មុន​ចាក​ចេញពីផ្ទះ​ជាដើម ដោយ​ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព ឬ​ខ្លាច​ឆ្លង​វីរុស​កូ​រ៉ូ​ណា ។​

​ជាងនេះទៀត ក៏​ឃើញ​មាន​ទីកន្លែង​លក់ដូរ ឬ​ហាង​លក់​ចំណីអាហារ​ហូបចុក​ខ្លះ ក្នុង​ក្រុងព្រះសីហនុ បាន​បិទទ្វារ​ផ្អាក​បើក​បម្រើសេវា​ជា​បណ្តោះអាសន្ន​ផងដែរ​។ ជាពិសេស​ជាង​នេះ ​ក៏​កត់សម្គាល់​ឃើញថា មាន​មនុស្សម្នា​ទាំង​ក្មេង​ចាស់​គ្រប់ៗ​រូប បាន​ប្រើប្រាស់​ម៉ាស់ សម្រាប់​ពាក់​ការពារ​ទប់ស្កាត់​ការឆ្លង​វីរុស​”​កូ​រ៉ូ​ណា​” ដែលមាន​ប្រភព​មកពី​ប្រទេស​ចិន​នេះ​គ្រប់ៗ​គ្នា​៕ ដោយ​៖ ដែន សីមា​

spot_img
×