Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ

spot_img

​កណ្តាល​៖ ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ជ្រើសរើស​ជើងឯក​ភូមិភាគ​វាលរាប “​ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​២ ឆ្នាំ​២០២០” កាលពី​រសៀល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​មាត់ទន្លេ​សួនច្បារ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​នេះ បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា អាជ្ញាធរ​រដ្ឋបាលខេត្ត និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​រៀបចំ​ព្រឹត្តិការណ៍​នេះ ឲ្យ​ទទួលបាន​ជោគជ័យ ដើម្បី​ផ្តល់​ការកម្សាន្ត​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​ចូលរួម​ទស្សនា និង​ធ្វើដំណើរ​ឆ្លងកាត់​ទី​រួម​ខេត្ត​ផងដែរ​។ ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​រយៈពេល​ពីរ​ថ្ងៃនេះ គឺជា​ការផ្តល់​ឱកាស​ដ​ល់​កីឡាករ​-​កីឡាការិនី បញ្ចេញ​នូវ​ទេពកោសល្យ ដើម្បី​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស ដែល​បាន​ហ្វឹកហាត់​នាពេល​កន្លងមក ហើយ​ជ័យជម្នះ​ដែល​កីឡាករ​-​កីឡាការិនី​ទទួលបាន​នាពេលនេះ ពិតជា​មិនអាច​កាត់ផ្តាច់​ពី​ការខិតខំ​ហ្វឹកហាត់​ជាប្រចាំ បូកផ្សំ​ការតស៊ូ​ព្យាយាម​គោរព​វិន័យ ក្រមសីលធម៌​ល្អ និង​បទដ្ឋាន​បច្ចេកទេស​បាន​ត្រឹមត្រូវ​នៅក្នុង​ការប្រកួត​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​មានប្រសាសន៍​បន្តថា កម្ពុជា​ទទួលបាន​នូវ​ការឯកភាព​ជាតិ សុខសន្តិភាព​ពេញលេញ និង​ទទួលបាន​ទំនុកចិត្ត​ពី​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ និង​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខនេះ​។ ជាពិសេស យើង​ត្រូវ «​សូម​អរគុណ សន្តិភាព ដែល​យើង​ស្រលាញ់ និង​ការពារ​សន្តិភាព​នេះ បើទោះបីជា​ក្នុងតម្លៃ​ណាក៏ដោយ ទើប​យើង​មានឱកាស​ទទួលបាន​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) នេះ​»​។​

​ដើម្បី​ឲ្យ​កីឡា​ទូក​កា​នូ​-​កា​យ៉ាក់ ទូក​រ៉ូ​អ៊ីង និង​ទូក​ប្រពៃណី ឬ​ហៅថា “​ទូក​នាគ​” កាន់​តែមាន​វឌ្ឍនភាព​ទាំង​បរិមាណ និង​គុណភាព អាច​ចូលរួម​ប្រកួត​ក្នុង ព្រឹត្តិការណ៍ SEA Games ឆ្នាំ​២០២៣ ទទួលបាន​លទ្ធផល​ល្អ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា បានផ្តល់​អនុសាសន៍​មួយចំនួន​ដូចជា​៖ ត្រូវខិតខំ​បើក​វគ្គ​បណ្តុះបណ្តាល និង​បង្កើន​បរិមាណ​កីឡាករ​-​កីឡាការិនី នៅតាម​បណ្តា​សមាគម កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​កា​នូ និង​ទូក​រ៉ូ​អ៊ីង ទូទាំងប្រទេស​។ ត្រូវមាន​ធនធាន និង​សម្ភារៈ​ហ្វឹកហាត់​ឲ្យ​បាន​គ្រប់គ្រាន់ ជាអាទិ៍ សមាគម​កីឡា​ទូក​រាជធានី​-​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ ចាំបាច់​ត្រូវមាន​ទូក​ផ្ទាល់ខ្លួន ដើម្បី​ងាយស្រួល​ក្នុងការ​ហ្វឹកហាត់ ក៏ដូចជា ចូលរួម ប្រកួត​ទាំង​ថ្នាក់​ភូមិភាគ និង​ថ្នាក់ជាតិ​។ ត្រូវ​ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​របស់​សហព័ន្ធ និង​សមាគម​កីឡា​ទូក​ទូទាំងប្រទេស ដោយ​ផ្តោតលើ​ការបំពេញ​មុខងារ​រប​ស់​គណៈកម្មការ​ជំនាញ​នីមួយៗ ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​។ ត្រូវ​ពង្រឹងសមត្ថភាព​អាជ្ញាកណ្តាល និង​ចៅក្រម​ឲ្យ​កាន់តែ​ល្អប្រសើរ ទាំង​បរិមាណ និង​គុណភាព ដើម្បី​អាច​គ្រប់គ្រង និង​រៀបចំ​ការប្រកួត​បាន​គ្រប់​កម្រិត​។ ត្រូវខិតខំ​ស្វែងរក​ដៃគូ​សហការ និង​ក្រុមហ៊ុន​ឧបត្ថម្ភ​បន្ថែមទៀត ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ឲ្យ​បាន​កាន់តែច្រើន​ក្នុង​មួយឆ្នាំៗ តាម​ដែល​អាច​ធ្វើបាន​។​ ​និង ៦-​ត្រូវ​ជំរុញ​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ប្រកួត និង​សកម្មភាព​ការងារ​របស់​សហព័ន្ធ ឲ្យ​បាន​ទូលំទូលាយ ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​វិស័យ​ឯកជន និង​សាធារណ​ជនជាតិ និង​អន្តរជាតិ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×