Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងយោធពល​ខេមរភូមិន្ទ គឺជា​ជ្រុង​អាទិភាព​មួយ​នៃ​ការកែទម្រង់​របស់ខ្លួន​សំដៅ​ធ្វើ​ទំនើបកម្ម និង​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​យោធិន

spot_img

​បាត់ដំបង​៖ ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានចាត់ទុក​វិស័យ​ហ្វឹកហ្វឺន​របស់​កងយោធពល​ខេមរភូមិន្ទ គឺជា​ជ្រុង​អាទិភាព​មួយ​នៃ​ការកែទម្រង់​របស់ខ្លួន​សំដៅ​ធ្វើ​ទំនើបកម្ម និង​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​យោធិន ដើម្បី​ធានា​កិច្ចការពារ​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​អធិបតេយ្យ បូរណភាព​ទឹកដី សន្តិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ក៏ដូចជា​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​។

ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​អាវុធ​គាំទ្រ​ត្បាល់ ១០០​មី​លី​ម៉ែត្រ DKZ ៧៥ មី​លី​ម៉ែត្រ និង​បើក​វគ្គ​ហ្វឹកហ្វឺន​ទូទៅ​នៅ​ហ្នឹង​កន្លែង​របស់​កងពល​តូច​ថ្មើរជើង​លេខ​៥២ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​៣០​មករា​នេះ នៅ​ទីបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥២ ដែល​ស្ថិ​ន​នៅ​ក្នុងភូមិ​ផ្លូវ​មាស ឃុំ​ផ្លូវ​មាស ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។

​អគ្គ​មេបញ្ជាការរង នៃ កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក លោក ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន ម៉ា​ណែ​ត​បានស្នើ​ឲ្យ​គ្រប់​បណ្តា​កងឯកភាព​អង្គភាព​យកចិត្ត​ដាក់ និង​អនុវត្ត​ឱ្យបាន​ច្បាស់លាស់​ធ្វើការ​ពន្យល់​ណែនាំ​ក្តាប់​សតិ​អារ​មណ៍​យោធិន​ឱ្យបាន​ជាប់​ជាប្រចាំ កុំឱ្យ​បាត់​ម្ចាស់ការ ដោយសារ​ការបំពាក់​ម​នោ​គម​ន៍​វិជ្ជា ការ​ទាញអារម្មណ៍ និង​ការ​ទាញ​ទឹកចិត្ត ដោយ​ត្រូវ ពង្រឹង​ការអប់រំ​សតិអារម្មណ៍ និង​ការពង្រឹង​ជំហរ ឱ្យបាន​ជាប់​ជាប្រចាំ ហើយ​កុំឱ្យ​បញ្ហា​តូចតាច​គ្របដណ្តប់​លើ​បញ្ហា​រួម គឺ​ការថែរក្សា​សន្តិភាព និង​ការបំពេញភារកិច្ច​ការ​ពារ​ជាតិ​មាតុភូមិ​។ ចំពោះ​ការលើកទឹកចិត្ត​ផ្សេងៗ រដ្ឋាភិបាល​តែង​បាន​ខិតខំ​យកចិត្តទុកដាក់​ជាប់​ជានិច្ច​។ ក្នុង​ឳ​កាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ពី​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បានបញ្ចប់​សង្គ្រាម​ប្រដាប់អាវុធ សង្គ្រាម​ផ្ទៃក្នុង​នៅ​កម្ពុជា ដែល​អូសបន្លាយ​រាប់​ទសវត្សរ៍ ក្នុងនោះ ខ្មែរ​ទាំងអស់​គ្រប់ភាគី​សុទ្ធសឹង​ជា​ជនរងគ្រោះ​។ បច្ចុប្បន្ននេះ សង្គ្រាម​បានបញ្ចប់​ហើយ ប៉ុន្តែ បើ​យើង​មិន​យកចិត្តទុកដាក់​ទប់ស្កាត់​សង្គ្រាមចិត្តសាស្ត្រ នោះ​វា​នឹង​អាចជា​គ្រោះថ្នាក់​រាលដាល​ដល់​សង្គ្រាម​ប្រដាប់អាវុធ​សារ​ថ្មី​ទៀត​។ ជាមួយគ្នា​នោះដែរ លោក​ក៍​បានលើកឡើង​ពី​តម្លៃ​សន្តិភាព ដែល​កើតឡើង​ពី​ការធ្វើ​ពលិកម្ម​អាយុជីវិត​ច្រើនណាស់​។ នៅពេល​មាន​សន្តិភាព តម្លៃ​នៃ​សន្តិភាព​អាច​នឹង​ត្រូវបាន​បំភ្លេច ឬ​មើលរំលង​ធ្វើឱ្យ​ឆាប់​ស្តាប់​គេ​, ឆាប់​ជឿ​គេ​, និង​ឆាប់​ជ្រុលជ្រួស​។ ដូច្នេះ​នៅពេល​កំពុង​រស់នៅក្នុង​សុខ​សុភមង្គល​នេះ យើង​ត្រូវ​អរគុណ​សន្តិភាព​, ត្រូវ​ស្គាល់​តម្លៃ​នៃ​សន្តិភាព និង​ថែរក្សា​កុំឱ្យ​បាត់ទៅ​វិញ ដោយសារ​បញ្ហា​តូចតាច​ដែល​យើង​អាច​ដោះស្រាយបាន​។ លោក​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា យើង​អាច​បាត់បង់​អ្វី​បាន ប៉ុន្តែ​យើង​មិនអាច​បាត់បង់​ការទុកចិត្ត​គ្នា​, ការស្រឡាញ់គ្នា និង​ការប្តេជ្ញាចិត្ត​ការពារ​ស​ន្តិ​ភាព​។ សន្តិភាព​នៅ​កម្ពុជា នឹង​នៅ​បន្ត​ភាពរឹងមាំ​មិន​បាត់បង់​ឡើយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×