Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង​កិច្ចសហប្រតិបត្ដិការ ជាមួយ​គ្រប់​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​គាំទ្រ​លើ​ការវិនិយោគ គ្រប់​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម ចាប់ពី​ចំណុច A ដល់ Z

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​អះអាងថា ស្ថិតក្នុង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម ការកែច្នៃ វេច​ខ្ចប់ និង​នាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាននិងកំពុង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​គ្រប់​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​តាម​អភិក្រម “​រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ដើម្បី​គាំទ្រ​លើ​ការវិនិយោគ​គ្រប់​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​ចាប់ពី​ចំណុច A ដល់ Z​។

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បាន​ថ្លែង​បែបនេះ ពេល​បានទទួល​ជួប​លោក Doan Nyuyen Duc ប្រធាន​ក្រុមហ៊ុន​ហ័ង​អា​ញ​យៀ​កឡាយ អា​ហ្គ្រី​កូ (HAGL AGRICO) និង​សហការី ដើម្បី​ពិនិត្យ​ស្ថានភាព និង​វឌ្ឍនភាព​ដែល​ក្រុមហ៊ុន​សម្រេចបាន​លើ​ផែនការ វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ដំណាំ​ឧស្សាហកម្ម​
​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ ។​

លោក Doan Nyuyen Duc តាំង​នាម​ឲ្យ​ក្រុមហ៊ុន​ហ័ង​អា​ញ​យៀ​កឡាយ អា​ហ្គ្រី​កូ បាន​ថ្លែងថា ការគាំទ្រ​និង​កិច្ចសហការ​នេះហើយ បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឲ្យ​បន្ត និង​បង្កើន​ការវិនិយោគ​ក្នុង​វិស័យនេះ បើទោះបីជា​ក្រុមហ៊ុន​បាន​ជួប​នូវ​បញ្ហា​ប្រឈម​ជាច្រើន​នាពេល​កន្លងមក រហូតមក​សម្រេចបាន​សមិទ្ធផល​ដ៏​ធំធេង​មួយ​នាពេល​ថ្មីៗ​នេះ គឺ​ការសម្ពោធ​ជា​ផ្លូវការ​នៃ​ការនាំចេញ​ចេកអំបូង​លឿង​កម្ពុជា​ឆ្ពោះ​ត្រង់​ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​លើ​ផ្ទៃដី ១៨​ពាន់​ហិកតា ក្នុង​នោះបាន​ដំណើរការ​រៀបចំ​ចំការចេក​លើ​ផ្ទៃដី​ជាង ៧​ពាន់​ហិកតា ក្នុងនោះ​ជាង ៣​ពាន់​ហិកតា កំពុង​ប្រមូល​ផល ដែល​បាន​ប្រើប្រាស់​ទុនវិនិយោគ​ជាង ៤០០ លាន​ដុល្លារ សម្រាប់​រៀបចំ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ រៀបចំ​ដី ប្រព័ន្ធ​ទឹក ការរៀបចំ​កូន​ដាំ ការរៀបចំ​រចនាសម្ព័ន្ធ​ប្រមូល​ផល អនាម័យ វេច​ខ្ចប់ និង​ឃ្លាំង​ស្តុក​ចំនួន​២ ដោយ​រចនាសម្ព័ន្ធ​វេច​ខ្ចប់​ចំនួន ៨ ដែល​បាន​ចែកចេញជា​២ ស្តង់ដារ​គឺ​ចិន និង​ជប៉ុន​។​ល​។ ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ទាំងមូល​ប្រើប្រាស់​ពលកម្ម​សរុប ២០០​នាក់​។ ក្រុមហ៊ុន​ក៏មាន​រោងចក្រ​វេច​ខ្ចប់​ចំនួន ១០ ផងដែរ ដែលមាន​សមត្ថភាព​ផលិត​បាន ២៥​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​។ ហើយ​ក្នុង​ឆ្នាំ ២០២០​នេះ ក្រុមហ៊ុន​នឹង​បង្កើន​បរិមាណ​ផលិតកម្ម​ចេក​ស្រស់​ឲ្យ​កើន​ឡើងដល់ ៥០០​ពាន់​តោន និង​បន្ត​ជំរុញ​ការដាំដុះ កែច្នៃ និង​នាំចេញ​ដំណាំ​មួយចំនួនទៀត​ដូចជា​ស្វាយ ក្រូចថ្លុង ស្រកានាគ និង​ខ្មុ​រ ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ក្នុងស្រុក​ជាង ១៥​ពាន់​នាក់​បន្ថែមទៀត​។ ដូច្នេះ តាមរយៈ​លោក​រដ្ឋមន្ត្រី លោក​សូម​ស្នើ​ដល់​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ទាកទាញ​កម្លាំង​ពលកម្ម ទាំង​ពលករ​ដែល​បាន​ចំណាក់ស្រុក​ហើយ និង​ពលករ​ដែល​កំពុង​នៅក្នុង​ស្រុក​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំង​៥ ដែល​កំពុង​ប្រទះ​នូវ​បញ្ហា​កង្វះខាត​ពលកម្ម​។ មួយវិញទៀត ក្រុមហ៊ុន​ក៏មាន​ផែនការ​ពង្រីក​ការវិនិយោគ​ផងដែរ ដោយ​សំដៅ​ទៅលើ​ការបង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​សាច់​ចំនួន ៥​ពាន់​ក្បាល ដើម្បី​រួមចំណែក​ក្នុងការ​ជំរុញ​កំណើន​នៃ​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក ជាពិសេស​នាំចេញ​នាពេល​អនាគត​។​

​លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ពុះពារ​គ្រប់​ឧបសគ្គ និង​បញ្ហា​ប្រឈម រហូតដល់​សម្រេចបាន​សមិទ្ធផល​ដ៏​សំខាន់ៗ​ជាច្រើន ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។ ភ្ជាប់​ទៅនឹង​ការវិនិយោគ​នេះ លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​ថា ស្ថិតក្នុង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម ការកែច្នៃ វេច​ខ្ចប់ និង​នាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាននិងកំពុង​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្ដិការ ជាមួយ​គ្រប់​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​តាម​អភិក្រម “​រដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ដើម្បី​គាំទ្រ​លើ​ការវិនិយោគ​គ្រប់​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​ចាប់ពី​ចំណុច A ដល់ Z តាមរយៈ​ការបង្កើន​ផលិតភាព​ផលិតផល ការ​វេច​ខ្ចប់ ការរក្សា​ស្តុក​ទុក ការកែច្នៃ​ប្រកបដោយ​គុណភាព អនាម័យ និង​សុវត្ថិភាព សម​ស្របតាម​ស្តង់ដារ​នៃ​ទីផ្សារ​អន្តរជាតិ ធ្វើយ៉ាងណា​ចូលរួម​គាំទ្រ និង​ជំរុញ​បរិមាណ​នាំចេញ​កសិផល​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ឲ្យ​កាន់តែច្រើន​ថែមទៀត នាពេល​អនាគត​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ក្រុមហ៊ុន ធ្វើយ៉ាងណា​បង្កើន​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ល្អប្រសើរ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​លេខាធិការដ្ឋាន ដី​សម្បទាន​សេដ្ឋកិច្ច​នូវ​រាល់​ការងារ​បំពេញបែបបទ​ដែល​នៅ​សេសសល់ និង​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ក្នុងការ​អនុវត្ត​ច្បាប់ និង​បច្ចេកទេស​សំដៅលើ​អនាម័យ និង​ភូតគាម​អនាម័យ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​លើ​គុណភាព និង​សុវត្ថិ​ភា​។ ចំពោះ​ផែនការ​វិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​របស់​ក្រុមហ៊ុន លោក​រដ្ឋមន្ត្រី​ស្វាគមន៍ និង​គាំទ្រ​ជាខ្លាំង ព្រោះថា​នេះ​គឺជា​ការវិនិយោគ​ដ៏​ធំ​មួយ ក្នុង​អនុវិស័យ​ផលិតកម្ម​សត្វ​ដែល​ប្រាកដថា នឹងចូលរួម​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ដូច្នេះ​លោក​ស្នើ​ឲ្យ​ក្រុមហ៊ុន សហការ​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ក្នុងការ​បំពេញបែបបទ ក្នុងការ​បង្កើត​កសិដ្ឋាន​ប្រកបដោយ​ស្តង់ដារ និង​អនាម័យ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×