Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើសិន​រដ្ឋាភិបាល​ចិន​អនុញ្ញាត សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ទៅសួរសុខទុក្ខ​និស្សិត​ខ្មែរ នៅ​ក្រុង​វូ​ហាន​

spot_img

​កូរ៉េ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​វ៉ូ​ហាន ខេត្ត​ហ៊ើ​ប៉ី ប្រទេស​ចិន ដើម្បី​សួរសុខទុក្ខ​ជនជាតិខ្មែរ​ដែល​រស់នៅ​ទីនោះ ប្រសិនបើ​រដ្ឋាភិបាល​ចិន​អនុញ្ញាត​។​

​ថ្លែង​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​នៅ​រសៀល​ថ្ងៃទី​៣​កុម្ភៈ​នេះ សម្តេច​ហ៊ុន សែន បាន​ថ្លែងថា លោក​នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង​វ៉ូ​ហាន ជាទី​ផ្ទុះ​វីរុស​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​កូ​រ៉ូ​ណា ។​

​សម្តេច ហ៊ុន សែន បាន​ថ្លែងថា «​ហើយ​មិនបាច់ចាំ​ឌឺ​ទេ ចូល​មើល Comment (​មតិយោបល់​) ឡើងវិញ​ទៅ ព្រោះ​គេ​និយាយ​មិន​ធ្ងន់​ទេ ប៉ុន្តែ​គេ​ឌឺ​។ គេ​ថា លោក ហ៊ុន សែន យកចិត្តទុកដាក់​ចំពោះ​ប្រជាជន​គ្រប់​ទីកន្លែង គាត់​នឹង​ទៅសួរសុខទុក្ខ​និស្សិត​ខ្មែរ​នៅ​វ៉ូ​ហាន​។ ឥលូវ​ឆ្លើយ​ត្រលប់​ទៅវិញ អញ​នឹង​ទៅ ឱ្យតែ​ខាង​រដ្ឋាភិបាល​ចិន​ផ្តល់ឱកាស​ឱ្យទៅ​។ ត្រលប់​ពី​ហ្នឹង​ទៅវិញ មិនទាន់​ទៅ​ប្រទេស​ក៏បាន​ដែរ ចុះទៅ​វ៉ូ​ហាន​តែម្តង​។ សាកល្បង​ទាក់ទង​មើល​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​សុំ​ឆ្លើយ​ទៅវិញ ហ៊ុន សែន នឹង​ទៅ បើ​រដ្ឋាភិបាល​ចិន​អនុញ្ញាត​។ ឯង​មិនចាំបាច់​ឌឺ​ជាមួយ​ហ៊ុន សែន នោះទេ ហ៊ុន សែន ហ៊ាន​ចូល​ប្រយុទ្ធ​ក្នុង​ភ្លើងសង្គ្រាម ហ៊ាន​យក​ក្បាល​ធ្វើ​ដើមទុន​ដើម្បី​សង្គ្រោះ​ជាតិ ហ៊ាន​យក​ជីវិត​ធ្វើ​ដើមទុន​ដើម្បី​ការឯកភាព​ជាតិ បញ្ចប់សង្គ្រាម​នាំមក​នូវ​ការឯកភាព​ជាតិ រឿង​អ្វីដែល ហ៊ុន សែន មិន​ហ៊ាន​ទៅ​ក្រុង​វូ​ហាន ដើម្បី​សួរសុខទុក្ខ​និស្សិត​ខ្មែរ​»​។​

​ទីក្រុង​វូ​ហាន ប្រទេស​ចិន គឺជា​ទីតាំង​ដែល​ផ្ទុះ​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី (​កូ​រ៉ូ​ណា​) មុនគេ​បង្អស់​។ ប្រភព​នៃ​ជំងឺ​នេះ មិនទាន់មាន​ការស្រាវជ្រាវ និង​បញ្ជាក់​ពិតប្រាកដ​នៅឡើយ​ទេ ខណៈដែល​អ្នកស្លាប់​កើនឡើង​ដល់ ៣៦២​នាក់ និង​ឆ្លង​ជំងឺ​នេះ​ចំនួន ១,៧​ម៉ឺន​នាក់ ព្រមទាំង​រីក​រាលដាល​ដល់​២៤​ប្រទេស នៅ​ទូទាំង​ពិភពលោក​។​

​សម្តេច​តេ​ជោ​បាន​ជំរុញ​ឲ្យ​មន្ត្រី​របស់​សម្តេច​ទាក់ទង សួរនាំ​នៅ​កាន់​ភាគី​ចិន ដើម្បី​សុំ​ទៅសួរសុខទុក្ខ​និស្សិត​ខ្មែរ នៅ​ទីក្រុង​វូ​ហាន​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ពន្យល់​អំពី​ភាពមិន​ចាំបាច់​ដែល​ត្រូវ​ជម្លៀស​ប្រជាជន​ខ្មែរ​ពី​ប្រទេស​ចិន ខណៈដែល​ភ្ញៀវទេសចរ​ពី​ប្រទេស​ចិន​ទៅ​ប្រទេស​ដទៃទៀត នៅតែ​បន្ត​ធ្វើដំណើរ​កម្សាន្ត​ជាធម្មតា​។​

​សម្តេច​បាន​លើកឡើងថា តើ​រហូតមក​ដល់ពេលនេះ មាន​ប្រជាជន​ខ្មែរ​ណា​ម្នា​ក់បាន​ឆ្លង​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ហើយ​ឫ​នៅ​។ រហូត​ត​មកដល់ពេលនេះ មានតែ​ជនជាតិ​ចិន​ម្នាក់​ប៉ុណ្ណោះ នៅក្នុង​កម្ពុជា​ដែល​កំពុង​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ហើយ​ទាល់តែ​ព្យាបាល​ជាត ទើប​អនុញ្ញាត​ឱ្យចេញ​ទៅវិញ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹក​អំពី​រឿងរ៉ាវ​របស់​ប្រទេស​កូរ៉េ​ទាំងពីរ កាលពី​ឆ្នាំ​២០១៣-២០១៤ ដែល​ពេលនោះ កូរ៉េខាងជើង បាន​ស្នើឱ្យ​សម្តេច​ដក​ទូត និង​ប្រជាជន​ចេញពី​ទីក្រុង​ព្យុងយ៉ាង ហើយ​ពេលនោះ ឪពុកម្តាយ​របស់​ពល​ករ​ខ្មែរ​មានការ​ភ័យខ្លាច និង​ទាមទារ​ឱ្យ​ជម្លៀស​ពលករ​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ផង​។ សម្តេច​បានបង្ហាញ​ការថ្លឹងថ្លែង​ថា បើ​ដឹក​ចេញ​ពេលនោះ តើ​ពលករ​ខ្មែរ​អាច​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​វិញ​បានទេ​? ហើយ​បើ​ចេញមក​ប្រទេស​កម្ពុជា នឹង​បាត់​ឱកាស ព្រោះ​ប្រទេស​កូរ៉េខាងត្បូង នឹងមិន​ទទួលយក​ពលករ​ខ្មែរ​វិញ​ទេ​។ ដោយឡែក​សម្រាប់​រដ្ឋាភិបាល​ចិន ក៏​អាច​នឹង​ប្រកាន់យក​ឥរិយាបទ​បែប​នោះដែរ​។​

​សម្តេច​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់​ធានា​សុវត្ថិភាព​ឱ្យបាន​ច្បាស់ ហើយ​ធានាថា យើង​នៅ​រួម គេ​ទទួលខុសត្រូវ​ចំពោះ​យើង​។ បើតាម​ខ្ញុំ​ដឹង​នៅ​វូ​ហាន គេ​បាន​បង្កើត​កម្មវិធី​បង្រៀន​តាម​អន​ឡាញ ការរៀន​តាម​អន​ឡាញ ដើម្បី​កុំឱ្យ​ស្ទះ​ទៅដល់​ការរៀនសូត្រ​របស់​និស្សិត​ទាំង​និស្សិត​ខ្មែរ និង​និស្សិត​ចិន អញ្ចឹង​គេ​យក​និស្សិត​យើង​ដាក់​ក្នុងការ​ការពារ​មួយ​យ៉ាងខ្ពស់ រួចហើយ​បង្រៀន​តាម​អន​ឡាញ​។ អញ្ចឹង​ប្រសិនបើ​យើង​ជម្លៀស​និស្សិត​យើង​ចេញពី​វូ​ហាន ឬ​ចេញពី​ប្រទេស​ចិន សួរថា​តើ​គាត់​អាច​រៀន​ទាន់​គេ​ទេ នេះ​សំណួរ​ទី​១ ប៉ុន្តែ​ធ្ងន់​ជាង​នេះ បើ​យើង​ចាក​ចេញមក តើ​ចិន​នឹង​អនុញ្ញាត​ឱ្យទៅ​រៀន​វិញ​ទេ នេះ​ជា​ចំណុច​ដែល​យើង​ត្រូវ​ពិចារណា​ជា​កញ្ចប់​»​។​
​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ និង​ឧកញ៉ា​ទាំងអស់​ដែល​កំពុងមាន​វត្តមាន​នៅ​កូរ៉េ នឹង​អមដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ទីក្រុង វូ​ហាន ដើម្បី​សួរសុខទុក្ខ​និស្សិត​ខ្មែរ​នៅ​ទីនោះ​។​

​ការឆ្លើយតប​របស់​ស​ម្តេច ហ៊ុន សែន នៅពេលនេះ គឺ​បន្ទាប់ពី​លោក​ថ្លែង​បញ្ជាក់​ពី​ការមិនបិទ​ជើងយន្តហោះ និង​ជម្លៀស​ពលរដ្ឋ​ពី​ប្រទេស​ចិន ដោយ​ថា ដើម្បី​រក្សា​សេដ្ឋកិច្ច និង​នយោបាយ​ល្អ​រវាង​កម្ពុជា​ចិន​។ ក្រោយពី​មានការ​បញ្ជាក់​នេះ ត្រូវបាន​អ្នក​បញ្ចេញមតិ​ក្នុង​ហ្វេ​ស​បុក​មួយចំនួន​នាំគ្នា​រិះគន់​កា​រស​ម្រ​ច​ចិត្ត​របស់លោក​។​

​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​ដែល​បណ្ដាលមកពី​វីរុស​កូ​រ៉ូ​ណា បាន​ផ្ទុះឡើង​ដំបូង​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​វ៉ូ​ហាន ក្នុង​ខេត្ត​ហ៊ើ​ប៉ី ប្រទេស​ចិន ដែល​វីរុស​នេះ​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ដាក់​ភាពអាសន្ន​កាលពី​ចុង​សប្ដាហ៍​មុន ក្រោយពី​វា​បានសម្លាប់​មនុស្ស​រាប់រ​យ​នាក់ ខណៈ​អ្នក​ឆ្លង​កើន​ដល់​ជិត ២​ម៉ឺន​នាក់​៕​ ដោយ ៖ កូឡាប

spot_img
×