Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​អ្នកធាក់ស៊ីក្លូ​ក្រោយ​ជួប​ជាមួយ​សម្ដេច​តេជោ​ហ៊ុន សែន​

spot_img

​ភ្នំពេញ​៖​អ្នកធាក់ស៊ីក្លូ​ជើងចាស់ ឬ​វ័យចាស់​និង​វ័យ​កណ្ដាល​ក៏​ដូច​អ្នកធាក់ស៊ីក្លូ​វ​វ័យក្មេង​ចំនួន​៣​នាក់​បាន​បង្ហាញ​ទឹកចិត្ត​សប្បាយ​រីករាយ​និង​រំភើប​អស្ចារ្យ​ដែល​ក្នុង​មួយ​ជីវិត​នេះ​បាន​ជួប​ជាមួយ​សម្ដេច​តេជោ​ហ៊ុន សែន​ដោយ​ផ្ទាល់​តាមរយៈ​ការអនុញ្ញាតិ​ឱ្យ​បងប្អូន​អ្នកធាក់ស៊ីក្លូ​ជាង​៣០០​នាក់​ជួប​សំណេះសំណាល​និង​ពិសារ​បាយ​សាមគ្គី​ជាមួយ​រួច​ហើយ​សម្ដេច​តេជោ​បាន​ផ្ដល់​អំណោយជូន​ម្នាក់ៗ​ចំនួន​៥៧​ម៉ឺន​រៀល​ថែម​ទៀត​។​

ជាក់ស្ដែង​លោក​តា​នូ យ័ន អាយុ​៧១​ឆ្នាំ រស់នៅ​ឃុំ​ជី​រោទ៍ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូ​ឃ្មុំ បាន​បង្ហាញ​ពី​ទឹកចិត្ត​ផ្ទាល់ខ្លួន​ដោយ​ទឹកមុខ​ញញឹម​ថា​៖​កាលពី​ព្រឹក​មិញ​នេះ​ថ្ងៃទី​១៣​ខែ​មករា​នេះ​រូបខ្ញុំ​ក៏ដូចជា​អ្នកធាក់ស៊ីក្លូ​វ​ជាច្រើន​ទៀត​បាន​ជួប​ជាមួយ​សម្តេច​តេ​ជោគឺ​ពិត​ជា​សំណា​ងណាស់​សម្រាប់​ខ្ញុំ​ដែល​មួយជីវិត​មិន​ស្មានថា​ខ្លួន​បាន​ជួប​នាយករដ្ឋមន្ត្រី​នោះទេ ប៉ុន្តែ​ព្រឹក​មិញ​នេះ​រូបខ្ញុំ​បាន​ជួប​ហើយ​ថែមទាំង​បាន​ប៉ះ​ដៃ​សម្តេច​តេជោ​បន្តិច​ដែរ ដោយសារ​តែ​សម្តេច​ដើរ​លឿន​ពេក ។ លោកតា​បញ្ជាក់ទៀតថា​៖​ទម្រាំ​តែ​បាន​ប៉ះ​ដៃ​សម្តេច​បាន ខ្ញុំ​ខំ​ប្រជ្រៀត​គេ ដើម្បី​បាន​ប៉ះ​ដៃ​សម្តេច ដៃ​សម្តេច​ត្រជាក់ស្រេង​តែម្តង​។ ខ្ញុំ​ចង់​សរសើរ​ខ្លួនឯង​ដែរ​ដែល​បាន​ប៉ះ​ដៃ​សម្តេច​។ ខ្ញុំ​មិនដែល​នឹកគិត​ថា​បាន​ជួប​និង​ប៉ះ​សម្តេច​តេជោដោយ​ផ្ទាល់បា​ន​នោះទេ​។​កន្លង​មក​ខ្ញុំ​បាន​ឃើញ​លោក​តែ​ក្នុង​ទូរទស្សន៍ ប៉ុន្តែ​ដល់​ពេល​បាន​ឃើញ​ផ្ទាល់​បែប​នេះ​ដូចជា​មាន​អារម្មណ៍​យ៉ាងម៉េច​មិន​ដឹង​ទេ​ខ្ញុំ​ដូចជា​សប្បាយរីករាយ​អីចឹង​ទៅ​និង​ទៅ​ជា​ម្យ៉ាង​ដែរ​។ ខ្ញុំ​ដេក​គិត​រាប់​ឆ្នាំ​ហើយ​ថា​ខ្លួន​ប្រហែល​មួយ​ជីវិត​នេះ​មិនបាន​ជួប​សម្តេច​តេជោ​ទេ​។​

​ក្នុងនោះ​ដែរ​លោក​តា​ក៏​បាន​សម្តែង​នូវ​ក្តី​អារម្មណ៍​ក្នុង​ចិត្ត​ថា​ក្នុង​ពេល​ជួប​សំណេះសំណាល​នា​ព្រឹក​ថ្ងៃទី​១៣​មករា​នេះ ខ្ញុំ​គិតថា​មាន​អារម្មណ៍​សប្បាយរីករាយ​ប្លែក​ខុសពី​ធម្មតា​។​តែ​ក្រោយ​ពេល​បាន​ជួប​ជាមួយ​សម្តេច​ហើយ​គិត​ខ្លួនឯង​ថា​នៅ​ស្រុក​ខ្មែរ​មាន​តែ​សម្ដេច​មួយ​ហ្នឹង ជា​អ្នកដឹកនាំ​ស្រុក​ខ្មែរ​ត្រឹមត្រូវ ហើយ​សម្តេច​បាន​ស្រឡាញ់​ប្រជាជន​របស់​លោក​ខ្លាំងណាស់ ។ លោកតា​ថា​៖ ធ្លាប់​និយាយ​លេង​ដែរ កាលណា​ទើបបាន​ជួប​ជាមួយ​សម្តេច​បាន​ម្ដង និង​ចង់​និយាយ​តទល់​ជាមួយ​សម្តេច​ដោយ​ផ្ទាល់​បាន​ហ្នឹង​គេ​ទៅ ប៉ុន្តែ​ស្រាប់តែ​ឥឡូវ​ជួប​មែន​តែ​អត់​បាន​និយាយ​ជាមួយ​សម្តេច​។​

លោកតា​បញ្ជាក់​ដោយ​រំលឹក​ពី​ការចងចាំ​របស់គាត់​ពី​សម្តេច​តេជោ​កាលពី​៤៤​ឆ្នាំមុន​បាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង​សត្រូវ​រហូតដល់​ពិការភ្នែក គឺ​នៅក្នុង​ភូមិ​ជី​រោទ៍ គឺ​ភូមិ​ខ្ញុំ​តែ​ម្តង កន្លែង​ប៉ម​តែ​ម្តង​ក្នុង​សម័យ​សង្គ្រាម​ឆ្នាំ​ទសវត្ស​ទី​៧០ ហើយ​ក្នុង​ពេល​នោះ​ខ្ញុំ​ក៏​នៅក្នុង​ភូមិ​ដែរ ប៉ុន្តែ​ដោយ​ការ​វ៉ៃ​គ្នា​ខ្លាំងពេក គេ​បាន​ជម្លៀស​ប្រជាជន​ចេញ​ក៏​បាន​រួច​ជីវិត​រហូត​ដល់​សព្វថ្ងៃ​នេះ​។​លោកតា​បាន​បញ្ជាក់ថា​៖​ក្រោយពេល​បាន​ថវិកា​ឧបត្ថម្ភ​របស់​សម្តេច​តេជោ ខ្ញុំ​គិតថា​យក​លុយ​នេះ​ទៅ​សង​គេ​ខ្លះ​ដោយសារតែ​ខ្ញុំ​ខ្ចីលុយ​គេ​មក​ព្យាបាល​ជំងឺ​មាន​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​។​

​លោកតា​យ័ន​បាន​រៀបរាប់​ថា​៖​ក្នុង​វ័យ​៧១​ឆ្នាំ​នេះ​រូបខ្ញុំ​បាន​ប្រកប​ជា​អ្នកធាក់ស៊ីក្លូ​នេះ​មាន​រយៈពេល​ប្រមាណ​ជាង​៣០​ឆ្នាំ​ហើយ ជា​រៀងរាល់ឆ្នាំ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺ​មិន​បាន​វិលត្រឡប់​ទៅ​ប្រកប​ការងារ​នៅ​ស្រុកកំណើត​នោះ​ទេ ដោយសារតែ​មាន​កូនចៅ​នៅ​ប្រកប​ការងារ​ស្រែ​ចម្ការ​នោះ​ហើយ​។​ការប្រកប​របរ​ធាក់​ស៊ីក្លូ​នេះ​ចេះ​តែ​ធាក់​ទៅតាម​ដំណើរ​មនុស្ស​ចាស់​។ លោកតា​បាន​រៀបរាប់​គាត់​មានកូន​៣​នាក់ ហើយ​កូន​មួយ​រត់​ម៉ូតូឌុប និង​មួយចំនួនទៀត​ធ្វើ​ចម្ការ​។ លោកតា​យ័ន្ត បាន​បញ្ជាក់ទៀតថា​៖​សព្វថ្ងៃនេះ​រូបគាត់​បន្ទាប់​ពី​ធាក់​ស៊ីក្លូ​រួចហើយ​បាន​មក​សុំ​ប្រធាន​ផ្សារកណ្តាល​ស្នាក់នៅ​បណ្តោះអាសន្ន​លើ​តូប​លក់ដូរ ។​ចំណែក​ឯក​ទឹក​ត្រូវ​ទិញ​ទឹក​គេ​ដើម្បី​ងួត​ក្នុងតម្លៃ​១០០០​រៀល​សម្រាប់ងួ​តម្តង​ជាមួយនឹង​ការ​បោក​ខោ​អាវ​។ លោកតា​បន្តថា​៖ ក្នុង​មួយ​ថ្ងៃ​អាច​រក​ចំណូល​ពី​ធាក់​ស៊ីក្លូ​បាន​ជាង​១​ម៉ឺន​រៀល ហើយ​ថ្ងៃ​ណា​ខ្លះ​បាន​តែ​៨​ពាន់​រៀល​ទេ​ជាមួយ​នឹង​ការទូទាត់​ថ្លៃ​បាយ គឺ​ហូបបាយ​ដែល​ឆ្ងាញ់​តម្លៃ​៣​ពាន់​រៀល​។ ក្នុង​រយៈពេល​ដែល​ធាក់​ស៊ីក្លូ​ជាច្រើន​ឆ្នាំ​មកនេះ គឺ​សន្សំ​បាន​លុយ​បន្តិចបន្តួច និង​បាន​ផ្ញើ​ទៅ​ស្រុក ៥​ម៉ឺន​ឬ​៦​ម៉ឺន​រៀល ដោយ​ផ្ញើ​តាម​ឡាន​តាក់ស៊ី​។ ចំណែក​អ្នក​នៅ​ស្រុក​ជាមួយ​គ្នា​មាន​ប្រមាណ​៣​នាក់​ដែរ​ដែល​ប្រកប​របរ​ធាក់​ស៊ីក្លូ​ជាមួយ​។​

​ចំណែក​លោក សៅ រ៉ុន អាយុ​៥៣​ឆ្នាំ ដែល​រស់នៅ​ភូមិ​ស្វាយ​ជម្រៅ ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង បាន​ថ្លែងថា​៖ ខ្ញុំ​បាន​មក​ធាក់​ស៊ីក្លូ​នេះ​តាំងពី​ជំនាន់​សម្តេច​តេ វិល​ចូល​ស្រុក​វិញ​ម្ល៉េះ​។ លោកតា ក៏​បាន​ថ្លែង​អរគុណ​ដល់​សម្តេច​តេជោ ដែល​បាន​យក​ចិត្ត​លើ​អ្នកធាក់ស៊ីក្លូ រួម​នឹង​ប្រាក់​ប្រចាំ​ថ្ងៃ​នេះ ។ ហើយ​ប្រាក់​ឧបត្ថម្ភ​ដែល​សម្តេច​តេជោ ផ្ដល់​ដល់​ខ្ញុំ​នេះ ខ្ញុំ​មិន​យក​ទៅ​ណា​ឲ្យ​ខាតបង់​ទេ គឺ​ខ្ញុំ​យក​ទៅ​បង្កើត​មុខរបរ​មួយ​សម្រាប់​គ្រួសារ​ខ្ញុំ​ទៅ​ថ្ងៃ​អនាគត ។​

​លោក​បាន​បញ្ជាក់ថា​៖ របរ​ធាក់​ស៊ីក្លូ​នេះ មិន​ជា​ស្រួល ហើយក៏​មិន​ពិបាក​ដែរ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ជា​អ្នកក្រ​ដូចជា​ស្រួល​ដែរ ដោយសារ​តែ​យើង​មាន​សិទ្ធិ​សេរីភាព​នឹង​រក​របរ​នេះ ហើយក៏​គ្មាន​នរណា​មក​បង្ខិតបង្ខំ​យើង​ហើយ​ថា​អ្វី​ឲ្យ​យើង​នោះ​ទេ ។ លោក​ថា ថ្វី​ត្បិត​តែ​ខ្ញុំ​ធាក់​ស៊ីក្លូ​មែន ប៉ុន្តែ​មាន​សិទ្ធិ​សេរីភាព​គឺ​ល្អ​។​

ចំណែក​ប្អូន ជ្រិន កុយ អាយុ​ជាង​២០​ឆ្នាំ រស់នៅ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​និយាយថា​៖​ខ្លួន​មក​មក​ធាក់​ស៊ីក្លូ​នេះ​មាន​រយៈពេល​ពីរ​ឆ្នាំ​មក ហើយ​សារ​តែ​អត់​មាន​ការងារ​ធ្វើ​។ ខ្ញុំ​បាន​មក​ជួល​ស៊ីក្លូ​គេ​មក​ធាក់​ដើម្បី​ចិញ្ចឹមជីវិត ហើយ​ការ​ធាក់​ស៊ីក្លូ​ក៏​មិន​ស្រួល​ណាស់ណា​ទេ ជួនកាល​មិន​រួច​ថ្លៃបង់​ស៊ី​ផង​។ ហើយ​ក្រោយពេល​ដែល​បាន​ជួប​ជាមួយ​សម្តេច​តេជោ ធ្វើឲ្យ​ខ្ញុំ​មានអារម្មណ៍​ល្អ​និង​សប្បាយរីករាយ ជា​ពិសេស​បាន​ហូប​អាហារ​ដែល​ឆ្ងាញ់ៗ​ដែល​ជា​ការរៀបចំ​ជាពិសេស របស់​សម្តេច​តេជោ​។​បងប្អូន​អ្នកធាក់ស៊ីក្លូ បានបង្ហាញ​ក្តីសប្បាយរីករា​យ​យ៉ាង​ចំពោះ​ការសម្រេច​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ពួកគាត់​ព្យាបាល​ដោយ​មិន​គិត​ថ្លៃ​តាម​មន្ទីរពេទ្យ​រដ្ឋ​។ ជាពិសេស​ការបង្កើត​មូលនិធិ​សម្រាប់​ទ្រទ្រង់​ដល់​អាជីព​របស់​ពួកគាត់​។​

​គួរបញ្ជាក់​ថា​៖​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ប្រកាស​បើក​ជា​ផ្លូវការ​នូវ “​សមាគម​មូលនិធិ​ត្រីចក្រយាន (​មូលនិធិ​ស៊ីក្លូ​)​។ មូលនិធិ​នេះ គឺ​ចាប់ផ្តើម​ពី​ថវិកា​សប្បុរស ៥០០ លាន​រៀល ដែល​បាន​ទទួល​ពី​សប្បុរសជន​នានា និង​ពាណិជ្ជករ​នៅក្នុង​ប្រទេស​។ បងប្អូន​អ្នកធាក់ស៊ីក្លូ គឺ​អាច​ដាក់​ពាក្យ​សុំចូល​ជា​សមាជិក​សមា​គ​បាន ដោយ​មិន​តម្រូវអោយ​បង់ប្រាក់​សមាជិក​ឡើយ​។ សមាជិក​ទាំងអស់​នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​មួយចំនួន​ដូចជាៈ​ប្រាក់​ជួល​ស៊ីក្លូ​ប្រចាំថ្ងៃ ២០០០​រៀល ប្រាក់​អាហារ ៥០០០​រៀល​និង​សេវា​ថែទាំ​សុខភាព និង​ព្យាបាល​ដោយ​ឥត​គិ​ថ្លៃ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ ដែល​ផ្តល់​ដោយ​មូលនិធិ​សមធម៌​។​ក្រៅ​ពី​ផលប្រយោជន៍​ខាងលើ គឺ​សមាគម​នឹង​ពិចារណា​ក្នុង​ការផ្តល់​ការឧ​ប​ត្ត​ម្ភ​បន្ថែម​ជូន​បងប្អូន​អ្នកធាក់ស៊ីក្លូ ដូចជា​ក្នុង​រដូវ​បុណ្យទាន (​ចូលឆ្នាំ និង​ភ្ជុំបិណ្ឌ មរណភាព​ជាដើម​)​។ សម្តេច​តេជោ ហ៊ុន សែន ត្រូវបានជ្រើតាំង​ជា ប្រធានកិត្តិយស​របស់ “​សមាគម​មូលនិធិ​ត្រីចក្រយាន (​មូលនិធិ​ស៊ីក្លូ​)”​។ នៅ​ថ្ងៃ​នេះ​បងប្អូន​សមាជិក​អ្នកធាក់ស៊ីក្លូ​ទាំង​៣០៨​នាក់ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ៥៧​ម៉ឺន​រៀល (៥០០០០​រៀល ជា​អំណោយ ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង ៧០០០០​រៀល ប្រាក់​ពី​មូលនិធិ​) ព្រមទាំង ភួយ អាវ​រងា កន្សែង ក្រមា អាវ​ភ្លៀង និង​មុង​។ មូលនិធិ​ទាំងនេះ គឺ​ដាក់​នៅក្នុង​កាត Wing ដែល​បងប្អូន​ងាយស្រួល​អាច​បើ​កនៅ Wing នៅ​គ្រប់​ទីកន្លែង​។ នេះ​គឺជា​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ទាំង​ទ្វេ ដើម្បី​អោយ​ជីវិត និង​ជីវភាព​រស់នៅ​របស់​លោក​តា អុំ ពូ និង​បងប្អូន​អ្នកធាក់ស៊ីក្លូ​ទូទាំង​ប្រទេស​កាន់តែ​ប្រសើរ​ឡើង​។ សូម​បងប្អូន​អ្នកធាក់ស៊ីក្លូ គោរព​ច្បាប់​ចរាច​រណ៍ កុំ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​។ សូម​ក្រុមហ៊ុន​ទេសចរណ៍​ជួយ​ទាក់ទាញ​ទេសចរ​បរទេសណ៍​ឱ្យ​ចូលរួម​ប្រើប្រាស់​ស៊ីក្លូ​។ យើង​ចូលរួម​ជិះ​ស៊ីក្លូ​ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​បងប្អូន​ស៊ីក្លូ​។ ស៊ីក្លូ គឺ​កាត់​បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​ទីក្រុង​៕ ដោយ​៖​កូឡាប​

 

spot_img
×