Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ព្រឹត្តិការណ៍ «​កាលានុវត្តភាព​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ២០២០» និង​ជួប​ជាមួយ​ធុរជន​អាមេរិក​

spot_img

​ភ្នំពេញ​៖ ​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍ «​កាលានុវត្តភាព​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ២០២០» ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា នៅ​សណ្ឋាគារ​រ៉ូ​ស​វូត រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​០៦-០៧ ខែកុម្ភៈ ឆ្នាំ​២០២០​។ ជា​អធិបតី​ក្នុង​ពិធី​នោះដែរ​គឺ លោកប៉ា​ទ្រិ​ក មើ​ហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ធុរជន​ជាតិ និង​អន្តរជាតិ ជាច្រើន​ទៀតផង​ដែរ​។​

​នៅក្នុង​សុន្ទរកថា​គន្លឹះ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ជម្រាបជូន​ថា វិស័យ​កសិកម្ម ជា​វិស័យ​អាទិភាព​មួយ​ដែលមាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ពី​ផលិតផល​កសិកម្ម​មួយចំនួន ដូចជា​ស្រូវ​-​អង្ករ ពោត សណ្ដែកសៀង ដំឡូង​មី ស្វាយ ស្វាយចន្ទី កៅស៊ូ បន្លែ ត្រី សាច់ ដែល​សុទ្ធសឹង​ជា​ផលិតផល​សក្ដានុពល សម្រាប់​ជា​ព័ត៌មាន​ជូន​ដល់​ធុរជន​ជាតិ និង​អន្តរជាតិ ពិចារណា​ក្នុង​ការធ្វើ​អាជីវកម្ម ឬ​វិនិយោគ​នៅ​កម្ពុជា​។ លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​ការលើកកម្ពស់​ខ្សែចង្វាក់​តម្លៃ និង​ការកែច្នៃ​ផលិតផល​កសិកម្ម ជា​ការងារ​អាទិភាព​មួយ ដើម្បី​ទ្រទ្រង់​វិស័យ​កសិកម្ម​ឲ្យ​មានការ​រីកចម្រើន​មួយចំណែក​ទៀត ដោយ​ក្នុងនោះ លោក​រដ្ឋមន្ត្រី បាន​លើក​ជា​ឧទាហរណ៍​ការកែច្នៃ​ដំឡូង​មី​ទៅជា​ម្សៅ គ្រាប់​ថ្នាំ ថង់ អេតាណុល និង​ជាវ​ត្ថុ​ផ្សេងៗ​ទៀត ដែល​សកម្មភាព​ទាំងនោះ នឹង​បង្កើត​ការងារ បង្កើន​ចំណូល និង​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​មានការ​រីកចម្រើន​។ នៅ​ក្នុងន័យនេះ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​អាមេរិក ក៏ដូចជា​ក្រុមហ៊ុន​ក្នុងស្រុក ពិចារណា​លើ​ការវិនិយោគ​បន្ថែម​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម ដោយបាន​លើកឡើង​អំពី​បរិយាកាស​វិនិយោគ​ល្អប្រសើរ​របស់​កម្ពុជា​។​

​នៅក្នុង​សុន្ទ​ករ​ថា​បើក លោក​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​ជម្រាបជូន​ថា ការរៀបចំ​វេទិកា​ធុរកិច្ច ស្ដីពី​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នេះ ជា​វេលា​ដ៏​ល្អ​មួយ គាប់​ជួន​ជាមួយនឹង​ខួប​អនុស្សាវរីយ​ទី​៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។ ចំពោះ​វេទិកា​ធុរកិច្ច​លើក​នេះ មាន​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ចំនួន ១៥ ក្រុមហ៊ុន ដោយ​ក្នុងនោះ​រួមមាន​ក្រុមហ៊ុន​ដែល​ប្រកប​កសិកម្ម​បែប​ប្រពៃណី និង​ក្រុមហ៊ុន​មួយចំនួនទៀត​ជា​ក្រុមហ៊ុន​ដែលមាន​បច្ចេកវិទ្យា​ទំនើប ដែល​អាចជួយ​ដល់​ការជំរុញ​វិស័យ​កសិកម្ម និង​បង្កើន​ទិន្នផល ហើយ​លោក​សង្ឃឹមថា ក្រុមហ៊ុន​ទាំងនោះ​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា ដើម្បី​ធ្វើ​ទំនើបកម្ម​វិស័យ​កសិក​ម្ម​នៅ​កម្ពុជា តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​។ សង្កត់ធ្ងន់​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា លោក​ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូន​បន្ថែមទៀតថា តាមរយៈ​ការ​អភិ​វ្ឍ​របស់​ប្រទេស​នីមួយៗ ចំណែក​នៃ​វិស័យ​កសិកម្ម​នឹងមាន​ការចុះ​ថយ​ជា​លំដាប់ ហើយ​ក្នុងពេលនោះ​ហើយ ដែល​បច្ចេកវិទ្យា​នឹង​ជួយ​បំពេញបន្ថែម​ក្នុងការ​បង្កើន​ផលិតភាព គាំទ្រ​ស្ថិរភាព​ស្បៀង និង​លើកកម្ពស់​ខ្សែចង្វាក់​តម្លៃ​កសិកម្ម​សម្រាប់​ការនាំចេញ​។​

​សូម​ជម្រាបជូន​ថា ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋអាមេរិក ទំហំ​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​២០១៩ គឺមាន​សរុប​ប្រមាណ ៥,៤ ប៊ី​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែវិច្ឆិកា ស្មើនឹង​កំណើន​ប្រមាណ ២៧,៤% បើ​ប្រៀប​នឹង​ឆ្នាំ​២០១៨​។ ក្នុងនោះ​ផងដែរ វិស័យ​កសិកម្ម​ក៏​រួមចំណែក​មួយចំនួន​ដ៏​សំខាន់ ក្នុង​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×