Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​សត្វ​គោ​យ៉ាងសកម្ម​ចំនួន​២​នាក់​

spot_img

​សៀមរាប​៖ លោក​វរសេនីយ៍ទោ លឹម សម្បត្តិ អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​សត្វ​គោ​យ៉ាងសកម្ម​ចំនួន​២​នាក់ ក្នុងចំណោម​បក្ខពួក ៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង​ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​សត្វ​គោ​លើកចុងក្រោយ ចំនួន​២​ក្បាល របស់​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​បង្កោង ឃុំ​ឣំ​ពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។​

​លោក​វរសេនីយ៍ទោ បាន​រៀបរាប់​ពី​ដំណើររឿង មុនពេល​កើតហេតុ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បានធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ស្រុក ក៏​ប្រទះឃើញ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​សម្រាប់​ដឹកគោ​មួយគ្រឿង (​គ្មាន​គោ​) ដោយមាន​ការសង្ស័យ កម្លាំង​យើង​បាន​តាមឃ្លាំមើល និង​ឃើញ​អ្នកបើកបរ​រ៉ឺម៉ក​បាន​ទូរស័ព្ទ​ទាក់ទង ហើយ​ទៅ​ជួប​មនុស្ស​ម្នាក់ទៀត​ជិះ​ម៉ូតូ​ម៉ាក​ស៊ូ​ម័​រ​ឣិ​ច ពណ៌​ក្រហម បន្ទាប់មក​ឃើញ​មនុស្ស​២​នាក់​ទៀត​ដឹកគោ​ចំនួន​២​ក្បាល មករក​ដាក់​រ៉ឺម៉ក ពេលនោះ​កម្លាំង​យើង ក៏​ចូលទៅ​បង្ក្រាបបាន​ម្ចាស់​រ៉ឺម៉ក​ម្នាក់​។ ចំណែក​អ្នក​ដឹកគោ​២​នាក់ បាន​លែងគោ​ចោល ហើយ​រត់​ចូល​ព្រៃ​បាត់ រីឯ​ម្នាក់ទៀត ដែល​ជិះ​ម៉ូតូ បាន​ព្យាយាម​គេច ខ្លួន តែ​ត្រូវ​កម្លាំង​នគរបាល​យើង​បើកឡាន​ដេញតាម​ចាប់​រហូត​ឃាត់ខ្លួន​បានរួម​ជាមួយ​ម៉ូតូ​ផងដែរ​។​

​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ ទី​១/​ឈ្មោះ​សៅ ភ្លឿ​យ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ភូមិ​ត្រាវ​គៀត ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ទី​២/​ឈ្មោះ សំ ជា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ភូមិ​ប៉ាត​ត ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។

​ជនសង្ស័យ​ទាំង​០២​នាក់​នេះ បាន​សារភាព ថា​ពួកខ្លួន​ពិតជា បានធ្វើ​សកម្មភាព​លួច​សត្វ​គោ​ចំនួន​២​ក្បាល​ខាងលើ ពិតប្រាកដ​មែន ដោយមាន​បក្ខពួក​២​នាក់​ទៀត គឺ​ឈ្មោះ បារាំង និង​ឈ្មោះ ឌី​ចូលរួម​ដែរ តែ​បាន​រត់​គេចខ្លួនបាត់​។ ហើយ​កន្លងមក​ពួកគេ បានធ្វើ​សកម្មភាព​លួច​គោ នៅក្នុង​ស្រុក​ប្រាសាទបាគង​ចំនួន​២​លើក នៅ​ស្រុក​សូទ្រនិគម​ចំនួន ៤​លើក និង​ស្រុក​ជីក្រែង​ចំនួន​១​លើក​ផងដែរ​។​

​យោងតាម​ការបំភ្លឺ និង​ពាក្យបណ្តឹង របស់​ឈ្មោះ ភ ឈ ភេទ​ប្រុស ឣា​យុ​៦២​ឆ្នាំ រស់នៅ​ភូមិ​បង្កោង ឃុំ​ឣំ​ពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​បំភ្លឺថា​គាត់​បាន​ចង​គោ នៅ​ខាងជើង​ផ្ទះ លុះ​ប្រហែល​ម៉ោង​៣​ស្រាប់តែ​បាត់គោ ក្រោយមក​លឺថា​សមត្ថកិច្ច​ចាប់បាន​ចោរលួច​គោ ពេល​មក​មើល​គោ​នោះ គឺជា​គោ​របស់គាត់​ពិតមែន​។

​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ និង​អនុវត្តតាម​ការណែនាំរ​បស់​លោក​ឧ​ត្ត​សេនីយ៍​ទោ​ទិ​ត្យ ណា​រ៉ុង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​លោក​ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ ក៏ដូចជា​គោលការណ៍​ណែនាំ​របស់ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​ប្រាសាទបាគង ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​ត្រូវបាន​កម្លាំង​នគរបាល​ផ្នែក​ព្រហ្ម​ទ​ណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​នៃ​ច្បាប់ ចំណែក​សត្វ​គោ​ទាំង​០២​ក្បាល​ដែល​ដកហូត​បានមក​វិញ ត្រូវបានធ្វើ​ការប្រគល់​ទទួល​ជូន​ជនរងគ្រោះ​រួចរាល់​ហើយ​ផងដែរ​។​

​សូម​កោតសរសើរ​និង​អរគុណ ដល់​កងកម្លាំង និង​បងប្អូន ប្រជា​ការពារ​ទាំងអស់ ដែល​បាន​ចូលរួម អនុវត្តតាម​ផែន​ការណ៍ ដែល​ខ្ញុំ​ប្រគល់ជូន ដើម្បី​រួមគ្នា បង្ការ​ទប់ស្កាត់ បទល្មើស ក្នុង​មូលដ្ឋាន រក្សា​អោយបាន​នូវ សន្តិសុខ សុវត្ថិភាព និង​ទ្រព្យសម្បត្តិ ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង​៕ ដោយ​៖​កូ​ឡាប​

spot_img
×