Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយសារ​មិនទាន់​បានធ្វើ​វិសោធនកម្ម ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល គួរ​ត្រូវបាន​និរាករណ៍​

spot_img

​ភ្នំពេញ​៖​អង្គការ​លីកាដូ នៅ​​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ផ្សាយ​ព័ត៌មាន​ថា សហគមន៍​និង​អង្គការ​សង្គម​ស៊ីវិល​ចំ​នួ​១០០ សូម​សំណូមពរ​ដោយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការ​និរាករណ៍​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឱ្យបាន​ឆាប់រហ័ស​។

​កិច្ចប្រជុំ​លើក​ទី​៤​ថ្ងៃនេះ​រវាង ក្រសួងមហាផ្ទៃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយចំនួន បានបញ្ចប់​ទៅដោយ​មិនមាន​លទ្ធផល​ជា​វិជ្ជមាន ចំពោះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឱ្យមាន​ភាពល្អប្រសើរ​នោះទេ​។ នេះ​គឺជា​សកម្មភាព​ចុងក្រោយ​មួយ​នៃ​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​បង្ហាញថា រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អង្គ​ការមិន​មែនរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​សមាគម និង​ក្រុម​សហគមន៍​មូលដ្ឋាន​ផងដែរ​។​

​មន្ត្រី​រាជរដ្ឋាភិបាល​មួយចំនួន​បានលើកឡើង​ថា គំនិត​យោបល់​ផ្សេងៗ​គ្នា​របស់​ក្រុម​សង្គម​ស៊ីវិល​រាប់ពាន់​ស្ថាប័ន គឺជា​ហេតុផល​ដែល​មិន​អាចធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​បាន​។ យើងខ្ញុំ​យល់ឃើញថា ភាពខុសប្លែក​គ្នា​នៅក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ គោលបំណង និង​តំណាង​របស់​ក្រុម​ផ្សេងៗ សមាគម និង​អង្គការ គឺជា​ភាពរឹងមាំ​នៃ​សង្គម​ស៊ីវិល​មួយ​ដែលមាន​លក្ខណៈ​សេរី ចម្រុះ​មជ្ឈដ្ឋាន និង​ឯករាជ្យ​។ ដោយ​អះអាង​ពី​តម្រូវការ​នៃ​គំនិត​យោបល់​រួម​ជា​ឯកច្ឆន្ទ​របស់​ក្រុម​សង្គម​ស៊ីវិល ក្រសួងមហាផ្ទៃ​គឺ​កំពុងតែ​បង្ហាញ​ពី​ការខ្វះ​ឆន្ទៈ​របស់ខ្លួន​នៅ​ពីក្រោយ​ភាពមិន​អាចទៅរួច​នៃ​ការធ្វើ​វិសោធន​កម្មនេះ​។​

​ក្នុងនាម​សមាជិក​សង្គម​ស៊ីវិល ដែល​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​កម្ពុជា និង​ឈរ​ជា​សសរទ្រូង ក្នុងការ​ពង្រឹង​វិស័យ​រដ្ឋ និង​ឯកជន យើងខ្ញុំ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ផលប៉ះពាល់​នៃ​ច្បាប់​នេះ​ទៅលើ សមាគម​និង​សហគមន៍​មូលដ្ឋាន​។ ស្ថាប័ន​ទាំងនេះ ដើរតួ​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​សំឡេង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឱ្យមាន​ប្រសិទ្ធភាព នៅពេល​ការសម្រេចចិត្ត​ធ្វើឡើង​ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លី និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ មានការ​រឹតត្បិត​ហួសហេតុ​ពេក​ចំពោះ​សមត្ថភាព​របស់​ស្ថាប័ន​ទាំងនេះ​ក្នុងការ​បង្កើត​អង្គការ​។ ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើការ​នៅ​កម្រិត​មូលដ្ឋាន​បាន​រាយការណ៍​ជារឿយៗ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រើប្រាស់​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​រឹតត្បិត​សកម្មភាព​របស់​អ្នក​ទាំងនោះ​។​

​មុនពេល​អនុម័ត​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល កាលពី​ខែកក្កដា ឆ្នាំ​២០១៥ ច្បាប់​នេះ​បាន​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ក្រុម​សហគមន៍​មូលដ្ឋាន សហជីព អង្គការ​មិនមែន​រដ្ឋាភិបាល ក៏ដូចជា​អង្គការសហប្រជាជាតិ​។ ម្ដង​ហើយ​ម្ដងទៀត រាជរដ្ឋាភិបាល ត្រូវបាន​ជំរុញ​ឱ្យ​បោះបង់ចោល​ច្បាប់​នេះ​ដោយសារ មានការ​ដាក់ទោស​ទៅលើ​ក្រុម​ដែល​មិនបាន​ចុះបញ្ជី និង​ការចុះបញ្ជី​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ដំណើរការ​នៃ​ការិយាល័យ​ធិបតេយ្យ​ដោយ​មិន​ច្បាស់លាស់​និង​ស្មុគស្មាញ​។ ច្បាប់​នេះ​ផ្ដល់​សិទ្ធិអំណាច​ហួសហេតុ​ពេក​ឱ្យ​រាជរដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​ក្រុម​អង្គការ និង​សមាគម ដែល​ប្រើប្រាស់​សិទ្ធិ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ក្នុងការ​សម្ដែង​មតិ និង​បង្កើត​អង្គការ​ខ្លួនឯង​ដោយ​សេរី​។​

​គ្មាន​ភាពចាំបាច់​ដើម្បី​មានច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ទេ​។ ក្រមរដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ចែង​ពីបទ​បញ្ញត្តិ ដើម្បី​គ្រប់គ្រង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រួចរាល់​ហើយ​។ ហើយ​រាល់​បទល្មើស​ផ្សេងៗ​ក៏​មានចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ ច្បាប់​បន្ថែម​ថ្មី​នេះ​គឺ​គ្រាន់តែ​ជា​ឧបករណ៍​បម្រើ​ដល់​ការរារាំង គំរាមកំហែង និង​រឹតត្បិត​សង្គម​ស៊ីវិល ដែល​បាន​រាយការណ៍​ជា​ញឹកញាប់​និង​រហូតមក អំពី​ការតាមដាន និង​ការគំរាមកំហែង​ក្រោម​ហេតុផល​នៃ​ច្បាប់​មួយ​នេះ​តែប៉ុណ្ណោះ​។​

​យើងខ្ញុំ យល់ស្រប​ជាមួយនឹង​ការទាមទារ​របស់​ក្រុមហ៊ុន​អន្តរជាតិ​រាប់សិប​ផ្សេងទៀត ដែល​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែ​មុន ឱ្យ​ធ្វើការ​និរាករណ៍ ច្បាប់​ស្ដី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាបន្ទាន់ ដើម្បីឱ្យ​ក្រុម​សង្គម​ស៊ីវិល​កម្ពុជា​អាច​ដំណើការ​ដោយ​មិនមាន​ភាពភ័យខ្លាច​ពី​ការ​ធ្វើទុក្ខបុកម្នេញ និង​រឹតត្បិត​។ យើងខ្ញុំ ជឿជាក់ថា​ក្រុម​សង្គម​ស៊ីវិល សហគមន៍​មូលដ្ឋាន និង​សមាគម​ក្នុងស្រុក គួរ​ត្រូវបាន​អនុវត្ត​ការងារ​ឆ្ពោះទៅរក​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ការ​រឹតត្បិត និង​រំលោភបំពាន ក៏ដូចជា​ការជ្រៀតជ្រែក​ពី​សំណាក់​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​។​

​ច្បាប់​នេះ​គឺ​មិនចាំបាច់ ហើយ​គ្រាន់តែ​ជា​ឧបករណ៍​ដើម្បី​រឹតត្បិត​សេរីភាព​ក្នុងការ​ជួបជុំ​ការបង្កើត​អង្គការ និង​ការសម្ដែង​មតិ​ផ្សេងៗ​របស់​សមាជិក​សង្គម​ស៊ីវិល​កម្ពុជា​តែប៉ុណ្ណោះ​។ ហេតុ​ដូច្នេះហើយ​យើងខ្ញុំ ដែលមាន​រាយ​នាម​ដូចខាងក្រោម សូម​សំណូមពរ​ដោយ​ទទូច​ឱ្យ​លុបចោល​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ ឱ្យបាន​ឆាប់រហ័ស​៕ ដោយ​៖​កូ​ឡាប​

spot_img
×