Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចព្រះ​មហាក្សត្រី​ ព្រះរាជទានសម្ភារៈ​ការពារ​ជំងឺ​វីរុស ជូន​ឯកអគ្គរដ្ឋទូត​ចិន​

spot_img

​ភ្នំពេញ​៖ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បានចេញ​ប្រកាស​ព័ត៌មាន​ថា នា​ថ្ងៃទី​១២ ខែកុម្ភៈ លោក ស្រី ណូរី ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជានា​យក​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ បានធ្វើការ​ប្រគល់​សម្ភា​រៈការ​ពារ​ជំងឺ​វីរុស ដែលជា​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ព្រះមហា​ក្ស​ត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ដែល​ទ្រង់​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ដល់​ភាគី​ចិន ដោយ​តាមរយៈ​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​

​លោក ស្រី ណូរី​មានប្រសាសន៍ថា សម្តេចព្រះ​មហាក្សត្រី​ទ្រង់​បាន​យក​ព្រះទ័យ​ទុកដាក់​លើ​វឌ្ឍនភាព​នៃ​ស្ថានភាព​ជម្ងឺ​វីរុស​មួយ​នេះ ហើយ​ទ្រង់​បាន​សព្វព្រះរាជហឫទ័យ​ចាត់តាំង​រូបខ្ញុំ ដើម្បី​ធ្វើការ​ប្រគល់​ម៉ាស​ការពារ​ជំងឺ​វីរុស​ដែលជា​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ព្រះអង្គ​ជូន​ដល់​ភាគី​ចិន​។ ក្រៅពីនេះ ព្រះអង្គ​បាន​ស្តេចយាង​រៀបចំ​ពិធី​តាមបែប​សាសនា​ក្នុង​ព្រះបរមរាជវាំង ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​ដល់​ប្រទេស​ចិន​ផងដែរ ហើយ​ព្រះអង្គ​បាន​ប្រោស​ព្រះរាជទាន​ព្រះ​សព្ទសាធុការពរ​ជ័យជម្នះ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​វីរុស​មួយ​នេះ​ដោយ​ជោគជ័យ និង​ឆាប់រហ័ស​ជូន​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​។ លោក​ក៏បាន​ប្រគល់​ព្រះរាជ​ទ្រព្យ និង​សម្ភារៈ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី​, និង​របស់​ឯកឧត្តម និង​សមាជិកគ្រួសារ​របស់លោក​ផ្ទាល់ និង​ព្រមទាំង​មន្ត្រី​ក្នុង​ព្រះបរមរាជវាំង​ដោយ​តាមរយៈ​លោក​Wang Wentian​ផងដែរ​។​

​លោក ឯកអគ្គរដ្ឋទូត​ចិន មានប្រសាសន៍ថា ក្រោយពី​មានការ​ផ្ទុះឡើង​នៃ​ជម្ងឺ​ប្រភេទ​នេះ​ក្នុងប្រទេស​ចិន ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ព្រះអង្គ​ទ្រង់​សព្វព្រះរាជហឫទ័យ​ស្ថិត​ជាមួយ​ប្រជាជន​ចិន និង​ស្តេចយាង​ឆ្លង​រាល់​ទុក្ខលំបាក​ជាមួយនឹង​យើងទាំងអស់គ្នា នេះ​បានបង្ហាញ​ពី​មនោសញ្ចេតនា​ដ៏​សែន​ជ្រាលជ្រៅ​ឥតឧបមា​របស់​សែ​រាជវង្សានុវង្ស​កម្ពុជា ជូន​ចំពោះ​ប្រជាជន​ចិន យើងខ្ញុំ​ទាំងអស់គ្នា​សូម​ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ និង​ព្រមទាំង​បញ្ជូន​សម្ភារៈ និង​ថវិកា​ទាំងនេះ​ទៅកាន់​ប្រទេស​ចិន​ក្នុងពេល​ឆាប់ៗ​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×