Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ចេញ​សេចក្តីថ្លែងការណ៍ ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​របស់​ប​ណ្តា​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

spot_img

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ ចេញ​សេចក្តីថ្លែងការណ៍ ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​របស់​ប​ណ្តា​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន ដែល​បាន​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ថា​ខ្វះ​ឆន្ទៈ​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ក្រសួងមហាផ្ទៃ បាន​ចាត់ទុកថា ការចោទប្រកាន់​របស់​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​បែបនេះ គឺ​ពុំ​ឆ្លុះបញ្ចាំង​ពី​ការពិត​ឡើយ​។​

ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីថ្លែងការណ៍ បញ្ជាក់ថា អនុលោម​តាម​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​១៩៩៣ មាត្រា​៤២ កថាខណ្ឌ​ទី​១ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បង្កើត​សមាគម និង​គណបក្សនយោបាយ​។ សិទ្ធិ​នេះ​ត្រូវបាន​កំណត់​ក្នុង​ច្បាប់​។ ផ្អែក​តាម​មូលដ្ឋាន​ខាងលើនេះ នៅ​ឆ្នាំ​១៩៩៥ រាជរដ្ឋាភិបាល​កម្ពុជា បានរៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ ហើយ​ត្រូវបាន​ដាក់ឱ្យ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ​ជាច្រើនលើក​ច្រើនសារ អស់​រយៈពេល​២០​ឆ្នាំ ទើប​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត និង​ប្រកាស​ឱ្យប្រើ​ប្រាស់ ក្នុង​ខែសីហា ឆ្នាំ​២០១៥​។​

ដោយឡែក​ពាក់ព័ន្ធ​នឹង​នីតិបុគ្គល​មិន​យកចំណេញ ដែលមាន​កំណត់​នៅក្នុង​ក្រមរដ្ឋប្បវេណី គឺ​គ្រាន់តែ​ចែង​អំពី​គោលការណ៍ ទូទៅ​តែប៉ុណ្ណោះ​។ ដូចនេះ ក្រមរដ្ឋប្បវេណី មិនបាន​ហាមឃាត់​ក្នុងការ​រៀបចំ​ឱ្យមាន​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នោះឡើយ​។​

​ក្នុងពេល​អនុវត្ត​ដោយ​ស្តាប់​នូវ​មតិយោបល់​របស់​អ្នកពាក់ព័ន្ធ ក្រសួងមហាផ្ទៃ បាន​ឯកភាព​ទទួលយក​នូវ​សំណើសុំ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​មួយចំនួន​។ កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើសុំ​ធ្វើ​វិសោធនកម្ម​ត្រូវបាន​ដំណើរការ​ចំនួន​៤​លើក រួចមកហើយ ដោយ​ចាប់ផ្តើម​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ រហូតមក ហើយ​បានសម្រេច​ឯកភាពគ្នា​លើ​សំណើសុំ​ធ្វើ​វិសោធនកម្ម ចំនួន​៩​មាត្រា​លើ​១៧​មាត្រា ដែល​ស្នើឡើង​ដោយ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

​ក្រសួងមហាផ្ទៃ​សង្ឃឹមថា នឹង​បន្ត​ការពិភាក្សា​ស្វែងរក​ស្រុះស្រួល​គ្នា​លើ​មាត្រា​ដែល​នៅ​សេសសល់ នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ដូច្នេះ ការដែល​លើកឡើងថា រាជរដ្ឋាភិបាល មិនមាន​ឆន្ទៈ​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​ពុំ​ឆ្លុះបញ្ចាំង​ពី​ការពិត ដូច​បានបញ្ជាក់​ខាងលើ​ឡើយ​។

​ជាគោលការណ៍​ទូទៅ ក្នុងសង្គម​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ច្បាប់​បានកំណត់​អំពី​ដែន​សមត្ថកិច្ច អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​តួអង្គ​សំខាន់ៗ នៅក្នុង​សង្គម រួមមាន ស្ថាប័ន​សាធារណ វិស័យ​ឯកជន គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល​… ដើម្បី​ការពារ​ប្រយោជន៍​សាធារណៈ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​តួអង្គ​ទាំងនោះ​។ ក្នុងន័យនេះ ក្រសួងមហាផ្ទៃ ដែលជា​សេនាធិការ​របស់ រាជរដ្ឋាភិបាល​លើ​កិច្ចការ​នេះ នៅតែមាន​ឆន្ទៈ​យ៉ាង​មោះមុត បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយនឹង​បន្ត​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា ដោយ​សុទ្ធចិត្ត​ជាមួយ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​រហូតដល់​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រសួងមហាផ្ទៃ និង​សមាគម អង្គការ​សង្គម​ស៊ីវិល បាន​ជួបប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​៤ ដើម្បី​ពិភាក្សា​ទៅលើ​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

​សេចក្តីថ្លែងការណ៍​រប​ស់ សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០០ នៅ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ចោទថា រាជរដ្ឋាភិបាល​កម្ពុជា​ខ្វះ​ឆន្ទៈ​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល និរាករណ៍​លើ​ច្បាប់​នេះ​ទៅវិញ​។​

​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១០០ បាន​បញ្ជាក់ថា យើងខ្ញុំ ជា​សហគមន៍​និង​អង្គការ​សង្គម​ស៊ីវិល ដែលមាន​រាយ​នាម​ដូចខាងក្រោម សូម​សំណូមពរ​ដោយ​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើការ​និរាករណ៍​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឱ្យបាន​ឆាប់រហ័ស​។​

​កិច្ចប្រជុំ​លើក​ទី​៤​ថ្ងៃនេះ​រវាង ក្រសួងមហាផ្ទៃ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយចំនួន បានបញ្ចប់​ទៅដោយ​មិនមាន​លទ្ធផល​ជា​វិជ្ជមាន ចំពោះ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឱ្យមាន​ភាពល្អប្រសើរ​នោះទេ​។ នេះ​គឺជា​សកម្មភាព​ចុងក្រោយ​មួយ​នៃ​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​បង្ហាញថា រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​ក្នុង​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អង្គ​ការមិន​មែនរដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​សមាគម និង​ក្រុម​សហគមន៍​មូលដ្ឋាន​ផងដែរ​។​

​មន្ត្រី​រាជរដ្ឋាភិបាល​មួយចំនួន​បានលើកឡើង​ថា គំនិត​យោបល់​ផ្សេងៗ​គ្នា​របស់​ក្រុម​សង្គម​ស៊ីវិល​រាប់ពាន់​ស្ថាប័ន គឺជា​ហេតុផល​ដែល​មិន​អាចធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​បាន​។ យើងខ្ញុំ​យល់ឃើញថា ភាពខុសប្លែក​គ្នា​នៅក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ គោលបំណង និង​តំណាង​របស់​ក្រុម​ផ្សេងៗ សមាគម និង​អង្គការ គឺជា​ភាពរឹងមាំ​នៃ​សង្គម​ស៊ីវិល​មួយ​ដែលមាន​លក្ខណៈ​សេរី ចម្រុះ​មជ្ឈដ្ឋាន និង​ឯករាជ្យ​។ ដោយ​អះអាង​ពី​តម្រូវការ​នៃ​គំនិត​យោបល់​រួម​ជា​ឯកច្ឆន្ទ​របស់​ក្រុម​សង្គម​ស៊ីវិល ក្រសួងមហាផ្ទៃ​គឺ​កំពុងតែ​បង្ហាញ​ពី​ការ​ខ្វ​
​ះ​ឆន្ទៈ​របស់ខ្លួន​នៅ​ពីក្រោយ​ភាពមិន​អាចទៅរួច​នៃ​ការធ្វើ​វិសោធន​កម្មនេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×