Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​ប្រឈម​នៃ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ ក្នុង​ទស្សវត្ស​ឆ្នាំ​២០២០

spot_img

​បាងកក​៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ជា​អធិបតី និង​ថ្លែង​សុន្ទរកថា​គន្លឹះ នៅក្នុង​សិក្ខាសាលា​ស្ដីពី “​បញ្ហា​ប្រឈម​នៃ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ ក្នុង​ទស្សវត្ស​ឆ្នាំ​២០២០” ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា (Thailand-Cambodia Business Council) នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​ធុរជន​ថៃ​ចំនួន​ប្រមាណ ៤០០ នាក់​មកពី​ក្រុមហ៊ុន​ធំៗ​របស់​ថៃ​ជាច្រើន​ក្រុមហ៊ុន​នៅ​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​ថ្លែង​ក្នុង​សុន្ទរកថា​គន្លឹះ​នាពេលនោះ លោ​កម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​នៅ​កម្ពុជា ជាពិសេស​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​ក្នុង​រង្វង់ ៧,១% ក្នុង​រយៈពេល​ពីរ​ទស្ស​វត្ស​ចុងក្រោយ ការកើនឡើង​នៃ​ចំណូល​ជា​មធ្យម​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ក្នុងនោះ​រួមមាន​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​ថៃ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ដើម្បី​ពង្រីក​កំណើន និង​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជាច្រើន រួមមាន​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​សង្កត់ធ្ងន់​លើ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច វិនិយោគ និង​អភិវឌ្ឍន៍ ក៏ដូចជា​ពង្រឹងសមត្ថភាព​របស់​កម្ពុជា​ក្នុងការ​ជំរុញ​សមាហរណកម្ម​ទៅក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក ជាពិសេស​គាំទ្រ​ដល់ទី​ផ្សារ​ដែលមាន​ស្រាប់ ហើយ​ក្នុងពេល​តែមួយ​បង្កើត​ទីផ្សារ​ថ្មី ពង្រឹង​មូលដ្ឋាន​នាំចេញ​តាមរយៈ​ការរៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី សម្រាប់​ជា​ប្រភព​នៃ​កំណើន​ដោយ​ចីរភាព ដោយ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ការ​ផ្ដល់នូវ​ភាពអនុគ្រោះ​ពន្ធគយ​ជា​ឯកតោភាគី​។ ជាមួយ​នោះ​ផងដែរ តាមរយៈ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-២០២៥ រាជរដ្ឋាភិបាល​ក៏មាន​គោលដៅ​ជាស្រេច​ក្នុងការ​ប្រែក្លាយ​ឧស្សាហកម្ម​កម្ពុជា​ពី​កា​រពឹក​ផ្អែកលើ​ពលកម្ម​គ្មាន​ជំនាញ មកជា​ឧស្សាហកម្ម​ដែលមាន​ជំនាញ​ខ្ពស់​នៅ​ឆ្នាំ​២០២៥​។ ចំពោះ​ក្រសួងពាណិជ្ជកម្ម​ផ្ទាល់ ក៏មាន​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-២០២៣ ដែល​សង្កត់ធ្ងន់​លើ​ការពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ទាញយក​ប្រយោជន៍​ពី​ប្រភព​នៃ​កំណើន​ថ្មី​រួមទាំង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ជាដើម​។​

​ទាក់ទង​នឹង​ការវិនិយោគ លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត និង​អំពាវនាវ​ឲ្យ​ធុរជន​ថៃ​ពិនិត្យ និង​មក​ធ្វើ​វិនិយោគ​ឲ្យ​បាន​រឹតតែ​ច្រើនឡើង​នៅ​ប្រទេស​កម្ពុជា​។ លោក​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អំពី​គោលនយោបាយ​លើកទឹកចិត្ត​ជាច្រើន​រប​ស់​កម្ពុជា រួមទាំង​វិធានការ​ថ្មីៗ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ដើម្បី​សម្រួល​បន្ថែមទៀត​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​មួយចំនួន និង​កសាង​រចនាសម្ព័ន្ធ​ចាំបាច់​សម្រាប់​ធុរកិច្ច រួមមាន​ថាមពល ហិរញ្ញវត្ថុ លិខិតបទដ្ឋាន​គតិយុត្ត ។​ល​។ សម្រាប់​គោលដៅ​វិនិយោគ​នៅ​កម្ពុជា វិស័យ​មាន​សក្ដានុពល​រួមមាន​ក​សិ​-​ឧស្សាហកម្ម កែច្នៃ កម្មន្ដសាល ទេសចរណ៍ បដិសណ្ឋារកិច្ច និង​វិស័យ​មួយចំនួនទៀត ដែល​ក្រុមហ៊ុន​ថៃ​មានបទពិសោធន៍ និង​ជំនាញ​ខ្ពស់​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ថៃ តាមរយៈ​ក្រុមប្រឹក្សា​ធុរកិច្ច​ថៃ​-​កម្ពុជា ចូលរួម​ឲ្យ​បាន​ពេញលេញ​នៅក្នុង​វេទិកា​រដ្ឋាភិបាល និង​វិស័យ​ឯកជន ក្រោម​អ​ធីប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​ត្រៀម​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២០ ខាងមុខនេះ ដើម្បី​លើក​ជា​កង្វល់ និង​បញ្ហា​ប្រឈម​នានា​។​

​ក្រៅពី​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​សិក្ខាសាលា​នាពេលនោះ លោក​រដ្ឋមន្ត្រី ក៏បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ធំៗ របស់​ថៃ​មួយចំនួនទៀត​ផងដែរ ដើម្បី​ផ្សព្វផ្សាយ​បន្ថែម​ពី​កាលានុវត្តភាព បរិយាកាស​ធុរកិច្ច និង​ស្វែងយល់​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​។ សូមបញ្ជាក់ថា​ក្នុង​ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃ មាន​ទំហំ ៩ ប៊ី​លាន​ដុល្លារ​អាមេរិក​៕​ដោយ​៖​កូ​ឡាប​

spot_img
×