Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា សោកស្ដាយ​ចំពោះ សេចក្ដីសម្រេច​ដ៏​អយុត្តិធម៌ របស់​អឺរ៉ុប ពាក់ព័ន្ធ​នឹង​ការដក​ផ្នែក​ខ្លះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

spot_img

​ភ្នំពេញ​៖ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ស្តីពី​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ពាក់ព័ន្ធ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ រាជរដ្ឋាភិបាល​ក​ម្ព​ជា មានការ​សោកស្តាយ​ចំពោះ​សេចក្តីសម្រេច​ដ៏​អយុត្តិធម៌​របស់​គណៈកម្មកា​រ​អឺរ៉ុប នៅ​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ការដក​ជា​បណ្តោះអាសន្ន​នូវ​ផ្នែក​ខ្លះ នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​” ដែល​អនុលោម​តាម​មាត្រា ១៩ នៃ​បទ​ប្បញ្ញត្តិ​ស្តីពី​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​សហភាព​អឺរ៉ុប​។​

​ទោះបី​ជាមាន​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​លើ​បញ្ហា​ពាណិជ្ជកម្ម​នេះ​ក្តី កម្ពុជា នៅតែមាន​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង របស់ខ្លួន​ជាមួយ​សហភាព​អឺរ៉ុប​បន្ថែមទៀត ដោយ​ឈរលើ​ស្មារតី​នៃ​ការគោរព និង​ការទទួល​ផលប្រយោជន៍​ទៅវិញទៅមក ជាមួយនឹង​ការបញ្ជាក់​សាជាថ្មី​ពី​បំណងប្រាថ្នា​យ៉ាង​មុតមាំ របស់ខ្លួន​ក្នុងការ​បន្ត​អនុវត្តតាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅក្នុង​តំបន់​។​

​សេចក្តីថ្លែងការណ៍ បាន​បញ្ជាក់ថា ទស្សនាទាន​ស្តីពី “​ការរំលោភបំពាន​ធ្ងន់ធ្ងរ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​” ដូច​បានចែង​ក្នុង​បទ​ប្បញ្ញត្តិ​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ដែល​ផ្តើមចេញពី​ការភាន់ច្រឡំ និង​ការយល់​ខុស​អំពី​តថភាព​ជាក់ស្តែង​នៅ​កម្ពុជា ត្រូវបាន​យកមកប្រើ​ប្រាស់​តាម​ទំនើងចិត្ត ដើម្បី​ចាប់ផ្តើម​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា ប្រកាន់​យ៉ាង​ម៉ឺងម៉ាត់​នូវ​ជំហរ​គោលការណ៍​ក្នុងការ​បដិសេធ​រាល់​ការប៉ុនប៉ង​ដោយ​ដៃគូ​ខាងក្រៅ ក្នុងការ​ប្រើប្រាស់​ពាណិជ្ជកម្ម ឬ​ជំនួយ​អភិវឌ្ឍន៍ ដើម្បី​ជា​លេស​ក្នុងការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។

​បើទោះបីជា​ផ្អែកលើ​គុណ​តម្លៃ និង​គោលការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​របស់​សហភាព​អឺរ៉ុប​ក៏ដោយ ក៏​សេចក្តីសម្រេច​នេះ ត្រូវបាន​ជំរុញ​ដោ​យេ​ហេតុផល​នយោបាយ ដោយ​គ្មាន​ការពិចារណា​ប្រកបដោយ​កត្តា​សត្យានុម័ត និង​ភាពមិនលំអៀង​៕​ដោយ​៖​កូ​ឡាប​

spot_img
×