Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​វិស័យ​នាំចេញ​វាយនភ័ណ្ឌ របស់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម (CLMV) ទៅកាន់​ទីផ្សារ​ជប៉ុន​

spot_img

​ភ្នំពេញ ៖​សិក្ខាសាលា​ស្តីពី “​ការនាំចេញ​ផលិតផល​សក្តានុពល​លើ​វិស័យ​វាយនភ័ណ្ឌ និង​សម្លៀកបំពាក់​ពី​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ទៅកាន់​ទីផ្សារ​ជប៉ុន និង​ខ្សែសង្វាក់​សាកល​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ (Export Potential from Cambodia, Lao PDR, Myanmar and Viet Nam (CLMV) to Japan and Global Value Chain in the Textile and Clothing Industry)” ក្នុង​គោលបំណង​ឲ្យ បាន​យល់ដឹង​អំពី​បញ្ហា​ប្រឈម និង​ឱកាស​វិនិយោគ​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​នៅ CLMV ទៅកាន់​ប្រទេស​ជប៉ុន​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​សិក្ខាសាលា​នេះ​សហការ​រៀបចំឡើង​រវាង​ក្រសួងពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន ក្នុង​គោលបំណង​ផ្តល់នូវ​ចំណេះដឹង និង​ស្វែងយល់​ពី​អត្ថប្រយោជន៍​នៃ​ខ្សែសង្វាក់​ជា​សាកល​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ និង​ការប្រកួតប្រជែង​ផលិតផល​នាំចេញ​របស់​ប្រទេស CLMV ទៅកាន់​ទីផ្សារ​ជប៉ុន ក៏ដូចជា​ស្វែងយល់​ពី​និន្នាការ​ទីផ្សារ​នាពេល​បច្ចុប្បន្ន​នៃ​វិស័យ​វាយនភ័ណ្ឌ​នៅ​ជប៉ុន ដោយ​សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​វាគ្មិន​ជាតិ និង​អន្តរជាតិ ចែកជូន​នូវ​បទ​បង្ហាញ​ដ៏​មាន​សារសំខាន់​ដល់​សិក្ខាកាម​សរុប​ជាង ៩០​នាក់ អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​នា​នេះ​នា​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក ប៊ុន ច​ន្ធី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ឡើង​ថ្លែង​សុន្ទរកថា​បើក​សិក្ខាសាលា ស្វាគមន៍​ចំពោះ​វត្តមាន​ចូលរួម​របស់ លោក BANDO Shunsuke លោក​សាស្ត្រាចារ្យ វាគ្មិន​ពី​ប្រទេស​CLMV សមាជិក​នៃ​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន ព្រមទាំង​សិក្ខាកាម​ទាំងអស់ ដែលមាន​វត្តមាន​ក្នុង​សិក្ខាសាលា​នេះ ដោយ លោក បាន​ជម្រាបជូន​ពី​មិត្តភាព​រវាង​ប្រទេស​កម្ពុជា ជាមួយនឹង​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ក៏ដូចជា​ប្រទេស​ជប៉ុន មាន​មិត្ត​ភាពជា​យូរ​ឆ្នាំកន្លងមក ព្រមទាំង​មាននូវ​ចម្រៀង និង​មានការ​ផ្លាស់ប្តូរ​ខ្សែសង្វាក់​ផលិតកម្ម​រវាង​ប្រទេស CLMV ផងដែរ​។

​លោក​អនុរដ្ឋលេខាធិការ បានលើកឡើង​ពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ជប៉ុន នៅ​ឆ្នាំ​២០១៨ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១,៥៨៨ លាន​ដុល្លារ ក្នុងនោះ កម្ពុជា​បាន​នាំ​ចេញទៅ​ជប៉ុន​នូវ​ទំនិញ​សក្តានុពល​មួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង ខ្សែ​អ៊ី​សូ​ឡង់ និង​បរិក្ខា​អគ្គីសនី​។​ល​។ ឯកឧត្តម ក៏បាន​ជម្រាបជូន​ពី​គម្រោង​វិនិយោគ​របស់​ជប៉ុន​ចំនួន ១៣៧​គម្រោង ក្នុង​ទុន វិនិយោគ​សរុប​ចំនួន​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ ផ្តោត​សំខាន់​លើ​ផលិតផល​គ្រឿង​បង្គុំ​អគ្គីសនី និង​អេឡិចត្រូនិក គ្រឿង​បង្គុំ​រថយន្ត និង​បរិក្ខារ​បច្ចេកទេស​ក​សិ​-​ឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និង​ផ្សារ​ទំនើប​។ លោក ក៏បាន​បន្ថែមទៀតថា​ការអភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​ជា​បន្ត​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដើម្បី​ពង្រឹង និង​ជំរុញ​កំណើនសេដ្ឋកិច្ច​រវាង​ប្រទេស ទាំងពីរ​ឱ្យមាន​ប្រៀប​លើ​ការប្រកួតប្រជែង​ក្នុង​របត់​ទីផ្សារ​ពិភពលោក ដែល​កំពុង​ធ្វើ​បដិវត្តន៍​ឌីជីថល ៤.០​។

​ជា​កិច្ច​បន្ទាប់ លោក BANDO Shunsuke ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​វិភាគ​គោលនយោបាយ នៃ​មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន ឡើង​ថ្លែង​សុន្ទរកថា ដោយមាន​ការយកចិត្ត​ទុកដាក់ និង​សហការ​រៀបចំ​សិក្ខាសាលា​ពី​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ក្នុង​ការបង្កើត​សិក្ខាសាលា​នា​ព្រឹក​នេះ​ឡើង​ដោយ​រលូន​។ លោក​បាន​បន្ត​លើកឡើងថា ប្រទេស​កម្ពុ​ជាមាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតនៅ​កណ្តាល​នៃ​តំបន់​អាស៊ាន ដោយមាន​អំណោយផល​ដល់​ការវិនិយោគ ព្រមទាំង​មានការ​រីកចម្រើន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ និង​រឹង ក្នុងការ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ ជាដើម​។ លោក​ក៏បាន​គូសបញ្ជាក់ថា សិក្ខាសាលា​នេះ​នឹង​ផ្តល់ឱកាស​ដល់​សិក្ខាកាម បាន​យល់ដឹង​អំពី​បញ្ហា​ប្រឈម និង​ឱកាស​វិនិយោគ​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​នៅ CLMV ទៅកាន់​ប្រទេស​ជប៉ុន​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដើម្បី​បង្កើន​នូវ​ខ្សែសង្វាក់​ផលិតកម្ម​នាំចេញ​ទៅ​ប្រទេស​ជប៉ុន ក្នុង​បរិយាកាស​ចែករំលែក​ព័ត៌មាន និង​ជំនួប​ពិភាក្សា សម្រាប់​ស្វែងរក​នូវ​យុទ្ធសាស្ត្រ​ល្អៗ​ក្នុងចំណោម​ប្រទេស CLMV៕​ដោយ​៖​កូ​ឡាប​

spot_img
×