Sunday, September 19, 2021

លោក ឆាយ ថន ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ រួមសុខទុក្ខ​ជាមួយ​ពលរដ្ឋ ដែល​ជា​វប្បធម៌ គុណធម៌ របស់​គណបក្ស​ប្រជាជន​កម្ពុជា​

ខេត្ត​កំពង់ស្ពឺ ​៖ ​លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​ទាំងអស់ ខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងចិត្ត កម្លាំងកាយ ធនធាន​ផ្ទាល់ខ្លួន បម្រើ​ប្រជាពលរដ្ឋ រួមសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ដែល​ជា​វប្បធម៌ គុណធម៌​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលកត្តា​នេះ​ហើយ បាន​ធ្វើឲ្យ​គណបក្ស​ទទួលបាន​ជ័យជម្នះ​។​


​នៅ​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​មករា ឆ្នាំ​២០១៨ លោក​ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ និង ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​ទាំង​១៥ ក្នុង​ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​បសេដ្ឋ ។​

​លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ថ្ងៃនេះ ជា​ថ្ងៃ​ខួប​ទី​៣៣​ឆ្នាំ នៃ​ការចូល​កាន់តំណែង​ជា​ផ្លូវការ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ខួប​អនុ​ស្សា​រីយ៍​លើកទី​៣៩ ទិវា​ជ័យជម្នះ ៧​មករា ឆ្នាំ​២០១៨ ដែល​យើង​ទើបតែ​ប្រារព្ធ​ឡើង​នា​ពេល​ថ្មីៗ​នេះ ដែល​បាន​ដឹកនាំ​នាវា​កម្ពុជា ពី​ចំណុចសូន្យ រហូតដល់​មាន​ការរីកចម្រើន អភិវឌ្ឍន៍​មក​ទល់​សព្វថ្ងៃ​នេះ យើងទាំងអស់គ្នា​ចងចាំ ដឹងគុណ​ជានិច្ច​ចំពោះ​គុណបំណាច់​ដ៍​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន​នេះ ។ ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​យើង គឺ​មិន​អាច​មាន​ជន​ណាមួយ ក្រុម​ណាមួយ បរទេស​ណាមួយ អាច​មក​បំបែកបំបាក់ បំផ្លិចបំផ្លាញ​ប្រទេសជាតិ​យើង ដែល​កំពុងតែ​មាន​ការ​រីក​ច្រើន លូតលាស់ មាន​សុខសន្តិភាព​ពេញលេញ​បាន​នោះទេ ។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមប្រឹក្សា​ឃុំ​យើង​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងចិត្ត កម្លាំងកាយ ធនធាន​ផ្ទាល់ខ្លួន ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ រួមសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ដែល​ជា​វប្បធម៌ គុណធម៌​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​របស់​ប្រជាជន ដោយសារ​ប្រជាជន ដើម្បី​ប្រជាជន និង​មិន​យក​ខ្មែរ​ណាមួយ​ជា​សត្រូវ ស្វាគមន៍​ជានិច្ច ចំពោះ​បងប្អូន​យើង គណបក្ស​ផ្សេង ដែល​ចង់​មក​រួមរស់​ជីវភាព​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា ។ កត្តា​នេះ​ហើយ បាន​ធ្វើឲ្យ​គណបក្ស​យើង​ទទួលបាន​ជ័យជម្នះ​យ៉ាង​ខ្លាំង​នៅពេល​បោះឆ្នោត​កន្លងមក ដែល​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​បសេដ្ឋ​មាន ៩៨​អាសនៈ លើ​១០៧​អាសនៈ និង​សូម​ឲ្យ​ក្រុមប្រឹក្សា​ឃុំ​យើងទាំងអស់ថែរ​ក្សា​សុខភាព នឹង​ទៅ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នាពេលខាងមុខ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ដឹកនាំ​ប្រទេសជាតិ​យើង​ឲ្យ​រីកចម្រើន​រុងរឿង អភិវឌ្ឍន៍​ទ្វេរ​ឡើង​ថែម​ទៀត​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​