Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យើង​បាន​រួមគ្នា​បំផ្លាញ​ឱ្យ​បរាជ័យ​ទាំងស្រុង​នូវ​ឧបាយកល និង​ផែនការ​ប្រកបដោយ​គ្រោះថ្នាក់​នេះ​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​

spot_img

​ភ្នំពេញ​៖​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ថ្លែងថា ​ក្រសួងមហាផ្ទៃ​ក៏បាន​ខិតខំ​ពង្រឹង​ការងារ​ពន្ធនាគារ​ស្របពេល​ដែលមាន​ការកើនឡើង​នូវ​ចំនួន​អ្នក​ជាប់ឃុំ​ក្រោម​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​បាន​ខិតខំ​ពង្រឹង​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ការបណ្ដុះបណ្ដាល កសាង​សមត្ថភាព​ធនធានមនុស្ស​ទាំង​ផ្នែក​រដ្ឋបាល​ស៊ីវិល និង​នគរបាលជាតិ លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​អន្តរជាតិ និង​ប្រទេស​នានា​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៩ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ នៅ ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០​។​

​អង្គសន្និបាត​នឹង​ពិនិត្យ វាយតម្លៃ​លើ​លទ្ធផល បទពិសោធន៍ និង​បញ្ហា​ប្រឈម​នានា ជុំវិញ​ការអនុវត្ត​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ក្រសួងមហាផ្ទៃ រួមទាំង​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នាឱកាស​បិទ​សន្និបាត​កាលពី​ឆ្នាំ​កន្លងទៅ និង​កំណត់​ទិសដៅ​ការងារ​ឆ្នាំ​២០២០ ព្រមទាំង​ប្រកាស​លទ្ធផល​ចលនា​ប្រឡងប្រណាំង អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​

​អញ្ជើញ​ថ្លែង​សុន្ទរកថា​ទៅកាន់​អង្គសន្និបាត​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល កងក​ម្លាំ​នគរបាល អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​យ៉ាងសកម្ម បំពេញ​តួនាទី​ភារកិច្ច និង​ផ្ដល់​កិច្ចសហការ ធ្វើឱ្យ​ក្រសួងមហាផ្ទៃ​សម្រេចបាន​សមិទ្ធផល​ជាច្រើន​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅ​។​

​សម្រាប់​ឆ្នាំ​២០១៩​កន្លងទៅ សម្ដេច​បានបង្ហាញ​ការកត់សំគាល់ថា នៅពេល​ភាព​ការណ៍​ពិភពលោក​កាន់តែ​មាន​ភាព​ស្មគ​ស្មាញ កម្ពុជា​ក៏​ទទួលរង​ឥទ្ធិពល​មួយចំនួន​ពី​ការ​ប្រជែង​រវាង​ប្រទេស​មហាអំណាច​។ នៅក្នុង​ប្រទេស​ក៏​បន្ត​កើត​មាននូវ​ក្រុមប្រឆាំង​ជ្រុលនិយម​ព្យាយាម​ធ្វើ​សកម្មភាព​ប៉ុនប៉ង​បង្កចលាចល​ក្នុងសង្គម និង​រៀបចំ​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​របបរាជានិយម​។​

​យ៉ាងណាក៏ដោយ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល មាន​សម្ដេច​តេ​ជោ​ជា​ប្រមុខ និង​មានការ​គាំទ្រ​ចូលរួម​យ៉ាងសកម្ម​ពី​កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ និង​ប្រជាជន សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់ថា​យើង​បាន​រួមគ្នា​បំផ្លាញ​ឱ្យ​បរាជ័យ​ទាំងស្រុង​នូវ​ឧបាយកល និង​ផែនការ​ប្រកបដោយ​គ្រោះថ្នាក់​នេះ​របស់​ក្រុមប្រឆាំង​ជ្រុលនិយម​។​

​នៅពេលដែល​ផែនការ​នេះ​បាន​បរាជ័យ​ទាំងស្រុង​នោះ សម្ដេច​បាន​មានប្រសាសន៍ថា​យើង​ក៏បាន​បន្ត​រួមគ្នា​ការពារ​ប្រព័ន្ធគ្រប់គ្រង​ប្រទេស​តាមបែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការពារ​ព្រះមហាក្សត្រ ការពារ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ធានា​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ បន្ត​ជំរុញ​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឱ្យ​រីកចំរើន​គ្រប់​វិស័យ​។​

​នៅ​ឆ្នាំ​២០១៩​កន្លងទៅ សម្ដេច​ក៏បាន​មានប្រសាសន៍ថា​កងកម្លាំង​នគរបាល​បាន​រួមគ្នា​ទប់ស្កាត់​បញ្ហា​នានា​ក្នុងសង្គម​កាន់តែ​មាន​ប្រសិទ្ធភាព ជាក់ស្ដែង​ថ្វី​ដ្បិត​បទល្មើស​ព្រហ្មទណ្ឌ​មានការ​កើនឡើង​៨​ភាគរយ​ដោយសារ​ការហូរចូល​នៃ​ជនបរទេស​នាំមក​នូវ​បទល្មើស​មួយចំនួន​ក្ដី ក៏​កងកម្លាំង​នគរបាលជាតិ​បាន​ប្រឹងប្រែង​បង្ក្រាប​រហូត​បាន​៨៩​ភាគរយ​នៃ​បទល្មើស ដែល​កើតមានឡើង ដែលជា​ត្រា​ខ្ពស់ជាង​ឆ្នាំ​២០១៨​។​

​ជាមួយគ្នានេះ​សម្ដេច​បន្តថា​បទល្មើស​លួច​មាន​ស្ថាន​ទំងន់ទោស រំលោភ​សម្លាប់ ហិង្សា​ដោយ​ចេទនា ឆ​បាក ការប្រើប្រាស់​អាវុធ​ខុសច្បាប់ ក៏មាន​ការថយចុះ​គួរឱ្យកត់សំគាល់ ហើយ​វិធានការណ៍​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក៏ត្រូវ​ពង្រឹង​ការអនុវត្ត​យ៉ាង​ផុលផុស​តាម ផែនការ​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤​របស់​រាជរដ្ឋាភិបាល​។​

​ដោយឡែក​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ ក្មេង​ទំនើង ល្បែងស៊ីសង​ខុសច្បាប់ បទល្មើស​សេដ្ឋកិច្ច​គ្រប់​ភេទ ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​វិធាន​ការបង្កា​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ គ្រោះ​អគ្គីភ័យ និង​អាវុធជាតិផ្ទុះ ក៏​ត្រូវបាន​មន្ត្រី​ខិតខំ​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ ដោយ​ទទួលបាន​ការគាំទ្រ និង​ការចូលរួម​កាន់តែច្រើន​ពី​សាធារណៈជន​។​

​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ចរាចរណ៍ សម្ដេច​បាន​ទាញ​ចំណាប់អារម្មណ៍​អង្គសន្និបាត​ថា​នៅ​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​យ៉ាងគំហុក និង​ប្រកបដោយ​ក្ដី​ព្រួយបារម្ភ​ប្រសិនបើ​កំណើន​នេះ​មិន​ថមថយ ឬ​យើង​មិនបាន​ចាត់វិធានការ​។ យ៉ាងណា​ចុងក្រោយ​នេះ សម្ដេច​កត់សំគាល់ថា​នៅក្នុង​ខែ​កុ​ម្ភះ គ្រោះថ្នាក់​បាន​ថយចុះ​យ៉ាងគំហុក​បើ​ធៀប​ខែមករា​ឆ្នាំ​២០២០ ដែល​ទាមទារ​ឱ្យ​រក​មូលហេតុ​បន្ថែម ក្រៅតែពី​ការចាប់ផ្ដើម​ពង្រឹង​ការអនុវត្ត​ច្បាប់​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​ជនបរទេស​អន្តោ​ប្រវេ​សន្ត សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​ការខិតខំ​បំពេញភារកិច្ច​លើ​ការងារ​នេះ​នឹង​កាន់តែ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ជាពិសេស​បន្ទាប់ពី​យើង​បានបញ្ចប់​យុទ្ធនា​ការដក​ហូរ​ឯ​សារ​រដ្ឋបាល​មិន​ប្រក្រតី​ដែល​កាន់កាប់ និង​ប្រើប្រាស់​ដោយ​ជនបរទេស ហើយ​ទន្ទឹមនឹងនេះ​ការគ្រប់គ្រង​ការឆ្លងកាត់​តាម​ច្រកទ្វារ​នានា​ក៏​ត្រូវតែ​បន្ត​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​ដែរ​។​

​ចំពោះ​ការងារ​កំណែទម្រង់​វិម​ជ្ឈ​ការ និង​វិសហមជ្ឈការ នៅ​ឆ្នាំ​២០១៩​កន្លងទៅ សម្ដេច​បាន​គូសបញ្ជាក់​ពី​ការកែសម្រួល​រចនាសម្ព័ន្ធ​ប្រព័ន្ធគ្រប់គ្រង​ថ្នាក់ក្រុង​ស្រុក​ខណ្ឌ តាមរយៈ​ការដាក់ចេញ​អនុក្រឹត្យ​ចំនួន​៣ ដែលជា​ការឆ្លុះបញ្ចាំង​ពី​ប្រព័ន្ធ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​មិន​ដូចគ្នា​ទាំងស្រុង​រវាង​ក្រុង​ស្រក​ខណ្ឌ ដោយបាន​ភ្ជាប់​ជាមួយ​មុខងារ​ចំនួន​៥៥ និង​មុខងារ​រង​ចំនួន​១៦២ ទៅ​ឲ្យ​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ​។​

​ជាមួយគ្នានេះ សម្ដេច​បាន​បន្តថា​រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ផ្ទេរ​មុខងារ​ផ្ដល់​សេវា​សុខាភិបាល​ទៅឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត និង​បាន​ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​ផ្នែក​អភិវឌ្ឍន៍​ដល់​រដ្ឋបាល​ឃុំ​សង្កាត់​ចាប់ពី​ឆ្នាំ​២០២០ ឱ្យមាន​ការ​កើន​ឡើ​ទ្វេដង ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ហើយ​ធនធាន​ហិរញ្ញវត្ថុ​ផ្នែក​អភិវឌ្ឍន៍​នេះ នឹងត្រូវ​បង្កើន​ជា​រៀងរាល់ឆ្នាំ​រហូតដល់​ឆ្នាំ​២០២៣​។​

​ដោយឡែក​ក្រសួងមហាផ្ទៃ​ក៏បាន​ខិតខំ​ពង្រឹង​ការងារ​ពន្ធនាគារ​ស្របពេល​ដែលមាន​ការកើនឡើង​នូវ​ចំនួន​អ្នក​ជាប់ឃុំ​ក្រោម​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ និង​បាន​ខិតខំ​ពង្រឹង​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ការបណ្ដុះបណ្ដាល កសាង​សមត្ថភាព​ធនធានមនុស្ស​ទាំង​ផ្នែក​រដ្ឋបាល​ស៊ីវិល និង​នគរបាលជាតិ លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​អន្តរជាតិ និង​ប្រទេស​នានា​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ពន្ធនាគារ សម្ដេច​បាន​មានប្រសាសន៍ថា​យើង​មាន​កិច្ចការ​ច្រើន​ត្រូវធ្វើ ដែល​ការងារ​នេះ​មានការ​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ផ្សេងទៀត ដូចជា​ក្រសួង​យ​ត្តិ​ធម៌ ស្ថាប័ន​តុលាការ ដូច​យ៉ាង​បញ្ហា​អ្នកទោស​ជា​ស្ត្រី អ្នកទោស​គ្រឿងញៀន​។ ចំពោះ​បញ្ហា​គ្រឿងញៀន សម្ដេច​ក៏បាន​ណែនាំ​ឲ្យ​ទប់ស្កាត់​ឱ្យបាន​ការវិល​ត្រឡប់មក​មាន​គ្រឿងញៀន​នៅតាម​ទីតាំង​កំសាន្ត​ធំៗ​ដែល​យើង​បាន​បង្ក្រាប ហើយ​ត្រូវ​បន្ត​តាមដាន​បង្ក្រាប​ករណី​តូចតាច​រាយប៉ាយ​បន្តទៀត​។​

​ចំពោះ​កិច្ចសហការ​ជាមួយ​សង្គម​ស៊ីវិល សម្ដេច​បាន​មានប្រសាសន៍​អំពី​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយបាន​រំលឹកថា​សម្ដេច​បាន​ដឹកនាំ​ការផ្ដួចផ្ដើម​បង្កើត​ច្បាប់​នេះ​តាំងពី​ឆ្នាំ​១៩៩៥​មក​ម្លេះ ទម្រាំ​កើតចេញ​នៅ​ឆ្នាំ​២០១៥ ដូច្នេះ​តំណាង​សង្គម​ស៊ីវិល​គួរតែ​យល់ ហើយ​រាល់​សំណើរ​ផ្សេងៗ​សូម​ពិភាក្សា​ដោយមាន​ហេតុផល​ជាក់លាក់ ដោយ​រាជរដ្ឋាភិបាល​នៅតែ​ចាត់ទុក​សង្គម​ស៊ីវិល​ជា​ដៃគូ​ជានិច្ច​។​

​មុននឹង​បញ្ចប់​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​បាន​ឯកភាព​កំណត់​យក​ទិសដៅ​ការងារ និង​បញ្ហា​ប្រឈម​ចំបងៗ​រៀបចំ​ជា​ប្រធានបទ​សម្រាប់​កិច្ចពិភាក្សា​នាឱកាស​សន្និបាត​នេះ ហើយ​ក្នុងនាម​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​ក្នុងនាម​សម្ដេច​ផ្ទាល់ សម្ដេច​សង្ឃឹម​ជឿជាក់ថា​អង្គសន្និបាត​នឹង​ផ្ដល់​ការគាំទ្រ ចូលរួម​ខិតខំ​អស់កម្លាំង​ប្រាជ្ញា​ស្មារតី ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​កំណត់​ទិសដៅ​ការងារ​ឆ្នាំ​២០២០​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​សូមបញ្ជាក់ថា​បន្ទាប់ពី​សម្ដេច​ក្រឡាហោម ស ខេង ប្រកាស​បើក​នា​ថ្ងៃនេះ សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៩ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ នឹង​បន្តធ្វើ​ដល់​ថ្ងៃទី​២០ ខែ​កុ​ម្ភៈ ឆ្នាំ​២០២០​ស ដោយ​ពិធី​បិទ​សន្និបាទ នឹងត្រូវ​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ​៖​កូ​ឡាប​


spot_img
×