Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល​កម្ពុ​ជា​៖ ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់ អាយុ​៨៣​ឆ្នាំ មិនមាន​ផ្ទុក​នូវ​វីរុស COVID-19

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ​ជាបន្ទាន់​មួយ​ដោយ​បញ្ជាក់ថា ក្រសួង​បានឃើញ​ការផ្សព្វផ្សាយ​ព័ត៌មាន អំពី​ករណី​ធ្វើតេស្ត​អវិជ្ជមាន​វីរុស COVID-19 លើ​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់ អាយុ​៨៣​ឆ្នាំ ប្រកាស​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០​។ ក្រសួងសុខាភិបាល​កម្ពុ​ជា បានបង្ហាញ​ច្បាស់​ថា ស្ត្រី​ជនជាតិ​អាមេរិក អាយុ​៨៣​ឆ្នាំ មិនមាន​ផ្ទុក​នូវ​វីរុស COVID-19 នោះទេ ។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់ទៀត​ថា ក្រោយពី​មានការ​ប្រកាស​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី អំពី​លទ្ធផល​វិជ្ជមាន​វីរុស COVID-19 លើ​ស្ត្រី​រូបនោះ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០​មក ក្រសួងសុខាភិបាល​កម្ពុ​ជា​បានដាក់​ចម្ងល់ ទៅលើ​បច្ចេកទេស​នៃ​ការធ្វើ​តេស្ត​នេះ ហើយ​បានធ្វើ​លិខិត​ជា​ផ្លូវការ​តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ទៅ​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី ស្នើសុំ​ឲ្យ​មានការ​ពិនិត្យឡើងវិញ​នូវ​លទ្ធផល​វិជ្ជមាន​នេះ​។​

​យោងតាម​ការផ្សាយ​រប​ស់កា​សែត THE STRAITS TIMES នៅ​ថ្ងៃ​សុក្រ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បានសរសេរថា ឧបនាយករដ្ឋមន្ត្រី Wan Azizah Wan Ismail បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០​ថា ស្ត្រី​វ័យ​ចំណាស់ អាយុ​៨៣​ឆ្នាំ ដែល​បច្ចុប្បន្នកំពុង​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ Sungai Buloh ត្រូវបាន​ធ្វើតេស្ត​ជា​បន្តបន្ទាប់​រក COVID-19 ជាមួយនឹង​ការបង្ហាញ​លទ្ធផល​ថា ស្ត្រី​រូបនោះ​មិនមាន​វីរុស COVID-19 នេះ​ទេ​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ភាពមិនប្រក្រតី​នៃ​លទ្ធផល ដែល​បានប្រកាស​ជា​បន្តបន្ទាប់ ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច និង​ភាន់ច្រឡំ សម្រាប់​អ្នកដំណើរ​តាម​នាវា MS Westerdam ទាំងអស់ ហើយក៏​បាន​បង្ក​ឲ្យ​មានការ​រើសអើង ធ្វើ​ឲ្យ​អ្នកដំណើរ​ដែល​មិនមាន​ផ្ទុក​នូវ​វីរុស COVID-19 នោះ មានការ​ខកខាន​ជាច្រើន​ថ្ងៃ ក្នុងការ​បន្ត​ជើង​ហោះ​វិលត្រឡប់ ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ​។ ម្យ៉ាងវិញទៀត ហេតុការណ៍​នេះ ក៏បាន​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់ ទៅលើ​ការកើនឡើង​នៃ​ការចំណាយ​មិនចាំបាច់ ក៏ដូចជា​មានការ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ និង​របស់​ប្រទេស ក៏​ជាការ​បង្ក​ឲ្យ​មាន​វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​។ ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក (US CDC) វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ស្ថានទូត​ពាក់ព័ន្ធ និង​ផ្នែក​ផ្សេងទៀត ដែល​បាន​ចូលរួម​ប្រតិបត្តិការ សុខាភិបាល​យ៉ាងសកម្ម ក្រសួង​បាន​ពិនិត្យ​សុខភាព និង​ធ្វើតេស្ត​លើ​សំណាក​របស់​អ្នកដំណើរ និង​អ្នក​បម្រើការ​លើ​នាវា Westerdam ដែល​នៅ​សេសសល់​មាន​ចំនួន​សរុប​ទាំងអស់​១.៥៨០​នាក់ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ហើយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​វីរុស COVID-19 ទាំងអស់​។ ដូច្នេះ ករណី ស្ត្រី​អាយុ ៨៣​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​រលាក​សួត​ដោយ​វីរុស COVID-19 នៅ​ប្រទេស​ម៉ាឡេស៊ី គឺមាន​លទ្ធផល​តេស្ត​វីរុស COVID-19 មិន​ប្រក្រតី​។​

មកដល់ពេលនេះ មិនមាន​ប្រជាជន​កម្ពុ​ជាណា​ម្នាក់​ត្រូវបាន​រកឃើញ មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19) នោះឡើយ​។ ក្រសួងសុខាភិបាល​កម្ពុ​ជា នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​ក្នុងការ​ឆ្លើយតប និង​ការពារ​ការចម្លង​វីរុស COVID-19 នៅក្នុង​ប្រទេស ក៏ដូចជា​នៅក្នុង​តំបន់​៕​ដោយ​៖​កូ​ឡាប​


spot_img
×