Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ បង្ក្រាប​ក្រុម​គាស់​បន្ទប់​ខុន​ដូរ នៅ​ខណ្ឌចំការមន​, ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​មួយចំនួន​

spot_img

​ភ្នំពេញ​៖ មុខសញ្ញា​គាស់​បន្ទប់​ខុន​ដូរ នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ចំនួន​២​នាក់ ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បើក​ប្រតិបត្តិការ​បង្ក្រាបបាន បន្ទាប់ពី​ធ្វើ​សកម្មភាព​បានសម្រេច យក​អស់ទ្រព្យ​សម្បត្តិ​មានតម្លៃ​របស់​ជនរងគ្រោះ កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ទោ ហែម បូ​ណា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ថា ក្រោយ​ទទួលបាន​តម្រុយ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​ប្រតិបត្តិការ​ចុះបង្ក្រាប​ដោយមាន​កិច្ចសហការ​ពី នគរបាល​ខណ្ឌចំការមន​, ឫស្សីកែវ និង​ច្បារអំពៅ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ បាន​២​នាក់ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ទោ ហែម បូ​ណា បានបញ្ជាក់​ទៀតថា ប្រតិបត្តិការ​នេះ​ក៏​ធ្វើឡើង​ក្រោម​ការចង្អុលបង្ហាញ​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ដឹកនាំ​ប្រតិបត្តិការ​ដោយ លោក​វរសេនីយឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែលមាន​ការសម្របសម្រួល​ពី តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​នាយការិយាល័យ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទី​១៖​ឈ្មោះ សៅ សុខុម ហៅ​អា​ព្យុះ អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ ឃាត់ខ្លួន​នៅ​ចំណុច​មុខ​រោងចក្រ​បារី​សេក ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែ​កតា​នូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ និង​ទី​២៖​ឈ្មោះ ឈុន ភារៈ ហៅ​អារក្ស អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ នៅ​ចំណុច​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​។​

​ក្រោយពី​សួរចម្លើយ ជនសង្ស័យ​បាន​សារភាពថា ពិតជា​បាន​លួច​គ្រឿង​ពេជ្រ និង​កុំព្យូទ័រ របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយ​ខ្លួន​បាន​លក់​គ្រឿង​ពេជ្រ នៅ​ហាង​យីហោ​សុខ​គា ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ បាន​លុយ​៨,០០០​ដុល្លារ និង​កុំព្យូទ័រ​យកទៅ​បញ្ចាំ​នៅ​ហាង​សេរី​ម្លិះ ស្ថិត​លើផ្លូវ​រោងកុន​លុច ហើយ​លុយ​ទាំងអស់ បាន​យកទៅ​លេងល្បែង​បាញ់​ត្រី​នៅ​ហាង​ផ្លូវជាតិ​លេខ​២ អស់​២,០០០​ដុល្លារ សល់​ប៉ុន្មាន​លេង​នៅ​ហាង​ផ្លូវ​៦៣​អស់​។​

​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ដកហូត ខ្សែក​ពេជ្រ ០២​ខ្សែ​, ខ្សែដៃ​ពេជ្រ ០២​ខ្សែ​, ក្រវិល​ពេជ្រ ០៣​គូរ និង​កុំព្យូទ័រ​០១​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​កម្លាំង​សមត្ថកិច្ច កំពុងធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕ ដោយ​៖​កូ​ឡាប​

spot_img
×