Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​សមត្ថកិច្ច​រារាំង បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្តស្ទឹងត្រែង ព្រះសង្ឃ សកម្មជន​បរិស្ថាន យុវជន និង​និស្សិត​ដែល​មកពី​រាជធានី ខេត្ត​នានា បង្ខំចិត្ត​ត្រឡប់​ទៅ​គេហដ្ឋាន​រៀងៗ​ខ្លួន​វិញ​

spot_img

​ព្រៃ​ឡង់​៖ បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ខេត្តស្ទឹងត្រែង ព្រះសង្ឃ សកម្មជន​បរិស្ថាន យុវជន និង​និស្សិត​ដែល​មកពី​រាជធានី ខេត្ត​នានា បង្ខំចិត្ត​ត្រឡប់​ទៅ​គេហដ្ឋាន​រៀងៗ​ខ្លួន​វិញ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បន្ទាប់ពី​អាជ្ញាធរ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​រារាំង​ពួកគេ​មិនឱ្យ​ចូល​ព្រៃ​ទៅកាន់​កន្លែង​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡង់ និង​បំបួស​ព្រៃឈើ ដែល​គ្រោង​ធ្វើឡើង រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២២ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​គួរបញ្ជាក់​ផងដែរ​ថា​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​បានដាក់​លិខិត​ជូនដំណឹង​ទៅកាន់​ក្រសួងបរិស្ថាន និង​មន្ទីរ​បរិស្ថាន​ខេត្ត​រយៈពេល ២​ខែ​មុន​ការ​បរិច្ឆេទ​នៃ​ការ​ប្រារព្ធ​ពិធី​នេះ ប៉ុន្តែ​ពុំមាន​ការជូនដំណឹង​ត្រឡប់​ពី​ក្រសួង ឬ​មន្ទីរ​បរិស្ថាន​ទេ​ថា​មិន​អនុញ្ញាតិ​ឱ្យធ្វើ​។​

​ក្រុម​សហគមន៍ ព្រះសង្ឃ និង​យុវជន​សម្តែង​ការសោកស្តាយ​និង​ខកចិត្ត​ជាខ្លាំង​ចំពោះ​ទង្វើ​របស់​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ក្នុង​តំបន់ និង​ចាត់ទុកថា​នេះ​ជាការ​រឹត​ត្បឹ​ត​សេរីភាព​របស់​ពួកគេ​ដែល​ប្រាស់ចាក​ពី​ច្បាប់​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ​។​

​បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​Sar Mory បាន​បញ្ជាក់ថា​ ​ព្រៃ​ឡង់​, បណ្តាញ​ព្រៃ​ឡង់ និង​រាជការ​ខ្មែរ​។​
​បើ​និយាយ​ពី​បណ្តាញ​ព្រៃ​ឡង់ បណ្តាញ​នេះ​បាន​ចូលរួម​ការពារ​ព្រៃ​ឡង់​ដោយ​ស្ម័គ្រចិត្ត​តាំងពី​ឆ្នាំ​១៩៩៩ មក​ម្លេះ ក្នុងខណៈ​ពេលដែល​ព្រៃ​ឡង់​កំពុង​ទទួល​ការកាប់បំផ្លាញ​ពី​សម្បទាន​ព្រៃ​គុក និង​បន្ទាប់មក​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការកាប់​ឈើ​បែប​អនាធិបតេយ្យ​ពី​សំណាក់​ឈ្មួញ​ទុច្ចរិត មុន​ពេលដែល​ច្បាប់​ស្តីពី ព្រៃឈើ (២០០៣) និង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ (២០០៧) ចូល​ជា​ធរមាន​ទៅទៀត​។

​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត បាន​បន្សល់​នូវ​ស្នាដៃ​ជាច្រើន​ក្នុងការ​ចូលរួម​ការពា​រ​ព្រៃឈើ​និង​ជីវៈចម្រុះ​ក្នុងព្រៃ​ឡង់​ដើម្បី​រក្សាទុក​ព្រៃឈើ​ដ៏​មានតម្លៃ​នេះ​សម្រាប់​កូន​ខ្មែរ តាំងពី​ព្រៃ​ឡង់​ស្ថិតនៅក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួងកសិកម្ម​មក​ម្លេះ​។ និយាយ​ដោយឡែក ព្រៃ​ឡង់​អាច​សល់​ប្រមាណ​៤០​ម៉ឺន​ហិកតា​សព្វថ្ងៃ ក៏មាន​ចំណែក​មួយ​ដ៏​ធំ​ពី​ការខិតខំ​ការពារ​របស់​បណ្តាញ​ព្រៃ​ឡង់​ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែរ (​ចូលរួម​កាត់បន្ថយ​ល្បឿន​នៃ​ការបាត់បង់​ប៉ុណ្ណោះ​) ។

​ប៉ុន្តែ​ក្រោយមក ព្រៃ​ឡង់​ត្រូវបាន​ផ្ទេរ​ដែន​សមត្ថកិច្ច​ទៅ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន វិញ​ម្តង ក្រោយ​ពេលដែល​ព្រៃ​ឡង់​ត្រូវបង្កើត​ទៅជា “​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​” នៅ​ថ្ងៃទី​០៩ ឧសភា ឆ្នាំ​២០១៦ ដែលមាន​មន្ទីរ​បរិស្ថាន​ខេត្ត និង​មន្ត្រី​ឧ​ស្យា​នុ​រក្ស​ជា​សេនាធិការ​។

​បើទោះបីជា ព្រៃ​ឡង់​ត្រូវបាន​ដាក់​ទៅជា​ដែនជម្រកសត្វព្រៃ​ក៏ដោយ ប៉ុន្តែ​ក្នុង​រយៈពេល​ជិត​៤ ឆ្នាំ​កន្លងមកនេះ ព្រៃ​ឡង់​នៅតែ​ស្ថិតនៅក្រោម​ការកាប់បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ និង​អណាធិបតេយ្យ ទាំង​ការកាប់​ឈើ​ធ្វើ​អាជីវកម្ម និង​ការទន្ទ្រាន់​កាន់កាប់​ដី​ខុសច្បាប់​។ ការកាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​តាមរយៈ​គោយន្ត និង​រថយន្ត គឺ​កើតឡើង​ទាំងយប់​ទាំង​ថ្ងៃ ដឹក​កាត់មុខ​ទីស្នាក់ការ​មន្ត្រី​ឧ​ស្យា​នុ​រក្ស យ៉ាង​ប្រ​ងើយ​។ និយាយ​ជារួម បើ​យោងតាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ការកាប់​ឈើ និង​ដឹកជញ្ជូន​ផល​ឈើ​ចេញពី​តំបន់​ការពារ គឺ​ខុសច្បាប់​ទាំងស្រុង សំណួរ​សួរថា តើ​ហេតុអ្វី​បានជា​ឈ្មួញ​ឈើ​នៅតែ​អាច​ដឹកឈើ​ចេញ​បាន​ពី​តំបន់​ការពារ ដោយ​កាត់មុខ​ទីស្នាក់ការ​ឧ​ស្យា​នុ​រក្ស​??? ហេតុអ្វី​បានជា​សហគមន៍​ទៅ​ការពារ បែ​ជា​ត្រូវ​ហាមឃាត់​???

​តាមរយៈ​ការចុះ​ល្បាត​របស់​សហគមន៍​ព្រៃ​ឡង់​ជាប្រចាំ សហគមន៍​បាន​ប្រមូល​ភស្តុតាង​ជាក់ស្តែង​នៃ​ការកាប់​ឈើ​ជាច្រើន​និង​បាន​រាយការណ៍​ដោយផ្ទាល់​ពី​សកម្មភាព​កាប់​ឈើ​ទៅ​មន្ត្រី​ឧស្សា​នុ​រក្ស ព្រមទាំង​បាន​ប្រមូល​ទិន្នន័យ និង​ចងក្រង​របាយការណ៍​តាមរយៈ​កម្មវិធី Prey Lang App ដាក់​មក​ក្រសួង​ជា​ហូរហែរ ដើម្បី​ស្នើឱ្យ​ក្រសួង​អនុវត្ត​ច្បាប់ និង​ចាត់វិធានការ​ក្នុងការ​ព្រៃ​ឡង់​ឱ្យមាន​ប្រសិទ្ធិភាព ព្រោះ​បណ្តាញ​សហគមន៍​មាន​សិទ្ធិ​ត្រឹមតែ​រាយការណ៍ និង​គ្មាន​អំណាច​រដ្ឋបាល​ក្នុង​បង្ក្រាប​និង​ដាក់ទោស​ទណ្ឌ​ដល់​ជនល្មើស​ឡើយ​។ ក្រៅពីនេះ ក៏មាន​អង្គការក្រៅរដ្ឋាភិបាល និង​ក្រុម​អ្នកស៊ើប​អង្កេត​ឯករាជ្យ ក៏​ធ្លាប់​បានដាក់​របាយការណ៍​ទៅ​ក្រសួងបរិស្ថាន​ផងដែរ​។

​ផ្ទុយទៅវិញ​ការចូលរួម​ការចូលរួម​របស់​សហគមន៍ មិន​ត្រូវបាន​លើកទឹកចិត្ត បានត្រឹមតែ​ទទួលរង​នូវ​ការគំរាមកំហែង ការ​លាប​ពណ៌​ពី​មន្ត្រី​ក្រសួង​មួយចំនួន​ថា ជា​ក្រុមប្រឆាំង ជា​ក្រុម​ធ្វើ​ការងារ​ខុសច្បាប់ ឬ​ក្រៅច្បាប់​ជាដើម​។ ខ្ញុំ​យល់ថា បើ​ក្រសួង និង​មន្ត្រី​ឧស្សា​នុ​រក្ស​ធ្វើការ​មាន​ប្រសិទ្ធិភាព ហើយ​ពលរដ្ឋ​មូលដ្ឋាន​អាច​ទុកចិត្តបាន​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រទាំង​អស់នោះ ម្លេះ​សម​សហគមន៍ មិនចាំបាច់​ហត់នឿយ និង​ប្រឈម​ជាមួយ​ជនល្មើស​ពេល​ចុះ​ល្បាត​ព្រៃ​ម្តងៗ​នោះទេ​។ បើ​ក្រសួងបរិស្ថាន លើកយក​ផ្លូវច្បាប់​មក​ហាម​សហគមន៍​មិន​ឱ្យចូល​ល្បាត និង​ធ្វើបុណ្យ​ព្រៃ​ឡង់​នៅក្នុង​តំបន់​ការពារ (​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​) ក្រសួង និង​មន្ត្រី​ឧស្សា​នុ​រក្ស​គួរ​ធ្វើខ្លួន​ឱ្យ​ស្អាត​ជាមុនសិន គឺថា​រាល់​អ្នក​កាប់​ឈើ​ខុសច្បាប់​ចូលក្នុង​ព្រៃ និង​អ្នក​ដឹកជញ្ជូន​ឈើ​ទាំងឡាយ​ចេញពី​ព្រៃ​ឡង់ គឺ​ត្រូវបាន​ហាមឃាត់​និង​ផ្តន្ទាទោស​តាមច្បាប់​។ ក៏ប៉ុន្តែ បើ​ក្រសួង​ហាមឃាត់​តែ​សហគមន៍ តែ​ជនល្មើស​នៅ​អាច​ចូល និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់ កាត់មុខ​ទីស្នាក់ការ​បរិស្ថាន​ដដែល តើ​វា​មានន័យ​យ៉ាងម៉េច​???
​ខ្ញុំ​យល់ថា ការ​រិត​ត្បិត​របស់​ក្រសួងបរិស្ថាន​និង​មន្ត្រី​ឧ​ស្យា​នុ​រក្ស ចំពោះ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​កន្លងមក និង​ជាពិសេស​សកម្មភាព​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ព្រៃ​ឡង់​និង​បំបួស​ដើមឈើ​នៅ​ថ្ងៃទី ២១-២២ ខែ​កុ​ម្ភះ ២០២០ នេះ គឺ​បានបង្ហាញ​ឱ្យ​ថា​ឃើញថា ក្រសួងបរិស្ថាន​មិនបាន​លើកទឹកចិត្ត​ដល់​បណ្តាញ​សហគមន៍​ឡង់​ដែល​ឯករាជ្យ​អាច​ចូលរួម​ការពារ​ព្រៃ​ឡង់​នោះទេ (​បណ្តាញ​ដែល​ត្រូវបាន​បង្កើតឡើង ចុះ​ល្បាត និង​ការពារ​ព្រៃ​ឡង់​អស់​រយៈពេល​ប្រមាណ​២១ ឆ្នាំ មុនពេល​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​)​។ ផ្ទុយទៅវិញ ការ​រិត​ត្បិត​នេះ គឺជា​ចេតនា​ដើម្បី​បិទបាំង​អំពី​អភិបាលកិច្ច​ទន់ខ្សោយរ​បស់​ខ្លួន និង​ភាព​អសមត្ថភាព​របស់​មន្ត្រី​ឧ​ស្យា​នុ​រក្ស​ក្នុង​ការពារ​ព្រៃ​ឡង់​តែប៉ុណ្ណោះ​។ លើសពីនេះ វា​ជា​រូបភាព​នៃ​ការគំរាមកំហែង និង​បិទមាត់​សហគមន៍​ដែល​តែងតែ​ហ៊ាន​លាតត្រដាង​អំពី​ការពិត​នៃ​វិនាសកម្ម​ព្រៃ​ឡង់​។​

​បើតាម​ការផ្សាយ​ព័ត៌មាន​លើ​ផេ​ក​របស់​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា ក្រសួងបរិស្ថាន បាន​សម្តែង​ការសោកស្តាយ ចំពោះ​ឥរិយាបថ​បំពាន​ច្បាប់ ម្តង​ហើយ​ម្តងទៀត របស់​ក្រុម​សមាជិក​បណ្តាញ​ព្រៃ​ឡង់ ដែល​បណ្តាញ​ខ្លួនឯង​មិនមាន​ការចុះបញ្ជី​ស្របច្បាប់​ត្រឹមត្រូវ និង​ថែមទាំង​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​ថែមទៀត​»​។ នេះ​គឺជា​ការ​ថ្លែង​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។ ការសម្តែង​ការសោកស្តាយ​នេះ បានធ្វើ​ឡើងខណៈ​សមាជិក​បណ្តាញ​ព្រៃ​ឡង់ រួម​នឹង​សមាគម​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​ជាង ១០០​នាក់ ក្រោម​ការឃ្លាំមើល​ដោយ​បុគ្គលិក​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​ព្យាយាម​ចូលទៅក្នុង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែលជា​តំបន់​សម្បូណ៌ ដោយ​ប្រព័ន្ធ​អេកូឡូស៊ី សត្វព្រៃ​គ្រប់​ប្រភេទ ដែល​ត្រូវ​ហាមឃាត់​ការចូល​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ដើម្បី​កុំឱ្យ ប៉ះពាល់​ដល់​សត្វព្រៃ​ក្នុង​តំបន់​នោះ ដើម្បី​ពួកគេ​ប្រារព្ធ​ពិធី​បំបួស​ដើមឈើ និង​សកម្មភាព​ផ្សង​ទៀត​តាម​អំពើ​ចិត្ត ប៉ុន្តែ​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ឡើយ ដោយ​អនុលោម​តាមច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។​

​លោក នេត្រ ភក្ត្រា បានចាត់ទុក​ទង្វើ​បំពាន​ច្បាប់​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន មិនមែនជា​គំរូ​ល្អ សម្រាប់​បណ្តាញ​សហគមន៍ សមាគម អង្គការក្រៅរដ្ឋាភិបាល​ឡើយ​។ ទង្វើ​នេះ ក៏បាន​ជំរុញ​ឱ្យ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ក៏ដូចជា​សង្គម​ស៊ីវិល​មួយចំនួន រៀន​អនុវត្ត​ច្បាប់ និង​គោរព​តាមច្បាប់ ដែលមាន​ជា​ធរមាន ឱ្យបាន​ត្រឹមត្រូវ ជៀសវាង​ការបង្ក​ជម្លោះ​ជាមួយ​ច្បាប់​ក្រោមលេស​សិទ្ធិសេរីភាព​ដាច់បង្ហៀរ​។​

​យោងតាម​មាត្រា ១១ នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ការចេញ​ចូលក្នុង​តំបន់ការពារធម្មជាតិ​រួម ក្នុងនោះ​ការចេញចូល​តំបន់​ស្នូល ដែលជា​តំបន់​គ្រប់គ្រង ដែលមាន តម្លៃ​ខ្ពស់​សម្រាប់​ការអភិរក្ស​ប្រភេទ​សត្វ រុក្ខជាតិ​ដែល​កម្រ​ជិត​ផុត​ពូ​ទទួលរង​គ្រោះថ្នាក់ មាន​ប្រព័ន្ធ​អេកូឡូស៊ី​ផុយស្រួយ ត្រូវ​ហាមឃាត់​លើកលែងតែ មន្ត្រីរដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ដែលមាន​ភារកិច្ច និង​ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួងបរិស្ថាន ការចេញចូល​តំបន់​អភិរក្ស​ក៏ត្រូវ​មានការ​អនុញ្ញាត​ជាមុន​ពី​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា តំបន់​ដែល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​មានបំណង​ចូលទៅ​នោះ​ជា​តំបន់​ដែល​ត្រូវ​អភិរក្ស និង​ការពារ​ជាពិសេស កុំឱ្យ​ប៉ះពាល់​ដល់​សត្វព្រៃ​និង​ប្រព័ន្ធ​អេកូឡូស៊ី នៅក្នុង​តំបន់​នោះ​។ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​រូបនេះ បាន​ថ្លែងថា មន្ត្រី​ឧ​ទ្យា​នុ​ក្ស​នៃ​ក្រសួងបរិស្ថាន បាននិងកំពុង​បំពេញ​បេស​សកម្ម​របស់ខ្លួន​ការពារ​ព្រៃឈើ សត្វព្រៃ​ក្នុង​តំបន់​ព្រៃ​ឡង់​ទាំងយប់​ទាំង​ថ្ងៃ ចុះ​ដើរល្បាត ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ដែល​កើតមាន​ក្នុង​តំបន់​អភិរក្ស​ក៏ដូចជា​ដើរ​ដោះ​អន្ទាក់​ដែល ជនល្មើស បាន​លបលួច​ដាក់ ចាប់​សត្វព្រៃ​ខុសច្បាប់​ផងដែរ​។​

​រដ្ឋលេខា​ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា ក្រសួងបរិស្ថាន​បានផ្តល់​ការសហការ យ៉ាង​ស្អិតរ​មួ​តដល់​សហគមន៍ សមាគម និង​អង្គការ មិនមែន​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ដែល មានការ​ទទួលស្គាល់​ដោយ​ច្បាប់​ត្រឹមត្រូវ និង​មានការ​ចុះឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ ឬ​មាន​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា​។​

​បច្ចុប្បន្ននេះ សហគមន៍​តំបន់​ការពារ ធម្មជាតិ​ចំនួន ១៩​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ទាំង ៤ ខេ​ត្រួ​ម​មាន​ខេ​ត្កំ​ពង់​ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ ដែលមាន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​មូលដ្ឋាន​ជា​សមាជិក​និង​ត្រូវបាន​ទទួលស្គាល់​ដោយ​ច្បាប់ បាន និង​កំពុង​សហការ សាមគ្គី​ជាមួយ​ក្រសួងបរិស្ថាន​ចុះ​ល្បាត ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ​រួមគ្នា​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​គូសបញ្ជាក់ថា ក្រសួងបរិស្ថាន​បានផ្តល់​កិច្ចសហការ​ដល់​បណ្តាញ​ព្រៃ​ឡង់ អនុលោម​តាម ស្មារតី​នៃ​វេទិកា​ស្តីពី​ការគ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​កាលពី​ខែសីហា ឆ្នាំ ២០១៦ កន្លងទៅ ប៉ុន្តែ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ដែល​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ច្បាប់​នេះ មាន​ភាពមិនស្មោះត្រង់​ក្នុង​ការធ្វើ​កិច្ចសហការ​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​។​

​លោក​ក៏បាន​ស្នើ​ឲ្យ​អង្គការ​មួយចំនួន ដូចជា អង្គការ​សមធម៌​កម្ពុជា ជាពិសេស​អង្គការ​ស្ពាន​សន្តិភាព និង​អង្គការ​ដាន់​មិ​សិន (Danmission) ដែល​មិនមាន​ដែន​សមត្ថកិច្ច​និង​មិនបាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួងបរិស្ថាន គួរ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​របស់ខ្លួន​នៅក្នុង​តំបន់​អភិរក្ស និង​នៅ​ពីក្រោយ​បណ្តាញ​ព្រៃ​ឡង់​ធ្វើ​សកម្មភាព​ខុសច្បាប់​បន្ត​ទៀត​។​

​លោក​បាន​ថ្លែងថា ប្រសិនបើ​អង្គការ​ទាំងនេះ​ចង់​សហការ​និង​ចូលរួម​ការងារ​អភិរក្ស​ជាមួយ​ក្រសួងបរិស្ថាន​ស្វាគមន៍ ហើយ​គួរ​ស្នើសុំ​ជា​ផ្លូវការ​តាម​នីតិវិធី​ច្បាប់ ជាជាង​ការធ្វើការ​ដោយ​លួចលាក់ ខុសច្បាប់ លើស​ដែន​សមត្ថកិច្ច​របស់ខ្លួន​ដែល​បង្កើតឱ្យមាន​ការសង្ស័យ​ពី​ភាពមិនស្មោះត្រង់​ក្នុងការ​អនុវត្ត​កិច្ចការ​របស់ខ្លួន​។​

​ជាមួយគ្នានេះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​សម្តែង​ការសោកស្តាយ ដែល​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ព្យាយាម​ធ្វើ​សកម្មភាព​ក្រៅច្បាប់ និង​ធ្វើខ្លួន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​សមូហភាព​នៃ​ការដឹកនាំ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​ជាមួយ​នេ​ង​ស្ថាប័ន​ពាក់ព័ន្ធ​។​
​លោក នេត្រ ភក្ត្រា បាន​រំឭកថា ក្រសួងបរិស្ថាន​រួម​នឹង​សហគមន៍​តំបន់ការពារធម្មជាតិ​ទូទាំងប្រទេស អាជ្ញាធរខេត្ត​នៃ​តំបន់​ព្រៃ​ឡង់​បានរៀបចំ​កម្មវិធី​បោះតង់ និង​បំបួស​ដើមឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​កាលពី​ថ្ងៃទី​១៤ និង​ទី​១៥ ខែកុម្ភៈ​ឆ្នាំ ២០២០ ក្រោម​ប្រធានបទ ថ្ងៃ​ក្តី​ស្រឡាញ់​បរិស្ថាន​និង​ធម្មជាតិ​ដោយមាន​អ្នកចូលរួម​សរុប​ចំនួន​ជាង ៥០០​នាក់​។​

​ប៉ុន្តែ​ចំឡែក​តែ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ដែល​ទទួលបាន​ថវិកា​ជា​រៀងរាល់ខែ​ពី​អង្គការ​មួយចំនួន​ព្យាយាម​បង្កើត​កម្មវិធី​ដោយឡែក​មួយ​ផ្សេង​ដោយ​បំពាន​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។ គួរឱ្យ​កត់សម្គាល់ថា កន្លងទៅ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ នេះ​បាន​ព្យាយាម​ប្រើប្រាស់​ទិន្នន័យ​ដែល​មិនមាន​មូលដ្ឋាន​វិ​ទ្យ​សាស្ត្រ​ត្រឹមត្រូវ ប្រើ​វិធីសាស្ត្រ​រាប់​គល់ឈើ​មួយ​ដើម​ថា​ជា​បទល្មើស​មួយ និង​លួច​ផ្តល់ទៅឱ្យ​អង្គការ​ខ្លះ​ដើម្បី​ចងក្រង​បំប៉ោង​របាយការណ៍​ក្នុង​ចេតនា​ចិញ្ចឹម​ទំនាស់​ព្រៃ​ឡង់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​បំភ្លៃ​ដើម្បី​បំផ្លាញ​ជំនឿ​ទំនុកចិត្ត​ប្រជាពលរដ្ឋ​ចំពោះ​ការងារ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​ដើម្បី​បម្រើ​គោលដៅ​អ្វីមួយ​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​អំពាវនាវ​ដល់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​គួរ​គោរព​ច្បាប់ ហើយ​ស្នើឱ្យ​អង្គការក្រៅរដ្ឋាភិបាល​គោរព​ឱ្យបាន​ហ្មត់ចត់​នូវ​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល ចៀសវាង​ការបង្ក​ជម្លោះ​នឹង​ច្បាប់​។​

​លោក បាន​ថ្លែងថា ក្រសួងបរិស្ថាន​បាននិងកំពុង​គ្រប់គ្រង​និង​អភិរក្ស​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ សរុប​មាន​ទំហំ ៧,២ លាន​ហិកតា​គ្របដណ្តប់​ខេត្ត​ចំនួន ២០ ក្នុងចំណោម​ខេត្ត​រាជ​ធ​នី​ទាំង ២៥ នៃ​ប្រទេស​កម្ពុជា ហើយ​មាន​សហគមន៍ សមាគម​និង​អង្គការ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​លើសលប់​ដែល​បាន​សហការ​ជាមួយ​មួយ​ក្រសួងបរិស្ថាន​យ៉ាង​ល្អ ប៉ុន្តែ​មាន​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​តូច​ដែល​បង្កប់​ដោយ​របៀបវារៈ​សហការ​មិន​ស្មោះត្រង់​តែងតែ​ដើរ​អុកឡុក បង្កចលាចល និង​បង្កើត​ការ​ញុះញង់ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បំភ្លៃ​ការពិត​ដើម្បី​គោលបំណង​ទុច្ចរិត​អ្វីមួយ​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា អ្វីដែល​ប្រជាពលរដ្ឋ​ប្រាថ្នា គឺ​ការគោរព​ច្បាប់​រួមទាំង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់ ដូច្នេះ​គួរតែ​គោរព​ច្បាប់ ស្នើសុំ​ការចុះបញ្ជី​ត្រឹមត្រូវ និង​ធ្វើ​សកម្មភាព​ស្របច្បាប់​ជា​ធរមាន ព្រោះ​យើងទាំងអស់គ្នា​មាន​គោលដៅ​តែមួយ គឺ​ការពារ​ធនធានធម្មជាតិ ដែល​យើង​មាន​ឱ្យបាន​គង់វង្ស គួរ​កុំ​ប្រើ​លេស​ការចូលរួម​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ធ្វើ​របាយការណ៍​អាក្រក់ ពី​ការងារ​អភិរក្ស​ធនធានធម្មជាតិ ដើម្បី​គ្រាន់តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ស្វែងរក​ហិរញ្ញវត្ថុ​គាំទ្រ​សកម្មភាព​ខ្លួន និង​ដើម្បី​បន្តការងារ​សម្រាប់​ខ្លួន​៕​ដោយ​៖​កូ​ឡាប​

spot_img
×