Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ែរ​ចែកគ្នា​ដឹងផង​! នេះហើយ​មុខមាត់​អ្នក​ឆបោក​តាម Facebook ក្រោមរូបភាព​ផ្ញើ​សម្ភារៈ​មានតម្លៃ​ពី​បរទេស​

spot_img

​បងប្អូន​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការគាំទ្រ និង​សាទរ​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ក្នុងការ​បំបែកសំបុក​ក្រុម​ឆបោក​តាម​បណ្តាញ​សង្គម​ហ្វេ​ស៊ុ​ក ក្រោមរូបភាព​ផ្ញើ​សម្ភារៈ​មានតម្លៃ​ពី​បរទេស ដែល​កន្លងទៅនេះ​មាន​អ្នក​ចាញ់បោក​មិនតិច​នាក់​នោះទេ ដោយ​ក្នុងនោះ​ក៏មាន​អ្នក​ឈានដល់​ការសម្រេច​ធ្វើអត្តឃាត​ទៀតផង ។​

​ទាក់ទង​នឹង​ករណីនេះ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស៊ុ​ក ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​បច្ចុប្បន្ន​ជនល្មើស​មាន​ល្បិច​ច្រើន ដើម្បី​លួងលោម​បោកប្រាស់​បងប្អូន​ខ្មែរ​យើង ស្ថិតក្រោម​រូបភាព​ផ្ញើ «​សម្ភារៈ​មានតម្លៃ​» ពី​បរទេស ។​

​ពិតណាស់ ជនរងគ្រោះ​ឈ្មោះ វណ្ណ​នី ភេទ​ស្រី អាយុ ៥៥ ឆ្នាំ មុខរបរ​កសិករ រស់នៅ ឃុំ​បឹង​គ្រំ ស្រុក​ល្វាឯម ខេត្តកណ្តាល បានដាក់​ពាក្យបណ្តឹង​មក​កងរាជអាវុធហត្ថ​ស្រុក​ល្វាឯម ខេត្តកណ្តាល ប្តឹង​ពី​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Michael Johnson ដែល​ក្រោយពី​មាន​ទំនាក់ទំនង ជាមួយ​គាត់​តាម Facebook អស់​រយៈពេល​ពីរ​ខែ គឺ​ឈ្មោះ​នេះ​បានធ្វើការ​លួងលោម​បោកប្រាស់​គាត់ តាមរយៈ​ឆាត Messenger ក្រោមរូបភាព​ដើរតួ​ជា​ជនជាតិ​អង់គ្លេស ធ្វើជា​មានចិត្ត​អាណិតអាសូរ​ដល់​ជនរងគ្រោះ​មាន​ជីវភាព​ខ្សត់ខ្សោយ ហេតុនេះ​ជន​រូបនេះ​ក៏បាន​និយាយ​ធ្វើជា​ផ្ញើ​ប្រាក់ គ្រឿងអលង្កា សម្ភារៈ​ផ្សេងៗ ដើម្បី​សង់ផ្ទះ និង ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឱ្យ​ប្រសើរឡើង ។​

​បន្ទាប់មក​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ជន​ឆបោក​ខាងលើ ក៏បាន​ទាក់ទង​ជនរងគ្រោះ​ផ្ញើ​លុយ​ឲ្យ​ខ្លួន​ជា​បន្តបន្ទាប់ ជា​ថ្នូរ​នឹង​សេវា​រត់ការ​ផ្សេងៗ គិត​ជា​ទឹកប្រាក់​សរុប​អស់​ចំនួន ៨.៤៥០ ដុល្លារ​សហរដ្ឋអាមេរិក ។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង និង ការបំភ្លឺ​ដូចខាងលើ​នេះ​រួច សមត្ថកិច្ច​ក៏បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ឈ្មោះ រ៉ុ​ម សុខ​លាង ភេទ​ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដែលជា​អ្នកដើរតួ​ជា​អ្នកធ្វើការ​នៅ​ប្រៃសណីយ៍ និង ជា​អ្នក​ទៅ​ដក​ប្រាក់ ដែល​ជនរងគ្រោះ​វេរ​ប្រាក់​តាម​វី​ង (Wing) ដោយ​ដកហូត​វត្ថុតាង​រួមមាន​ម៉ូតូ ១ គ្រឿង ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1IC-7298 , ទូរស័ព្ទ​៤​គ្រឿង​, ក្រដាស់​ដក​លុយ​វី​ង​១​សន្លឹក (​ដក​មិនបាន​សម្រេច​) ។​

​ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ ក៏បាន​នាំ​សមត្ថកិច្ច​ទៅ​បន្ត​ចាប់​ឃាត់​បក្ខពួក​ខ្លួន​ចំនួន ៣ នាក់​បន្ថែមទៀត ដែលមាន​ទី​១-​ឈ្មោះ EMMANUEL SUNJAY អាយុ ៣១ ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា​, ទី​២-​ឈ្មោះ GABRIEL PHILEP អាយុ ២១ ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​ទី​៣- ឈ្មោះ លី​ធី ង្វឿ​ង​ថាវ ភេទ​ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ​វៀតណាម ។​

​សូមបញ្ជាក់ថា ជនបរទេស​ទាំង​៣​នាក់​នេះ ស្នាក់នៅ​ផ្ទះជួល​ជាមួយគ្នា​ក្នុង​បុរី «​លឹម ឈាង​ហាក់​» ស្ថិតក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ក្នុងនោះ​សមត្ថកិច្ច ចាប់យក​វត្ថុតាង​រួមមាន លេប​ថប ៣​គ្រឿង​, ទូរស័ព្ទ ៩ គ្រឿង​,​ដុំ​សម្រាប់ ប្រើ​អ៊ិន​ធើ​ណេ​ត ២ ដុំ​, ស៊ីម​កាត​មួយចំនួនធំ និង សម្ភារ​មួយចំនួនទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ និង វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាមច្បាប់ ។​

​បន្ទាប់​ធ្វើការ​ឃាត់ខ្លួន​រួច កងរាជអាវុធហត្ថ​ខេត្តកណ្តាល បាន​សហការគ្នាជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ស្រាវជ្រាវ​រកឃើញថា ជនបរទេស​ទាំងបី​នាក់​នេះ មក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា ដោយ​ខុសច្បាប់ និង​មាន​បទល្មើស​ផ្សេងទៀត ។​

ដោយមាន​ការសម្របសម្រួល​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ក្រុម​ឆបោក​ទាំង​ជនជាតិខ្មែរ និង​បរទេស​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្តកណ្តាល បានប្រគល់​ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​រួចហើយ ៕ ដោយ​៖ លឹម ហុង​

spot_img
×