Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ACU វិស័យ​ឯកជន ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​ការប្រយុទ្ធប្រឆាំង​និង​ចូលរួម​ទប់ស្កាត់​អំពើ​ពុករលួយ នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាស​បន្ត​ស្វាគមន៍ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឲ្យ​បន្ត​ចូលរួម​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដើម្បី​ពូន​ជ្រុំក​ម្លាំង​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បញ្ជាក់បន្ថែម​ថា ការប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​ទាំង​ក្នុង​វិស័យ​ឯកជន និង​សាធារណៈ សំដៅ​ធានា​នូវ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ក្នុង​ការប្រកប​ធុរកិច្ច និង​ផ្តល់​សេវាសាធារណៈ ក្នុង​គោលដៅ​លើកស្ទួយ​បរិយាកាស​វិនិយោគ​អំណោយផល​ដល់​ការប្រកួតប្រជែង​ដោយ​ស្មើភាព និង​ការរីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។​

​ក្នុង​ឆន្ទៈ​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ បាន​ពង្រីក​កាន់តែ​ក្លៀវក្លា​ក្នុង​វិស័យ​ឯកជន និង​លាតសន្ធឹង​ក្នុង​វិស័យ​សំខាន់​ពីរ​បន្ថែមទៀត គឺ​វិស័យ​ដឹកជញ្ជូន និង​វិស័យ​សេវា​ប្រឹក្សា​យោបល់​ពាណិជ្ជកម្ម ដោយ​នៅ​រសៀល​ថ្ងៃ​ទី​១៥​ខែ​មករា​ឆ្នាំ​២០១៨ ក្រុមហ៊ុន​ធំ​២​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ទើបបាន និង​កំពុង​មាន​វត្តមាន​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា គឺ​ក្រុមហ៊ុនប្គ្រេ​ប​ខេម​បូឌា ផ្តល់​សេវា​តាក់ស៊ី និង​ក្រុមហ៊ុន​ថា​យ​លី​គី​និង​ហ្គី​ប​ប៊ី​ន ខេ​ម​បូឌា ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។​

​លោក​បាន​បន្តថា ជាមួយនឹង​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា អង្គភាព​ប្រឆាំង​អំពើពុករលួយ​សង្ឃឹមថា នៅពេល​ខាងមុខ​នេះ​នឹង​បង្កើត​ទៅ​ជា​ក្លឹប​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា អាច​នឹង​ធ្វើឲ្យ​មាន​សន្ទុះ​នៃ​ការប្រឆាំង​អំពើ​ពុករលួយ កាន់តែ​ក្លាំងក្លា​ថែម​មួយកម្រិត​ទៀត​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​សហការ​ជាមួយនឹង​ក្រុមហ៊ុន សមាគម ដើម្បី​ធ្វើ​ការដោះដូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក និង​ផលវិបាក​ដែល​ក្រុមហ៊ុន​ដែល​ជួប​ការលំបាក ហើយ​នឹង​ធ្វើការ​ជាមួយគ្នា​ដើម្បី​ដោះស្រាយ​ទៅ​តាម​កម្រិត​នៃ​ការសហការ​។

​បើ​តាម​លោក​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ញត្តិ​គោល​សំខាន់​នៃ​ខ្លឹមសារ​មានចែង​ក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា គឺ​ភាគី​ក្រុមហ៊ុន ប្តេជ្ញា​ធ្វើ​ជា​ស្ថាប័ន​ស្អាតស្អំ កសាង​នូវ​វប្បធម៌​តម្លាភាព គោរព​ច្បាប់​កម្ពុជា បដិសេធ​រាល់​អំពើពុករលួយ អប់រំ​មិនឲ្យ​មាន​ការ​សូកប៉ាន់​នៅពេល​ទំនាក់ទំនង​ជាមួយ​នឹង​មន្ត្រីរាជការ អ្នកផ្គត់ផ្គង់ អតិថិជន អង្គភាព ឬ​បុគ្គល​ដទៃ និង​ចាត់​វិធានការ​ប្រុងប្រយ័ត្ន​ជាមុន​នានា ផ្តល់​ព័ត៌មាន​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ខ្លួន​មាន ហើយ​ភាគី​អង្គភាព​ប្រឆាំង​អំពើពុករលួយ សន្យា​ការពារ​សុចរិត​ភាព និង​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការប្តេជ្ញា​របស់​ភាគី​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដោយ​រក្សា​ឲ្យបាន​ដាច់ខាត​នូវ​ការសម្ងា​ត់​ពី​ប្រភព ព័ត៌មាន និង​ភស្តុតាង​ពាក់ព័ន្ធ នឹង​អំពើ​ពុករលួយ​ដែល​ផ្តល់ជូន​ហើយ​និង​បើក​ការស៊ើបអង្កេត​។​

​លោក​ឃាង សេង បានបញ្ជាក់​ថា រហូត​មក​មកដល់ពេលនេះ ធ្វើឲ្យ​ចំនួន​ការចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រុមហ៊ុន​នានា​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កើន​ដល់​៨៨ និង​មាន​វិសាលភាព​គ្រប់​ដណ្តប់​លើ​ជាង​៥០០​ក្រុមហ៊ុន​ជាតិ​អន្តរជាតិ សភាពាណិជ្ជកម្ម សមាគម និង​គ្រឹះស្ថាន​សាធារណៈ​។​

​លោក​ក៏​បាន​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ឯកជន​ទាំងអស់ បណ្តុះបណ្តាល​បុគ្គលិក​របស់​ខ្លួន ឲ្យមាន​ក្រមសីលធម៌ យល់ដឹង​ពី​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​ចូលរួម​ទប់ស្កាត់​មន្ត្រី​ដែល​មក​ទារ​លាភសក្ការៈ​ដែល​មិន​ស្រប នឹង​ច្បាប់​គ្រប់​រូបភាព ។​

​លោក ឃាង សេង បាន​ថ្លែងថា បច្ចុប្បន្ននេះ ឆន្ទៈ​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ធំ បាន​គោរព​យ៉ាង​ល្អ​រាល់​ច្បាប់​ប្រឆាំង​អំពើពុករលួយ​។ ប្រសិនបើ​គ្រប់​គ្រឹះស្ថាន​សាធារណៈ រដ្ឋ ទាំងអស់​នាំគ្នា គោរព​បាន​ត្រឹមត្រូវ​តាមច្បាប់ វា​ផ្តល់​សារប្រយោជន៍​យ៉ាងខ្លាំង ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគិន​បរទេស​បណ្តាក់ទុន​នៅ​កម្ពុជា​។ មិន​តែ​ប៉ុណ្ណោះ​ធ្វើឲ្យ​អ្នកវិនិយោគិន​ទាំងនោះ​មើល​ឃើញ​ថា​កម្ពុជា​មិនមែន​ជា​ប្រទេស ដែល​ខ្មៅ​កខ្វក់ ទៅ​លើ​អំពើពុករលួយ​។ ការដាក់ទុន​ការវិនិយោគ មក​កម្ពុជា​ជា​រឿង​មួយ ដែល​សមស្រប​សម្រាប់​ពិភពលោក និង​វិនិយោគិន​ធំៗ និង​រកស៊ី​នៅ​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​ជា​ការរក​ប្រាក់​ចំណេញ​រៀងៗ ខ្លួន​របស់​គាត់​ដោយ​គោរព​ច្បាប់​ទាំងអស់គ្នា​៕​ ​ដោយ​៖​កូឡាប​

spot_img
×