Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្រា​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់ គឺ​ពុំមាន​អ្នកស្លាប់​ទេ​ក្នុង​រយៈពេល​៣​ឆ្នាំមុន​គោលដៅ​

spot_img

​ភ្នំពេញ​៖ ព័ត៌មាន​ទទួលបាន​ពី​មជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ (CNM) បាន​ឲ្យ​ដឹងថា លោក រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​ថ្លែង​ជំរុញ​ដល់​មន្ដ្រី​សុខាភិបាល​ទូទាំងប្រទេស ត្រូវ​បន្ដ​ការខិតខំ​យក​ចិ​ត្ដ​ទុកដាក់ និង​ពង្រឹង​សកម្មភាព កំចាត់​ជំងឺគ្រុនចាញ់ ដើម្បី​ឈានទៅ​លុបបំបាត់​ជំងឺគ្រុនចាញ់ ឲ្យ​បាន​តាម​ផែនការ​កំណត់​នៅ​ឆ្នាំ​២០២៥ ដែលជា​គំនិត​ផ្តួចផ្តើម និង​គាំទ្រ​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា
​និង​បន្ដ​រក្សា​ឲ្យ​បាន​នូវ​អត្រា​មរណភាព​សូន្យ​ខណៈ​១២​ខែ​ឆ្នាំ​២០១៩​នេះ គ្មាន​ករណី​ស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​នោះទេ​។

​លោក រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែង​បែបនេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​
​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩​និង លើក​ទិសដៅ​ឆ្នាំ​២០២០ របស់​
​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​នៃ​ក្រសួងសុខាភិបាល នៅ ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ ។​

​លោក រដ្ឋមន្ដ្រី បាន​បញ្ជាក់ថា ការចូលរួមចំណែក យ៉ាងសកម្ម​ពី​មន្ដ្រី​ពាក់ព័ន្ធ​នេះ គឺជា​ភាពចាំបាច់​បំផុត ដើម្បី​សម្រេច​ឲ្យ​បាន នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​ឆ្នាំ​២០១១-២០២៥ របស់​រាជរដ្ឋាភិបាល ជាពិសេស​គឺ​ក្នុងដំណាក់កាល​ដំបូង ត្រូវ​លុបបំបាត់​ឲ្យ​បាន​នូវ​ជំងឺគ្រុនចាញ់​ប្រភេទ​ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម នា​ឆ្នាំ​២០២០​នេះ​។ លោក សាស្ដ្រាចារ្យ បាន​ថ្លែង​បន្តទៀតថា អត្រា​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់ គឺ​ពុំមាន​អ្នកស្លាប់​ទេ​ក្នុង​រយៈពេល​៣​ឆ្នាំមុន​គោលដៅ​។ លោក សាស្ដ្រាចារ្យ​បានបញ្ជាក់​ថា ចំនួន​អ្នក​ឈឺ​នៅមាន​ចំនួន​ច្រើន​ដែល​ត្រូវផ្តោត​ការយកចិត្តទុកដាក់ បន្ត​ផ្តល់​ការធ្វើ​តេស្ត​រក​ជំងឺគ្រុនចាញ់ ដោយ​ធ្វើតេស្ត​លើ​ក្រុម​ប្រជាជន ដែល​ប្រឈម​នៅតាម​តំបន់​ដែលមាន​អ្នកជំងឺ​គ្រុនចាញ់​ច្រើន​និង​ផ្តល់​ថ្នាំ​គ្រុនចាញ់​ព្យាបាល​ភ្លាមៗ​តែម្តង​ពេលធ្វើ​តេស្ត​ឃើញ​ភ្លាម ។​

​ឆ្លៀតឱកាស​ក្នុងការ​អបអរសាទរ ចំពោះ​សមិទ្ធផល​ខាងលើ លោក រដ្ឋមន្ដ្រី​
​ផ្តល់នូវ​មតិ​ណែ​នៃ​ផ្តាំផ្ញើ ក្នុង​អង្គសន្និបាត​ដូចខាងក្រោម​៖ ត្រូវតែ​បន្ត​ប្រជុំ​ក្រុមការងារ​ពិសេស​លុបបំបាត់​ជំងឺគ្រុនចាញ់​ថ្នាក់ជាតិ ក្រុមការងារ​ថ្នាក់​ខេត្ត ក្រុមការងារ​ថ្នាក់ស្រុក ឲ្យ​បាន​ទៀងទាត់ ដើម្បី​ពិនិត្យ​ស្ថានការណ៍​ជំងឺ​បាន​ទាន់ពេល និង​មាន​វិធានការ​ឆ្លើយតប​បន្ទាន់​ទើប លុបបំបាត់​ជំងឺគ្រុនចាញ់​បាន ជាពិសេស​ប្រភេទ​គ្រុនចាញ់​សន្ធំ (​ឬ Plasmodium Falciparum) ដែល​ត្រូវ​លុបបំបាត់​ឲ្យ​បាន​នៅ​ឆ្នាំ​២០២០ នេះ​ស្របតាម​យុទ្ធសាស្ត្រ​ជាតិ​។ អង្គការ​ដៃគូ​ដែល​តំណាង​ឲ្យ​ម្ចាស់ជំនួយ ទីប្រឹក្សាបច្ចេកទេស និង​ដៃគូរ​អភិវឌ្ឍន៍​ត្រូវតែ​សម្របសម្រួល និង​សហការគ្នា​ពេញលេញ​ឲ្យ​អស់​លទ្ធភាព ជាមួយ​មជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង បាណក​សាស្ត្រ ដើម្បី​ធានា​សម្រេចបាន​នូវ​សូចនាករ​លុបបំបាត់​ជំងឺគ្រុនចាញ់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ ២០២០ និង​២០២៥​។ ត្រូវតែ​ផ្តោតលើ​ប្រជាជន​ប្រឈម​ខ្ពស់ ជន​ចំណាកស្រុក អ្នក​ចូល​ព្រៃ ធ្វើយ៉ាងណា​ផ្តល់​មធ្យោបាយ​ការពារ​បង្ការ​ការចម្លង​ជំងឺ និង​ផ្តល់​សេវា​អប់រំ​សុខភាព ពិនិត្យ និង​ព្យាបាល​ជំងឺ​ឲ្យ​បាន​ឆាប់​បំផុត​ទាន់ពេលវេលា ដើម្បី​រារាំង​ទប់ស្កាត់​ការ​រាលដាល​ការចម្លង​ជំងឺ​។​

​ទន្ទឹមនឹងនេះ លោក រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ និង​មន្ទីរ​សុខាភិបាល​ទាំងអស់ ព្រមទាំង​ដៃគូ​សុខាភិបាល ដែល​បាន​ខិតខំ​បំពេញភារកិច្ច​របស់ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​សម្រេចបាន​នូវ​លទ្ធផល​ល្អ​គួរ​ជាទី​មោទនៈ​នា​ឆ្នាំ​២០១៩​កន្លងមក របស់​កម្មវិធី​ជាតិ​ទាំងបី​គឺ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម និង​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​ដង្កូវ​ព្រូន​៕ ដោយ​៖​កូ​ឡាប​

spot_img
×