Wednesday, September 22, 2021

លោក​ឧកញ៉ា ទៀ វិចិត្រ បន្ត​នាំយក​សត្វ​អណ្តើក​ទម្ងន់​ជាង​១០​គីឡូ ទៅ​លែង​ឲ្យ​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ​

​ខេត្ត​ព្រះសីហនុ​៖ អគ្គនាយក​ក្រុមហ៊ុន ជី​.​ធី​.​វី​.​ស៊ី​, ស្ពី​ដ​បូត កម្ពុជា G.T.V.C, SPEED BOAT CAMBODIA) និង​ម៉ាហ្វីយ៉ា រី​ស្សត (Mafya’s Resort) គឺ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​បន្ត​នាំយក​សត្វ​អណ្តើក​ធំ ១​ក្បាល​ទៀត យកទៅ​លែង​ឲ្យ​រស់នៅ​ក្នុងព្រៃ និង​ព្រែក​ធម្មជាតិ​វិញ បន្ទាប់ពី​ប្រជាពលរដ្ឋ បាន​នាំយកមក​ប្រគល់ជូន​រូបលោក នៅ​ដើម​សប្តាហ៍ ចុងខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​។​

​ទាក់ទិន​បញ្ហា​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ ដែលជា​ប្រធាន​ក្រុមមនុស្ស​ធម៌​អូរ​៣ (O3) ផង​នោះ មានប្រសាសន៍ថា សត្វ​អណ្តើ​កមួយ​ក្បាល ដែល​បាន​នាំយកទៅ​លែង​នាឱកាស​នេះ មាន​ទម្ងន់ ១០,២​គីឡូក្រាម ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​នាំយកមក​ប្រគល់ជូន​រូបលោក ក្នុងន័យ​ចូលរួមចំណែក​ក្នុង​ផែនការ​អភិរក្ស​សត្វ​កម្រ ដោយ​ត្រូវ​រូបលោក បាន​នាំយកទៅ​លែង​ឲ្យ​រស់នៅ​ក្នុងព្រៃ និង​ព្រែក​ធម្មជាតិ​វិញ​នៅពេលនេះ​។​

​ចំណែក ប្រជាពលរដ្ឋ ដែល​បាន​នាំយក​សត្វ​អណ្តើក​ធំ​មួយ​ក្បាល មក​ប្រគល់ជូន លោក​ឧកញ៉ា ទៀ វិចិត្រ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការនាំយក​សត្វ​អណ្តើក​មួយ​ក្បាល​មក​ប្រគល់ជូន លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​ព្រោះតែ​កន្លងមក​រូបគាត់ បានឃើញ​សកម្មភាព របស់ លោក​ឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់​ចូលចិត្ត​សត្វព្រៃ និង​ឃើញ​នាំយក​សត្វព្រៃ​ជាច្រើន​ប្រភេទ​យកទៅ​លែង​ក្នុងព្រៃ ក្នុង​បឹង អូរ និង​ក្នុង​ទឹកសមុទ្រ​ជា​បន្តបន្ទាប់ ជាពិសេស​ប្រភេទ​សត្វព្រៃ​កម្រ រួមមាន​៖ សត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ​ជាដើម​។​

​ត្រង់ចំណុច​នេះ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែលជា​បន្ត​បន្ទាប់មក​នេះ បាន​នាំយក​សត្វ​អណ្តើក និង​សត្វព្រៃ​ជាច្រើន​ប្រភេទ មក​ប្រគល់ជូន​រូបលោក ដើម្បី​នាំយកទៅ​លែង​ឲ្យ​រស់​នៅតាម​ធម្មជាតិ​វិញ​។​

​ទន្ទឹមគ្នានេះ លោក​ឧកញ៉ា ទៀ វិចិត្រ ក៏បាន​អំពាវនាវ​ដល់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​, មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​សហគមន៍​នានា ឲ្យ​ចូលរួម​ថែរក្សា​ការពារ​សត្វព្រៃ ឬ​សត្វ​កម្រ​គ្រប់​ប្រភេទ​តាមរយៈ​៖ កុំ​ប្រមាញ់ កុំ​សម្លាប់ និង​កុំ​ទទួលទាន​ចំណីអាហារ ចម្អិន​ពី​សាច់​សត្វព្រៃ ឲ្យ​បាន​ទាំងអស់គ្នា ប្រយោជន៍​រួមគ្នា​អភិរក្ស​ការពារ​សត្វព្រៃ​កម្រ ឲ្យ​សម្បូរបែប​នៅ​កម្ពុជា​៕ ដោយ​៖ ដែន សីមា​