Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារមន្ត្រីឋានៈ “កំពូលៗ” មានមហិច្ឆិតា​រំលោភដី​ចំណី​ឆ្នេរសមុទ្រ ​ខេត្តព្រះ​សីហនុ​ឆ្នេរ ពយកំពេញ​​ធ្វើ​កម្ម​សិទ្ធិ​​​​

spot_img

ខេត្តព្រះសីហនុ៖ មន្ត្រីសង្គមស៊ីវិល ​និងប្រជាពលរដ្ឋ​ខេត្តព្រះសីហនុ បានអះអាងថា មានគ្រួសារ​មន្ត្រីឋានៈ​ “កំពូលៗ”​ បាន​រំលោភ​យកដី​ចំណី​ឆ្នេរ​សមុទ្រ​ នៅតាម​តំបន់​ខ្លះ នាមូល​ដ្ឋាន​​នេះធ្វើកម្មសិទ្ធិ ពិសេសតំបន់​ឆ្នេរ​សមុទ្រ​ពយកំពេញ ​ស្ថិតក្នុង​សង្កាត់លេខ៣ ​ ដោយ​​អនុវត្ត​ខុស​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា​។

​ផ្តើមពីបញ្ហានេះ ទាំងមន្ត្រីសង្គមស៊ីវិល ​និងសាធារណជន បានសំណូមពរ​ដល់ លោក ជា សុផារ៉ា ​រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ​ឲ្យជួយ​សង្គ្រោះឆ្នេរសមុទ្រពយកំពេញ ឲ្យ​បាន​ទាន់​ពេល​​ និងមានប្រសិទ្ធភាព។

​​ប្រជាពលរដ្ឋមួយចំនួនរស់នៅ​តំបន់​ពយកំពេញ ​បានឲ្យដឹង​ថា ក្នុងចំណោមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលបាន​ប៉ុន​ប៉ង និងបាន​រំលោភ​យកដី​ចំណី​ឆ្នេរសមុទ្រតំបន់អភិវឌ្ឍ​ពយកំពេញ ធ្វើកម្មសិទ្ធិឯកជន ក៏​មាន​គ្រួសារមន្ត្រី​មាន​​ឋានៈជាសមាជិករាជរដ្ឋាភិបាលផងដែរ។

ទាក់ទិនបញ្ហានេះ លោក ស្រេង វ៉ាន់លី មន្ត្រីផ្នែកអង្កេតអង្គការលីកាដូ ប្រចាំខេត្តព្រះសីហនុ នៅ​ថ្ងៃចន្ទ ទី១៥ ខែមករា បានបង្ហាញការព្រួយបារម្ភជាថ្មីខ្លាចដីចំណីឆ្នេរសមុទ្រ​​​​តំបន់ពយ​កំពេញ ស្ថិតក្នុងសង្កាត់លេខ៣ ​​ត្រូវ​មន្ត្រី​មានអំណាច​​រំលោភយក​ធ្វើកម្មសិទ្ធិខុសច្បាប់ ដោយ​ប្រើ​អំណាច​បុណ្យ​ស័ក្តិ​ ឬតួនាទីមកគាប​សង្កត់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ក្រោម។

មន្ត្រីសិទ្ធិមនុស្សរូបនេះ បានកត់សម្គាល់ថា កន្លងមកឃើញមាន​មន្ត្រីមានឋានៈខ្ពស់ខ្លះ មិនសហការ និងបាន​មក​រារាំងសកម្មភាព​ការងារ​ស្ថាបនាពង្រីក​ផ្លូវ ចូល​ទៅតំបន់​អភិវឌ្ឍ​ឆ្នេរ​ពយកំពេញ ​របស់​ រដ្ឋបាលខេត្តព្រះសីហនុ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​​ផង ដែលនាំឲ្យផែនការអភិវឌ្ឍពង្រីកផ្លូវចូលទៅតំបន់អភិវឌ្ឍតំបន់ពយកំពេញ មាន​ការ​យឺតយ៉ាវ។

ផ្តើមពីបញ្ហានេះ ក្រុមអ្នកឃ្លាំមើល​សង្គម​មួយចំនួន បានស្នើដល់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់ ជាពិសេស ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយ​អន្តរា​គមន៍ទប់ស្កាត់សកម្មភាព ​មន្ត្រី​មាន​អំណាច ​ដែលប៉ុនប៉ង និងបាន​​រំលោភ​យកដី​ចំណី​ឆ្នេរសមុទ្រ​តំបន់​ពយកំពេញ យកធ្វើកម្មសិទ្ធិឯកជន ដោយ​ខុសច្បាប់​ កំពុងកើតមាន​រាល់​ថ្ងៃ​នេះ​ ឲ្យ​បានទាន់ពេល និងមានប្រសិទ្ធភាព។

មន្ត្រីសង្គមស៊ីវិល អះអាងថា បច្ចុប្បន្ននេះ មានគ្រួសារមន្ត្រីមានឋានៈខ្ពស់ខ្លះ ​កំពុងសាងសង់​សំណង់រឹង​មាំ​ផ្សេងៗ​ នៅជាប់​ដីចំណី​ឆ្នេរសមុទ្រ និងមាន​មន្ត្រីខ្លះ​ទៀត កាលពី​សប្តាហ៍មុននេះ បានជម្រុញ​ឲ្យម​ន្ត្រីជំនាញ​ក្រសួង​មន្ទីររៀបចំដែនដី និង​​រដ្ឋបាលខេត្តព្រះសីហនុ​ ​ចុះវាស់​ដី​ចំណី​ឆ្នេរ​សមុទ្រ រហូត​ដល់ក្នុងទឹកសមុទ្រ នៅ​តំបន់ពយកំពេញ ដោយ​ទំនងជា​អាច​ឈានទៅសម្របសម្រួល ឯកសារ​ច្បាប់ ដើម្បីស្នើសុំប្លង់កម្មសិទ្ធិ​ស្របច្បាប់​ នៅលើដីចំណីឆ្នេរសមុទ្រ និងដីក្នុងទឹកសមុទ្រ​នាតំបន់​ពយកំពេញ សង្កាត់លេខ៣ ថែមទៀតផង នាថ្ងៃ​ខាងមុខ ព្រោះ​​​អាង​អំណាច​បុណ្យ​ស័ក្តិ​ ​ក្នុងជួររដ្ឋា​ភិបាល។

​បញ្ហានេះ លោក ស្រេង វ៉ាន់លី មន្ត្រីអង្គការលីកាដូ ប្រចាំខេត្តព្រះសីហនុ បានស្នើដល់សម្តេចប្រមុខ​ដឹកនាំរាជ​រដ្ឋាភិបាល និងលោក ជា សុផារ៉ា រដ្ឋមន្ត្រី​​ក្រសួងរៀបចំដែនដី ​ព្រមទាំង លោក យន្ត មីន អភិបាល​ខេត្តព្រះ​សីហនុ​ជាដើម ជួយទប់ស្កាត់សកម្មភាព របស់បុគ្គលមានអំណាចមួយចំនួន ដែលមានមហិច្ឆិតា​ប៉ុនប៉ង រំលោភ​យកដី​ចំណីឆ្នេរសមុទ្រតំបន់ពយ​កំពេញ ធ្វើកម្មសិទ្ធិឯកជនខុសច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះ​រាជាណា​ចក្រកម្ពុជា ឲ្យបានទាន់ពេល។ ជាងនេះទៀត ក៏​ស្នើដល់សម្តេចប្រមុខដឹកនាំ និង​ថ្នាក់ដឹកនាំ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ត្រូវចុះ​អនុវត្ត​ច្បាប់ ឲ្យបានស្មើភាពគ្នា រវាង​ប្រជា​ពល​រដ្ឋ​ក្រីក្រ មន្ត្រី​រាជ​ការ​ថ្នាក់​ទាប ឈ្មួញមាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច​ ឲ្យ​បានត្រឹមត្រូវ។

​ត្រង់ចំណុចនេះ ទាំង​ប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់ទាបនាខេត្តព្រះសីហនុ បានសំណូមពរដល់ លោក ជា សុផារ៉ា ជាពិសេស សម្តេច​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជួយ​ទប់​ស្កាត់មហិច្ឆិតា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយចំនួន ដែល​​​​​ប៉ុនប៉ង និងបានរំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ​តំបន់ពយកំពេញ ធ្វើ​កម្មសិទ្ធិ​ឯកជនខុសច្បាប់​​ដោយ​ជួយ​​ដក​ហូតដីតំបន់ឆ្នេរ ដែលត្រូវរំលោភនោះ យកមក​អភិវឌ្ឍ​ជាឆ្នេរ​ខ្សាច់​ ឲ្យ​មាន​សោ​ភ័ណ​ភាព សម្រាប់​ផ្តល់​សាធារណ​ជន ឬ​ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលកម្សាន្ត​នាបណ្តាឆ្នាំខាងមុខវិញ។

​​លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តព្រះសីហនុ មានប្រសាសន៍ថា កន្លង​មកនេះ ឃើញមានសកម្មភា​អភិវឌ្ឍ​តំបន់ឆ្នេរសមុទ្រ របស់​ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដឹកនាំ​ដោយ លោក ជា សុផារ៉ា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយបានកំណត់ប្លង់មេ ឬ​ផែន​ការអភិវឌ្ឍមានដំណើរការទៅមុខ​ជាបន្តបន្ទាប់ និងបាន​អនុវត្តស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា​​បានត្រឹមត្រូវ។

ប៉ុន្តែទន្ទឹមគ្នានេះ លោក​ស្រី​ សុធារី ​បាន​កត់សម្គាល់​ថា បច្ចុប្បន្ននេះ ឃើញ​ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច​មួយចំនួន​ ​បានបន្តសង់សំណង់រឹងមាំនៅលើ​ដីចំណី​ឆ្នេរ​សមុទ្រ​នា​ខេត្ត​ព្រះ​សីហនុ ​ពិសេស​ឆ្នេរ​សមុទ្រតំបន់​អភិវឌ្ឍ​​ពយកំពេញ ក្នុងសង្កាត់លេខ៣ រំលោភយកធ្វើដកម្មសិទ្ធិ​ឯកជន​អនាធិបតេយ្យ និងមិនឃើញ​មាន​អាជ្ញាធរ​​ពីស្ថាប័នពាក់ព័ន្ធណាមួយចេញមុខ​ហាម​ឃាត់ទេ​។


​យ៉ាងនេះក្តី លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ផ្តល់សម្ភាសថា សំណង់រឹងមាំមួយចំនួន ដែល​កំពុង​សាងសង់ នៅតំបន់អភិវឌ្ឍពយកំពេញ ​សង្កាត់លេខ៣ គឺ​ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីស្ថាប័នជំនាញ។ ប៉ុន្តែ​លោកថា បើសំណង់​សង់​គ្មានច្បាប់ និងសង់ប៉ះពាល់​ដល់​ដី​ចំណីឆ្នេរសមុទ្រ ឬចាក់ដីចូលទៅក្នុងទឹកសមុទ្រ ដើម្បី​ធ្វើកម្មសិទ្ធិឯកជនខុសច្បាប់ គឺរដ្ឋបាល​ខេត្ត​ មិនអនុញ្ញាតទេ។​

​ទោះជាបែបនេះក្តី ទាំងមន្ត្រី​សង្គមស៊ីវិល ​និងប្រជាពលរដ្ឋ​​ ខេត្តព្រះសីហនុ មានមន្ទឹលថា សកម្ម​ភាព​​សង់​សំណង់​រឹង​មាំ​ជា​បឹង​កាឡូ ឬជាផ្ទះវីឡាលំហែកាយ របស់មន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យមួយចំនួន នៅ​តំបន់​ពយ​កំពេញ សង្កាត់លេខ៣ ទំនង​ជា​អាច​មានការសម្របសម្រួលឯកសារច្បាប់ ពី​ថ្នាក់ដឹក​នាំស្ថាប័ន​ពាក់​ព័ន្ធ​ឲ្យទៅជា​ស្រប​ច្បាប់​ ទើបគ្មាន​អាជ្ញា​ធរ​​ចេញ​មុខទប់ស្កាត់​ទេ។ ជាងនេះទៀតក្នុងប៉ុន្មានថ្ងៃមកនេះ គេ​សង្កេត​ឃើញមាន​​សកម្ម​ភាព របស់ ​​មន្ត្រី​ជំនាញ​ក្រសួងនិងមន្ទីររៀបចំដែនដី បានចុះទៅ​វាស់​វែងដីចំណី​ឆ្នេរ​សមុទ្រ​ចូល​ទៅក្នុងទឹកសមុទ្រ​​តំបន់​ពយកំពេញ ទៅតាមការចង្អុលបង្ហាញ របស់គ្រួសារមន្ត្រីមាន​អំណាចកំពូលៗ ដែលប៉ុន​ប៉ង​រំលោភ​យកដីចំណី​ឆ្នេរសមុទ្រ​តំបន់​ពយ​កំពេញ ឬអាច​ឈានទៅ​សម្រប​សម្រួល​កែឆ្នៃឯកសារច្បាប់ ឈានទៅ​ផ្តល់កម្មសិទ្ធិដីចំណី​ឆ្នេរសមុទ្រនេះស្របច្បាប់ក៏ថាបានដែរ​​​​។​​​

​ភាពអនាធិបតេយ្យនេះ ទាំង​មន្ត្រី​សង្គមស៊ីវិល មន្ត្រីរាជការ និងប្រជាពលរដ្ឋភាគច្រើន រស់​នៅ​ខេត្ត​ព្រះសីហនុ បាន​ សំណូមពរដល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ឲ្យជួយ​​សង្គ្រោះ​ឆ្នេរសមុទ្រ​តំបន់ពយកំពេញ ​មកដាក់ជាប្រយោជន៍រួម ពុំនោះសោតឆ្នេរសមុទ្រសាធារណៈសម្រាប់ភ្ញៀវទេសចរ និងពលរដ្ឋប្រាកដជារួមតូចទៅៗ។

ប្រជាពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចជាសង្គមស៊ីវិល សង្កេតឃើញថា ប្រសិនពុំមានអន្តរាគមន៍ទាន់ពេលពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីទេនោះ ប្រាកដជាអ្វីៗនឹងហួសពេល ហើយផលវិបាក នៃទង្វើបែបនេះ នឹងជាអម្រែកមួយដាក់ទម្ងន់បន្ថែម លើអម្រែកដ៏ច្រើនដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបាននឹងកំពុងរែកពន់រូចស្រេចហើយនោះជាក់ជាពុំខាន៕ ​ដែនសីមា

spot_img
×