Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ការ​មិន​ឲ្យ​មាន​ករណី​ជំងឺគ្រុនឈាម​បាន​ជាង​២​ម៉ឺន​ករណី ខណៈ​អាត្រា​ស្លាប់​ឆ្នាំ​២០១៩ មាន ០,០៧%

spot_img

​រាជធានី​ភ្នំពេញ​៖ ព័ត៌មាន​ទទួលបាន​ពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​នៃ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា បុគ្គល​គ្រប់រូប គឺជា​អ្នក​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន​បានល្អ​ប្រសើរ​បំផុត​ក្នុងការ​លុបបំបាត់​ជំងឺគ្រុនចាញ់ ការពារ​ជំងឺគ្រុនឈាម និង​ជំងឺ​ផ្សេងៗ​ទៀត ។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានលើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​បស់ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ ដោយ​នា​រសៀល​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ។

​នៅក្នុង​សន្និបាត​រយៈពេល​ពីរ​ថ្ងៃនេះ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ បានបង្ហាញ និង​ពិភាក្សាគ្នា​យ៉ាង​ផុលផុស​ដោយ​ពិនិត្យ​លើ​សមិទ្ធផល​ដែល​សំរេចបាន​ក្នុង​ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល រាជធានី​-​ខេត្ត និង​អង្គការ​ដៃគូ​សុខាភិបាល ដែលជា​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា សំដៅ​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ ២០២៥​។ អង្គសន្និបាត​ក៏បាន​បង្ហាញ​នូវ​ផែនការ និង​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការបន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​កម្មវិធី​ជាតិ​ទាំងបី ដោយ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់​ត្រូវ​សំរេច​នូវ​គោលដៅ​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់ និង​លុបបំបាត់​ជំងឺគ្រុនចាញ់​ប្រភេទ Plasmodium falciparum ឲ្យ​បាន​នៅ​ឆ្នាំ ២០២០​នេះ​។

​លោកស្រី​រដ្ឋលេខាធិការ​បាន​លើកឡើងថា ចំពោះ​ជំងឺគ្រុនឈាម​ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ដែល​ជំងឺគ្រុនឈាម​រាតត្បាត​ទូទាំង​សកលលោក ពិសេស​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រាប់ទាំង​ប្រទេស​កម្ពុជា​ផងដែរ ដែលមាន​ចំនួន​ករណី​សរុប ៦៨.៥៩៧​ករណី គឺ​ប្រហែល​៣​ដង​ច្រើនជាង​ឆ្នាំ​២០១៨​ដែល​មានតែ​២៤.៦៨៤​ករណី​។ តែ​សមិទ្ធផល​គួរ​ជាទី​មោទនភាព គឺ​យើង​បាន​គ្រប់គ្រង​ស្ថានភាព​បាន​យ៉ាង​ទាន់ពេលវេលា និង​ហ្មត់ចត់​បំផុត ព្រោះថា យើង​បាន​កាត់បន្ថយ​កំពូល​អត្រា​ឈឺ​បាន​៤​សប្តាហ៍​មុន​កាលកំណត់​គ្រោងទុក​ពី​សប្តាហ៍​ទី​៣២ មក​នៅ​កំពូល​ត្រឹម​សប្តាហ៍​ទី​២៨ បានន័យថា​បង្ការ​មិនអោយ​មាន​ករណី​ជំងឺគ្រុនឈាម​បាន​ជាង​២​ម៉ឺន​ករណី​។ លើសពីនេះ គឺ​អាត្រា​ស្លាប់​ឆ្នាំ​២០១៩ មាន ០,០៧% គឺ​ទាប​ជាង​ឆ្នាំ​២០១៨ ដែលមាន​រហូតដល់ ០,០៩% និង​អត្រា​០,០៧%​នេះ ក៏​ទាប​ជាង​ដែរ បើ​ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​រាប់ទាំង​ប្រទេស​ថៃ ម៉ាឡេស៊ី និង​ហ្វីលីពីន​។​

​ចំណែកឯ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​ដង្កូវ​ព្រូន នៅតែ​ធានាបាន​ការទប់ស្កាត់​មិនអោយ​មាន​ករណី​ថ្មី​នៃ​ជំងឺ​ដង្កូវ​ព្រូន​ជើងដំរី (​ឬ Lymphatic Filariasis) បន្ទាប់ពី​ក្រសួងសុខាភិបាល​បាទ​ទួល​នូវ​វិ​ញ្ញាប​ន​ប័ត្រ​ពី​អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់ថា​ជំងឺ​នេះ​លែង​ជា​បញ្ហា​សុខភាព​សារ​ធារ​ណៈ​ក្នុងប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៧​កន្លងមក​។ ជំងឺ​ស៊ី​ស្តូ​បាន​បន្ត​ថយចុះ​អត្រា​ប្រេ​វ៉ាឡង់​ពី​០,៤%​នា​ឆ្នាំ​២០១៨ មក​នៅ​០,៣%​ក្នុង​ឆ្នាំ​២០១៩ ដែល​កាន់តែ​ខិតជិត​ទៅដល់​ការលប់បំបាត់​នា​ឆ្នាំ​២០២៥​។ អត្រា​គ្របដណ្តប់​ថ្នាំ​សមូហភាព Mebendazole & Albendazole ទំលាក់​ព្រូន​ឆ្លងតាម​ដី ឆ្នាំ​២០១៩ បាន​ជាង​៩​លាន​នាក់ ស្មើនឹង​ជិត​៩០%​នៃ​ប្រជាជន​គោលដៅ គឺ​កើនឡើង​ជាង​១%​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨ ដែលជា​កត្តា​នាំអោយ អត្រា​ប្រេ​វ៉ាឡង់​ជំងឺ​ព្រូន​ឆ្លងតាម​ដី​ថយចុះ​ពី​១៩,៤%​នា​ឆ្នាំ​២០១៨ មក​នៅ ៨,៧%​ក្នុង​ឆ្នាំ​២០១៩​។​

​នៅក្នុង​ឱកាស​នេះ លោកស្រី​រដ្ឋលេខាធិការ​បាន​លើកឡើងថា បុគ្គល​គ្រប់រូប គឺជា​អ្នក​ថែទាំ​សុខភាព​របស់ខ្លួន​បានល្អ​ប្រសើរ​បំផុត ក្នុងការ​លុបបំបាត់​ជំងឺគ្រុនចាញ់ ការពារ​ជំងឺគ្រុនឈាម និង​ជំងឺ​ផ្សេងៗ​ទៀត មានន័យថា បើទោះជា​មានកម្ម​វិធី​ឫ​យុទ្ធសាស្ត្រ​ល្អ​យ៉ាងណាក៏ដោយ តែបើ​បុគ្គល​មិន​អនុវត្ត​វិធានការណ៍​ការពារ និង​ថែទាំ​សុខភាព​ផ្ទាល់ខ្លួន​ទេនោះ ជំងឺ​នឹង​ញាំញី​លើ​បុគ្គល​នោះ​។​

​ក្នុង​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ លោកស្រី​សូម​ធ្វើការ​កោតសរសើរ​ភាគី​ពាក់ព័ន្ធ​នូវ​ជោគជ័យ ដែល​គ្មាន​ករណី​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ ហើយ​អំពាវនាវ សូមអោយ​ខិតខំ​ប្រឹងប្រែង​បន្តទៀត​ដើម្បី​រក្សា​អោយបាន​នូវ​គ្មាន​ករណី​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​បន្តទៅទៀត​។ ទោះបី​យើង​បានសម្រេច​នូវ​សូចនាករ អត្រា ស្លាប់ ដោយ​ជំងឺគ្រុនចាញ់​មុន​កាលកំណត់ ៣​ឆ្នាំ ក៏ដោយ ក៏​យើង​មិនត្រូវ​ស្កប់ស្កល់​នឹង​លទ្ធផល​នេះ​ទេ ព្រោះ​យើង​នៅមាន​ភារកិច្ច​ជាច្រើន​ទៀត ដែល​ត្រូវ​អនុវត្តតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺ គ្រុនចាញ់​ឆ្នាំ​២០១១-២០២៥ របស់​រាជរដ្ឋាភិបាល ពិសេស​គឺ​ក្នុងដំណាក់កាល​ដំបូង ត្រូវ​លុប បំបាត់​ឲ្យ បាន​នូវ​ជំងឺគ្រុនចាញ់​ប្រភេទ​សន្ធំ (​ឬ ហ្វា​ល់​ស៊ី​ប៉ា​រ៉ូម​) នា​ឆ្នាំ​២០២០​នេះ ក្នុងនោះ ក្រុមការងារ​ពិ​សេ​សេ លុបបំបាត់​ជំងឺគ្រុនចាញ់​ថ្នាក់​ខេត្ត គឺជា​សោរ​គន្លឹះ​មួយ​នៃ​កាតព្វកិច្ច​សំរេច​លើ ភារកិច្ច​បេសកកម្ម លុប បំបាត់​ជំងឺគ្រុនចាញ់​ប្រចាំខេត្ត​នីមួយៗ ពិសេស​ត្រូវតែ​គ្រប់គ្រង​អោយបាន​នូវ​ស្ថិតិ​ចលនា​ប្រជាជន​ចល័ត​ចូលក្នុង​តំបន់​ប្រឈម​សំបុក​ចំលងជំងឺ​គ្រុនចាញ់ ក្នុងព្រៃ​ជ្រៅៗ ឬ​ភ្នំ​។​
​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ក្នុងការ​លុបបំបាត់​ជំងឺគ្រុនចាញ់ ក៏ដូចជា​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម បានន័យថា​ទោះបីជា ការងារ​ជំងឺគ្រុនចាញ់ ឬ​គ្រុនឈាម​ក៏ដោយ គឺ​គ្រប់​ខេត្ត​និ​មួយៗ​បាន​បង្កើត និង​មាន​ហើយ​ស្រាប់​នូវ​ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​លុបបំបាត់​ជំងឺគ្រុនចាញ់ ដែល​ក្រុមការងារ​នេះ​ត្រូវតែ​ពិនិត្យ​តាមដាន​នូវ​ស្ថានភាព​វិវត្តន៍​របស់​ជំងឺគ្រុនចាញ់ គ្រុនឈាម​ជាប្រចាំ រួច​ត្រូវតែ​ជំរុញ​ពង្រឹង​រាល់​សកម្ម​ភាពជា​យុទ្ធសាស្ត្រ​អោយមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​។​

​ត្រួតពិនិត្យ​មើល​នៅ​ការដ្ឋាន​សំណង់ កន្លែង​ធ្វើ​រថយន្ត ឬ​លក់​សំបក​រថយន្ត និង​បរិវេណ​ជុំវិញ​ផ្ទះ​ដើម្បី​លុបបំបាត់​ជម្រក​មូស​ខ្លា​សំលាប់​ដង្កូវទឹក ដែល​នេះ​ក៏​ជា​បន្ទុក​ការងារ​មួយ​ដែល​ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​លុបបំបាត់​ជំងឺគ្រុនឈាម ត្រូវតែ​ផ្តួច​ផ្តើមគំនិត និង​ចាត់វិធានការ​យ៉ាងណា​ចំពោះ​ការងារ​គ្រប់គ្រង​ភ្នាក់ងារ​ចំលង ឬ​លុ​បំបាត់​ប្រភព​កកើត​មូស​ខ្លា​ដែលមាន​នៅតាម​ការដ្ឋាន​សំណង់ កន្លង​ជួសជុល លក់ ឬ​ប៉ះ​កង់ឡាន​ម៉ូតូ ដែល​ទុក​ពាស​វា​ពាសកាល​។ លោកស្រី​លើកឡើងថា ខ្ញុំ​សូម​អនុញ្ញាត​ផ្តល់​អនុសាសន៍​ថា សម្រាប់​ការងារ​នេះ​ចាំបាច់​ត្រូវតែ​ប្រជុំ​ផ្សព្វផ្សាយ ណែនាំ អនុវត្ត គ្រប់ភាគី​ពាក់ព័ន្ធ និង​តាមដាន​ប្រសិទ្ធភាព​នៃ​ការអនុវត្តន៍​ជាប់​ជាប្រចាំ ជា​ចាំបាច់​។​
​សកម្មភាព បង្ការ ជំងឺគ្រុនឈាម គឺ​ត្រូវតែមាន​កិច្ចសហការ​ល្អ​រវាង ប្រជាពលរដ្ឋ -​អាជ្ញាធរ​ដែនដី និង​មន្ត្រី​សុខាភិបាល ដោយ ជំរុញ លើក ទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​ពី​សហគមន៍ ក៏ដូចជា​ប្រជាជន​ម្នាក់ៗ​ត្រូវ​យល់ថា “ កំចាត់​មូស​ខ្លា ឬ​បង្ការ ជំងឺគ្រុនឈាម​គឺជា​កាតព្វកិច្ច​របស់​ប្រជាជន​ម្នាក់ៗ​“ និង “ ប្រជាជន​ម្នាក់ៗ​ត្រូវ​ធានាថា ផ្ទះ របស់ខ្ញុំ គ្មាន​ដង្កូវទឹក​ទេ “ តាមរយៈ ការអប់រំ​សុខភាព​ផ្សព្វផ្សាយ អោយបាន​ញឹកញាប់​តាម​គ្រប់ មធ្យោបាយ ដែល​អាច​ធ្វើបាន​។ ថ្នាំ​អា​បែ​ត​ដែល​បាន​ត្រៀម​ផ្គត់ផ្គង់​សម្រាប់​ឆ្នាំ ២០២០ សូម ប្រធាន​មន្ទីរ សុខាភិបាល​រាជធានី​-​ខេត្ត​នីមួយៗ​ត្រូវ​ម្ចាស់ការ​ទទួលខុសត្រូវ​ចាត់ចែង​ដឹកជញ្ជូន​ទៅ​ចែក ចាយ ផ្គត់ផ្គង់​ដល់​ថ្នាក់ក្រោម​ឱវាទ និង​អន្តរាគមន៍​សម្របសម្រួល​ដាក់​ថ្នាំ​អា​បែ​ត​ចូលដល់​ក្នុង​ពាង​-​អាង ទឹក ប្រជាជន ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​លើ​ការ​គ្របដណ្តប់​ថ្នាំ និង​ក្នុងករណី ចាំ បាច់​ត្រូវ បាញ់ ថ្នាំ​សម្លាប់​មូស​គ្រប់គ្រង​ការផ្ទុះ​ជំងឺ​។ សូម​រំលឹក​ផងដែរ​ថា ការបាញ់​ថ្នាំ​មូស​ច្រើនពេក​អាច​ជំរុញ​អោ​មាន​ភាពស៊ាំ​ថ្នាំ​លើ​ពពួកសត្វ​មូស ដែល​នឹង​បង្ក​ផលវិបាក​យ៉ាងច្រើន​ក្នុងការ​សម្លាប់​មូស​ខ្លា​ឲ្យ​មាន​ប្រសិទ្ធភាព​នាពេល​អនាគត​។ លើសពីនេះ ភ្នាក់ងារ​សុខាភិបាល​ត្រូវ​ជំរុញ បំផុសប្រជាជន​ឲ្យ​មក​ទទួល សេវា​រដ្ឋ ពិនិត្យ​ព្យាបាល ត្រួតពិនិត្យ និង​ត្រៀម​មធ្យោបាយ​គ្រប់គ្រាន់ ទាំង ថវិកា សម្ភារ​បរិក្ខារ និង​សមត្ថភាព​បច្ចេកទេស ដើម្បី​ធានា​គ្រប់គ្រង​បាន​នូវ​ករណី ជំងឺ គ្រុន ឈាម​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​។ ការអន្តរាគមន៍​ជា​អាទិភាព​មួយទៀត គឺ​ចលនា​អប់រំ​សុខភាព​នៅតាម​រយៈ​សាលារៀន​ឲ្យ មាន ការចូល រួម ពី លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ដើម្បី​បញ្ចៀស​ការផ្ទុះ​រាតត្បាត​ជំងឺ​ជាយថាហេតុ​។ រួមគ្នា​បំបាត់​ជំរក​មូស​ខ្លា ជា​វិធានការ​ដ៏​ល្អប្រសើរ​បំផុត ទើប​ចៀស​ផុតពី​ការចំលង​ជំងឺគ្រុនឈាម​។​

​ចំពោះ​ការប្រយុទ្ធ​នឹង​ជំងឺ​ដង្កូវ​ព្រូន មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវតែ​ជំរុញ​បន្ត​នូវ​ការងារ​ផ្តល់​ថ្នាំ​ទំលាក់​ព្រូន ក៏ដូចជា​ការងារ​អប់រំ​សុខភាព​នៅតាម​សាលារៀន​ដូចជា ការរស់នៅ​ស្អាត ហូប​ស្អាត មាន​អនាម័យ​ល្អ ពិសេស​ដល់​សិស្សានុសិស្ស​តាម​សាលារៀន ក៏ដូចជា​សហគមន៍​។ សូម​បន្ត​រក្សា​អត្រា​គ្របដណ្តប់​ការផ្តល់​ថ្នាំ​ទម្លាក់​ព្រូន​នៅ​សាលារៀន​អោយនៅ​ខ្ពស់​លើសពី​៩០% ព្រមទាំង​ត្រូវខិតខំ​ពង្រីក​អត្រា​គ្របដណ្តប់​នៃ​ការផ្តល់​ថ្នាំ​ទំលាក់​ព្រូន​នេះ​សម្រាប់​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ដើម្បី​រួមចំណែក​លើកកម្ពស់​សុខ​ភាព​មាតា និង​កុមារ​។ កត្តា​ជោគជ័យ​លើ​ការអន្តរាគមន៍​នានា គឺ​ទាមទារ​ការសហការ​ជិតស្និទ្ធ​ជាមួយ​លោកគ្រូ អ្នកគ្រូ នៅតាម​សាលារៀន រោងចក្រ សហគ្រាស និង​សហគមន៍​ជាដើម​។​

​លោកស្រី​បាន​គូសបញ្ជាក់​ពី​ជំងឺ Covid-19 ថា មកដល់​ថ្ងៃទី​២៧ ខែកុម្ភៈ​ឆ្នាំ​២០២០ ម៉ោង​៤​រសៀល​នេះ កម្ពុជា​មិនទាន់មាន​ករណី​ជំងឺ Covid-19 ត្រូវបាន​រកឃើញ​លើ​ប្រជាជន​កម្ពុជា​នោះទេ គឺមាន​តែមួយ​ករណី​គត់​ដែល​បានកើត​ឡើងលើ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​កន្លងមកហើយ​គាត់​បានទទួល​ការព្យាបាល​ជា​សះ​ស្បេ​ី​យ​វិលត្រឡប់​ទៅ​ប្រទេស​របស់គាត់​វិញ​រួចហើយ​។ លោកជំទាវ​ក៏បាន​លើកឡើង​ពី​ការស្នើសុំ​ភាគី​ចិន​នូវ​ឯកសារ​និង​ការចែករំលែក​បទពិសោធ​ន៍​នៃ​ការព្យាបាល​ជំងឺ Covid-19 ដោយ​ប្រើ​ឱសថ Chloroquine phosphate តាមរយៈ​ការសម្របសម្រួល​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) ផងដែរ​។​

​មុននឹង​ប្រកា​សបិទ​អង្គសន្និបាត លោកជំទាវ បានផ្តល់​ជា​អនុសាសន៍​៣​ចំណុច​៖ ទី​១៖ 3R: Reduce តើ​យើង​មាន​ផែនការ​អ្វីខ្លះ ធ្វើបាន​អ្វីខ្លះ​និង​គួរ​បន្តធ្វើ​អ្វី​ទៀត​ដើម្បី​ឆ្លើយតប ។ Redefine: ពិភាក្សា​ជាមួយគ្នា​ថា​តើ​យើង​គួរ​ធ្វើ​អ្វី​ជា​បន្តទៀត​។ Reinforcement: ការពង្រឹង​និង​ជម្រុញ​សកម្មភាព​ដើម្បី​ឲ្យ​កាន់តែ​ប្រសើរ​។​
​ទី​២៖ CPR: Control ត្រួតពិនិត្យ​, Prevention ការពារ​, Response ការឆ្លើយតប​។ ទី​៣៖ Mobilize Resources ការប្រមែប្រមូល​ធនធាន និង​ប្រើប្រាស់​អោយចំ​កន្លែង​និង​តម្រូវការ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×